លក្ខណៈ មូលហេតុ និងវិធីព្យាបាលរោគមួម៉ៅ

លក្ខណៈអាការរោគមួម៉ៅ
មួម៉ៅគឺជាភាពតានតឹងអារម្មណ៍ដែលមានការរំខានដល់ផ្លូវចិត្ដ និងផ្លូវកាយ បង្កឡើងដោយសារជម្ងឺម្យ៉ាង គឺជម្ងឺស្ដ្រេស្ស បានជ្រៀតចូលក្នុងខ្លួនលោកអ្នកតាមរយៈវិញ្ញាណទាំង៥ដោយគ្មានរោគសញ្ញា ឬបង្ករោគផ្សេងដល់សរីរាង្គកាយឡើយ។ ជម្ងឺនេះ ដែលជាដើមចមធ្វើឱ្យអស់លោកអ្នកមួយចំនួនមានអារម្មណ៍តានតឹងឆាប់មួម៉ៅ និងខឹងក្រេវក្រោធ អាចឈានដល់ប្រព្រឹត្ដអំពើផ្ដេសផ្ដាស ដែលសង្គមជាតិ និងសង្គមគ្រួសារស្អប់ខ្ពើម។ ពេលខ្លះ លោកអ្នកដែលប្រឈមនឹងភាពមួម៉ៅអាចប្រើប្រាស់ពាក្យសម្ដីមិនត្រឹមត្រូវ និយាយច្រើនតែរឿងអត់ប្រយោជន៍ និងធ្វើឱ្យប៉ះពាល់ទៅលើអារម្មណ៍អ្នកដទៃទៀតផង។

លោកអ្នកដែលមានសភាពតានតឹងក្នុងអារម្មណ៍មួម៉ៅច្រើនបានបង្ហាញថា ជាមនុស្សដែលពោរពេញទៅដោយភាពខ្មាសអៀន និងខូចចិត្ដ អារម្មណ៍មានសភាពរញ៉េរញ៉ៃ គិតអ្វីមិនចេញហើយឆាប់បោះបង់គំនិតខ្លួនឯងចោលយ៉ាងឆាប់រហ័ស ចូលចិត្ដសភាពស្ងប់ស្ងាត់ និងជាមនុស្សដែលមានចិត្ដចង្អៀតចង្អល់មិនចង់និយាយស្ដីទៅកាន់អ្នកដទៃច្រើន។ ព្រោះខ្លាចគេ ឬ មិនទុកចិត្ដខ្លួនឯង ទាំងនៅកន្លែងធ្វើការ នៅផ្ទះ ឬនៅកន្លែងសិក្សាជាដើម។

មូលហេតុដែលធ្វើឱ្យមានភាពមួម៉ៅ
ភាពមួម៉ៅបង្កឡើងពីការប៉ះទង្គិចអារម្មណ៍ ជាពិសេសផ្លូវកាយ និងផ្លូវចិត្ដ តាមរយៈការទុក្ខព្រួយ គិតច្រើន មានការត្អូញត្អែរឈឺចាប់ខាងផ្លូវកាយ ធ្វើឱ្យមនុស្សផ្លាស់ប្ដូរអាកប្បកិរិយា និងចិត្ដគំនិត បន្ទាប់ពីភាពតានតឹងអារម្មណ៍វាយលុកចូលក្នុង ប្រព័ន្ធផ្លូវចិត្ដ។ ក្រោយមកទៀតមនុស្សប្រភេទនេះក្លាយជាមនុស្សឆាប់ឆេវឆាវ ឆាប់ខឹង ចិត្ដស្រាល នៅមិនស្ងៀម បង្កភាពរញ៉េរញ៉ៃ ចំពោះអ្នកដទៃ ជាពិសេសក្រុមគ្រួសារ ហើយជាមនុស្សស្ដាយក្រោយទៀតផង។

វិធីព្យាបាលភាពមួម៉ៅ
ជម្ងឺតានតឹងផ្លូវអារម្មណ៍ដែលឈានដល់ភាពមួម៉ៅនេះ ត្រូវបានជ្រើសរើសយកវិធីព្យាបាលជាច្រើនយកមកជួយអ្នកជម្ងឺ ដូចជាព្យាបាលតាមបែបបុរាណ តាមបែបវប្បធម៌ និងតាមបែបបស្ចិមប្រទេស។

ការព្យាបាលតាមវិធីបែបបស្ចិមប្រទេស ៖ គឺព្យាបាលតាមរយៈការផ្ដល់ប្រឹក្សាពីអ្នកជំនាញផ្នែកផ្លូវចិត្ដ។
ការព្យាបាលតាមបែបបុរាណ ៖ គឺព្យាបាលតាមបែបសមាធិ រម្ងាប់អារម្មណ៍ និងរកទីកន្លែងដែលស្ងប់ស្ងាត់ ដូចជា នៅតាមទីវត្ដអារាមជាដើម ឬព្យាបាលតាមរយៈការស្ដាប់ឱវាទរបស់ព្រះសង្ឃ និងដូនជីផងដែរ។
ព្យាបាលតាមបែបវប្បធម៌ ៖ គឺជាការព្យាបាលតាមការណែនាំរបស់ចាស់ព្រឹទ្ធាចារ្យ និងសាស្ដ្រាចារ្យនានា ដែលធ្លាប់មាន បទពិសោធន៍ ដើម្បីធ្វើការណែនាំឱ្យលោកអ្នកដែលមានចរិតឆេវឆាវ ឆាប់មួម៉ៅ និងខូចចិត្ដឱ្យមកកាន់ភាពប្រសើរក្នុងអារម្មណ៍ឡើងវិញ។
វិធីការពារភាពមួម៉ៅ

ដើម្បីការពារភាពមួម៉ៅកុំឱ្យជ្រៀតចូលក្នុងខ្លួនយើង ដែលបង្កជាការប្រឈមមុខផ្សេងៗនោះ លោកអ្នកត្រូវឧស្សាហ៍ ចូលរួមក្នុងសង្គមឱ្យបានច្រើន និងចូលរួមជាក្រុមជាមួយនឹងមិត្ដភក្ដិ ឬអ្នកដទៃឱ្យបានញឹកញាប់ មិនត្រូវដកខ្លួនពីការងារ និងឱ្យនៅឯកោឡើយ។ ព្រោះភាពមួម៉ៅអាចជ្រៀតចូលនៅថ្ងៃណាមួយមិនខាន អាចបណ្ដាលឱ្យចិត្ដយើងមានការភ័យខ្លាច ភាពតានតឹងអារម្មណ៍ និងភាពមួម៉ៅក៏ចាប់ផ្ដើមមានតែម្ដង។ បន្ទាប់មកត្រូវរកអ្នកប្រឹក្សាណាម្នាក់ដែលមានការទុកចិត្ដយកមកនៅក្បែរខ្លួន ដើម្បីឱ្យគេណែនាំអំពីបញ្ហាផ្សេងៗដែលកើតមានឡើង ឬបម្រុងនឹងកើតមាន។

ផលប៉ះពាល់ដែលបណ្ដាលមកពីភាពមួម៉ៅ
ភាពមួម៉ៅច្រើន ធ្វើឱ្យសរីរាង្គចុះខ្សោយ ឈឺសន្លាក់សាច់ដុំ និងឈឺក្បាល។ ពេលខ្លះវាអាចធ្វើឱ្យប៉ះពាល់ដល់របបអាហារ ទៀតផង។ តួយ៉ាងដូចជាអាហារមួយចំនួនលោកអ្នកធ្លាប់ទទួលទានឆ្ងាញ់ ឬមានរសជាតិ ក្លាយទៅជាមិនឆ្ងាញ់ ដោយសារប៉ះទង្គិច ទៅនឹងអារម្មណ៍មួម៉ៅនេះតែម្ដង។ ភាពមួម៉ៅធ្វើឱ្យប៉ះពាល់ជាការឈឺចាប់នៃរាងកាយទៀតផង។ ដោយឡែកសម្រាប់ស្ដ្រីវិញ អារម្មណ៍មួម៉ៅធ្វើឱ្យរដូវដើរមិនទៀង ឬអាក់ខាន រាំងរដូវជាដើម។ ម្យ៉ាងទៀតបើតាមវេជ្ជសាស្ដ្រវិញ លោកអ្នកដែលមានភាពមួម៉ៅច្រើនក្នុងអារម្មណ៍ធ្វើឱ្យប៉ះពាល់ដល់ប្រដាប់ឈាមរត់ ប៉ះពាល់ដល់បេះដូង មានការរអាក់រអួលក្នុងការបញ្ជូនឈាមបេះដូងដើរញាប់ ឆាប់ភ័យ ឈាមឡើងជាដើម។ លើសពីនេះវាអាចឈានដល់មានជម្ងឺស្ទះសរសៃឈាម ប៉ះពាល់ប្រដាប់ដកដង្ហើម ធ្វើឱ្យតឹងច្រមុះ ហិតក្លិនលែងដឹងស្អុយ ឬក្រអូបដូចមុនទៀតហើយ។ ផលប៉ះពាល់ផ្សេងទៀតគឺប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ក្រពះ ពោះវៀន ធ្វើឱ្យលោកអ្នកមានអាការរាករូស ដំបៅក្រពះ ដំបៅពោះវៀន ឬក៏ឧស្សាហ៍ក្អួត។ មិនតែប៉ុណ្ណោះ លោកអ្នកដែលមានភាពមួម៉ៅច្រើនក៏ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំក្បាល ឈឺក្បាល និងសាច់ដុំឡើងតឹង និងប៉ះពាល់ដល់សន្លាក់ទៀតផង។ សុខភាពប្រដាប់បន្ដពូជមានអាការនោមញឹក ហើយការរួមភេទមិនមានអារម្មណ៍ស្រួលដូចពីមុន ដោយគ្មានអារម្មណ៍ដល់កំពូល។ ចំពោះស្បែកវិញមិនមានសភាពភ្លឺរលោងដូចមនុស្សដែលមិនមានភាពមួម៉ៅក្នុងខ្លួននោះទេ។

ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកជួបនូវបញ្ហាមួម៉ៅ និងភាពតានតឹងក្នុងអារម្មណ៍ គួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីផ្ដល់ប្រឹក្សា និងទទួលយកថ្នាំមួយចំនួនលេបដើម្បីការពាររោគផ្លូវចិត្ដ ជាពិសេសអាចរកវិធីព្យាបាលផ្សេងៗមួយចំនួនទៀត តាមអ្វីដែលអាចធ្វើបាន។ បើអ្នកជម្ងឺនៅតែមានភាពតានតឹងក្នុងអារម្មណ៍ និងភាពមួម៉ៅនេះយូរអង្វែង អាចបង្កការប៉ះពាល់ទៅជម្ងឺសរសៃប្រសាទ និងជម្ងឺផ្សេងៗទៀតផង៕

ប្រភព៖ baykdang

  • លក្ខណៈ មូលហេតុ និងវិធីព្យាបាលរោគមួម៉ៅ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: