កងកម្លាំង​ជើង​ទឹក​ចិន​អាច​វ៉ា​ដាច់​អា​មេ​រិ​ក​ក្នុង​ពេល​ឆាប់​ៗ

ក្នុង​កាលៈទេសៈ​ដែល​យើង​ឃើញ​សង្គ្រាម​កើត​មាន​ជាប់​រដឹក​នោះ​ការ​វិវត្តន៍​នៃ​ការ​ប្រៀបធៀប​កម្លាំងយោធា​ក៏​នឹង​ដើរ​ទន្ទឹម​គ្នា​ដែរ​ជាមួយ​ការ​វិវត្តន៍​នៃ​ការ​ប្រៀបធៀប​កម្លាំង​សេដ្ឋកិច្ច ។

អ្នក​ជំនាញការ​យោធា​អា​មេ​រិ​កមួយ​រូប​វាយតម្លៃ​ថា កិច្ច​ការពារ​ប្រឆាំង​នាវាមុជទឹក​របស់​ចិន​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បំផុត​ដែល​នឹង​អាច​នា​ពេល​ខាង​មុខ​កម្ចាត់​ឧត្តមភាព​របស់​សហរដ្ឋ​អា​មេ​រិ​ក​ខាង​នាវាមុជទឹក ។

លោក LYLE GOLDSTEIN ជា​សាស្ត្រាចារ្យ​នៃ​សាលា​យោធា​ជើង​ទឹក NEWPOINT ក្នុង​អត្ថបទ​របស់​លោក​ផ្សាយ​តាម​ទស្សនាវដ្តី THE NATIONAL INTEREST ធ្វើការ​កត់​សម្គាល់ថា ប្រទេស​ចិន​ធ្វើការ​អភិវឌ្ឍន៍​ខាង​កម្លាំង​ជើង​ទឹក​ឆាប់រហ័ស​បែប​នេះ​ពេល​ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​បោះបង់​ចោល​ជា​បន្តបន្ទាប់​នូវ​ជំហរ​គ្របដណ្តប់​របស់​ខ្លួន​ក្នុង​វិស័យ​នេះ ។ រយៈពេល​៤ ឬ​៥​ទស​វត្ស​ចុង​ក្រោយ​នេះ ចិន​បាន​កសាង​នាវា​បាញ់​មី​ស៊ី​ល​ប្រភេទ​០៦៥ ដែល​ក្រុង​ប៉េ​កាំ​ង​ចាត់ទុកជា​នាវា​បំបាំងកាយ​ដល់​ទៅ​ជិត​២០​គ្រឿង ។ សហរដ្ឋ​អា​េ​ម​រិ​ក​អភិវឌ្ឍន៍​កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន​ពុំ​សូវ​លឿន​ឡើយ ។ ម្យ៉ាងវិញទៀត បណ្តា​នាវា​ប្រយុទ្ធ​តាម​ឆ្នេរសមុទ្រ​របស់​ចិន​មាន​លើស​នាវា​ប្រភេទ​ដូច​គ្នា​នេះ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក ។ រូបភាព​នាវា​នៃ​កង​នាវា​ចិន​បង្ហាញ​ថា នាវា​ទាំងនេះ​សម្រប​ខ្លួន​ល្អ​ចំពោះ​ការ​តស៊ូ​ប្រឆាំង​នាវាមុជទឹក​ជាង​បណ្តា​នាវា​កសាង​មុន​នេះ ។ បំពាក់​ដោយ​ប្រព័ន្ធ SONARS VDS នាវា​ទាំងនេះ​អាច​ចាប់​បាន​ប្រកបដោយ​ប្រសិទ្ធភាព​បណ្តា​នាវាមុជទឹក​ស្ថិត​នៅ​ជម្រៅ​ខុស​ៗ​គ្នា​ក្នុង​សមុទ្រ ។

សំខាន់​បំផុត​ដោយសារ​គម្រោង​០៥៦​ចិន​អាច​បំពេញ​ការ​ប្រឡោះ​ប្រហោង​សំខាន់​មួ​ួ​យ​ក្នុង​សមត្ថភាព​នាវាចរណ៍​របស់​ខ្លួន ដោយ​ប្រទេស​ចិន​ពេល​នេះ​មាន​នាវា​ល្បាត​ទាំងនោះ​មាន​តម្លៃ​ថោក មានមុខ​ងារ​ច្រើន និង​បំពាក់អាវុធ​គ្រប់គ្រាន់​ដែល​អាច​ប្រើប្រាស់​ក្នុង​ករណី​មាន​ជម្លោះ​ក្នុង​សមុទ្រ ។

ម្យ៉ាងវិញទៀត​ចិន ផលិត​យន្តហោះ​សម្រាប់​កងកម្លាំង​នាវាចរណ៍​ពិសេស​បណ្តា​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ដែល​ចាប់តាំងពី​យូរ​មក​ហើយ ស្ថិត​ក្នុង​ចំណុចខ្សោយ​របស់​កង​ម៉ា​រី​ន​ចិន ។ ឧទ្ធម្ភាគចក្រ​ធុន Z-18F របស់​ចិន​អាច​តតាំង​ជាមួយ​ឧទ្ធម្ភាគចក្រ​មានមុខ​ងារ​ច្រើន​របស់​អា​មេ​រិ​ក​ធុន SIKORSKY SH-60 SEA HAWK ដែល​ក៏​ប្រើប្រាស់​ផង​ដែរ​ប្រឆាំង​នាវាមុជទឹក ។ ឧទ្ធម្ភាគចក្រ​ធុន Z-18F អាច​ផ្ទុក​គ្រាប់បែក​បុក​៤​គ្រាប់ ព្រមទាំង​ពោង HYDROACOUSTIQUES បាន​ច្រើន​ជាង​ឧទ្ធម្ភាគចក្រ SH 60 SEA HAWK ទៀត​ផង ។ ដូច្នេះ​កងកម្លាំង​ជើង​ទឹក​អា​មេ​រិ​ក​អាច​បាត់បង់​ឧត្តមភាព​របស់​ខ្លួន ។ ម្យ៉ាងវិញទៀត ទោះជា​សហរដ្ឋ​អា​មេ​រិ​ក​មាន​នាវាមុជទឹក​ច្រើន​ប៉ុនណា​ក៏​ដោយ ក៏​មិន​សំខាន់​ណាស់ណា​ដែរ ព្រោះ​នាវាមុជទឹក​ទាំងនេះ​អាច​កម្ទេច​ដោយសារ​សមត្ថភាព​កាន់តែ​ខ្លាំង​នៃ​ការ​តស៊ូ​ប្រឆាំង​នាវាមុជទឹក ដែល​ចិន​មាន ។ មួយវិញទៀត មិន​ថា​តើ​បណ្តា​នាវាមុជទឹក​អា​មេ​រិ​ក​អាច​បំបាំងកាយ​បាន​កម្រិត​ណា​ក៏​វា​មិន​អាច​រារាំង​បណ្តា​ឧទ្ធម្ភាគចក្រ​ចិន​ចាប់​នាវា​ទាំងនេះ​បាន​ដែរ ដោយសារ​បណ្តា​ឧបករណ៍ HYDROACOUSTIQUE ជំនាន់​ចុង​ក្រោយ ។

ចិន​អាច​កសាង​នាវាចម្បាំង​ថ្មី​បាន​៤១៥​គ្រឿង
អតីត​នាយទាហាន​ស៊ើបការណ៍​ម្នាក់​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក លោក JAMES FANELLI ដែល​បច្ចុប្បន្ន​ធ្វើការ​សម្រាប់​មជ្ឈមណ្ឌល​សន្តិសុខ​សហរដ្ឋ​អា​មេ​រិ​ក តាម​សំណើ​សភា​បាន​ធ្វើការ​វិភាគ​មួយ​លើ​គម្រោង​នាវា​នៃ​កង​ម៉ា​រី​ន​ចិន ដោយ​លោក​បង្ហាញ​ពី​សក្តានុពល​កាន់តែ​ខ្លាំង​នៃ​កងកម្លាំង​នាវាចរណ៍​ចិន ។ លោក​ថា បច្ចុប្បន្ន​ចិន​មាន​កងកម្លាំង​ជើង​ទឹក​ខ្លាំង​ជាងគេ​បំផុត​នៅ​អាស៊ី ដោយ​មាន​នាវាចម្បាំង​លើ​ផ្ទៃសមុទ្រ និង​នាវាមុជទឹក​ជិត​៣០០​គ្រឿង ។

យោង​តាម​របាយការណ៍​មួយ​ថា ចិន​ពេល​នេះ​មាន​ទិស​ដៅ​ឆ្ពោះទៅ​ផ្លាស់​ប្តូរ​នាវាចម្បាំង​ទាំងអស់​ដែល​ចម្លង​តាម​បណ្តា​នាវាចម្បាំង​សូ​វៀត តាម​រយៈ​នាវាចម្បាំង​ដែល​កាន់​តែ​ធំ មានមុខ​ងារ​ច្រើន​បំពាក់​ដោយ​ឧបករណ៍​ចាប់​រក​បណ្តា​មី​ស៊ី​ល​ប្រឆាំង​នាវា​លើ​ផ្ទៃ​ទឹក ប្រឆាំង​នាវាមុជទឹក និង​ការពារ​អាកាស​ដែល​ទំនើប​ៗ ។ ចិន​ក្នុង​ឆ្នាំ​២០៣០ នឹង​អាច​មាន​នាវាមុជទឹក​ដល់​៩៩​គ្រឿង នាវា​ផ្ទុក​យន្តហោះ​ពី​៤​ទៅ​៥​គ្រឿង នាវា​ពិឃាដ និង FREGATES ១០២​គ្រឿង នាវា​វាយលុក AMPHIBIES ៧៣​គ្រឿង និង​នាវា​បាញ់​មី​ស៊ី​ល​១១១​គ្រឿង ។

ម្យ៉ាងវិញទៀត សាលា​ជើង​ទឹក​នៃ​កង​នាវាចរណ៍​អា​មេ​រិ​ក​ក្នុង​របាយការណ៍​មួយ​សម្រាប់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ពី​សមត្ថភាព​របស់​បណ្តា​នាវា​ពិឃាត​ចិន​ប្រភេទ LUYANG III (​ប្រភេទ 052D) ដែល​ចាត់​ទុក​ថា អាច​កែប្រែ​តុ​​ល្យ​ភាព​នៃ​កម្លាំង​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច ។ នាវា​ប្រភេទ 052D ដាក់​ឱ្យ​កង​ម៉ា​រី​ន​ចិន​ប្រើ​ចាប់ពី​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៤ មក រួច​នាវា​ធុន​នេះ​១១​គ្រឿង​ទៀត​កំពុង​កសាង​ក្នុង​ការដ្ឋាន​នាវា​ទាំងឡាយ​របស់​ចិន ។ នាវា​ពិឃាត​ប្រភេទ 052D មាន​ចំណុះ​៧.៥០០​តោន បំពាក់​ដោយ​រ៉ា​ដា​ទំនើប​ត្រូវ​ចាត់ទុកជា​គូប្រជែង​សំខាន់​របស់​បណ្តា​នាវា​ពិឃាត​អា​មេ​រិ​ក AEGIS ប្រភេទ ARLEIGH BURKE ។ រ៉ា​ដា​ចាប់​ប្រភេទ​៣៤៨​ជា​ប្រភេទ AESA របស់​នាវា​ពិឃាត​ចិន​នេះ​គឺ​ដូច​គ្នា​នឹង​រ៉ា​ដា AN /SPY-1 AEGIS ជាមួយ​រង្វង់​សកម្មភាព​៣៥០​គីឡូម៉ែត្រ ។ ដូច​គ្នា​នឹង​ឧបករណ៍ AEGIS នៃ​បណ្តា​នាវា​អា​មេ​រិ​ក​ដែរ រ៉ា​ដា​ប្រភេទ​៣៤៨​អាច​ជួយ​តម្រង់​គ្រាប់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ប្រឆាំង​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម ។ ដើម្បី​សម្រួល​ដល់​ការ​ចាប់​ឃើញ​យន្តហោះ​បំបាំងកាយ​អា​មេ​រិ​ក F-22 និង F-35 រ៉ា​ដា​ប្រភេទ​៣៤៨ ធ្វើ​ប្រតិបត្តិការ​រួម​ជាមួយ​ឧបករណ៍​ចាប់ YLC-20 និង DWL 002 ។ ម្យ៉ាងវិញទៀត នាវា​ពិឃាត​ចិន 052D មាន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ត្រង់ VLS មាន​គ្រាប់បែក​បុក​ប្រឆាំង​នាវាមុជទឹក​ប្រើ​ម៉ូ​ទ័​រ​កាំជ្រួច CY-5 មី​ស៊ី​ល​បណ្តែត CJ-10 អាច​បាញ់​បាន​ចម្ងាយ​២.៥០០​គីឡូម៉ែត្រ មី​ស៊ី​ល​ប្រឆាំង​នាវា VJ-18 ឬ VJ-83 អាច​បាញ់​បាន​ចម្ងាយ​ពី​២៥០​ទៅ​៥០០​គីឡូម៉ែត្រ មី​ស៊ី​ល AA បាញ់​ឆ្ងាយ HQ-9 មី​ស៊ី​ល AA រយៈ​មធ្យម DK-10A ព្រមទាំង​មី​ស៊ី​ល AA រយៈ​ខ្លី HHQ-10 ។

របាយការណ៍​នេះ​ក៏​លើក​ឡើង​ផង​ដែរ ពី​បណ្តា​រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា ការដ្ឋាន​សង់​នាវា​ចិន​មួយ​កំពុង​តែ​កសាង​នាវា​ពិឃាត​ថ្មី​ប្រភេទ 055 ចំណុះ​១៣.០០០​តោន ។

ការ​ព្រួយបារម្ភ​មួយ​សម្រាប់​ពួក​អ្នក​ជំនាញការ​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ទាក់ទិន​នឹង​សមត្ថភាព​កាន់តែ​ខ្លាំង​នៃ​នាវាមុជទឹក​ចិន​ប្រើ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​០៩៣ ចំណុះ​១១.៥០០​តោន ៕