ផ្ទុះ​២​កន្លែង​ក្នុង​ក្រុង​ព្រុ​ច​សែ​ល អ្នក​ស្លាប់​កើនឡើង​២០​នាក់ របួស​ច្រើន​នាក់

គិត​មក​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ មីនា នេះ ទីភ្នាក់ងារសារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA បាន​រាយការណ៍​ថា មានការ​ផ្ទុះ​២​កន្លែង កើត​មាននៅ​កន្លែង​រង់ចាំ​ចេញដំណើរ​នៃ​ព្រ​លាន​យន្តហោះ និង​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ប្រហែល​៩០​នាទី​ក្រោយមក ក្នុង​ក្រុង​ព្រុ​ច​សែ​ល ដោយ​របាយការណ៍​ផ្លូវការ​ជា​ជំហាន​ដំបូង និយាយ​ថា​យ៉ាង​ហោច​ណាស់​មនុស្ស​២០​នាក់​បាន​ស្លាប់ និង​របួសជា​ច្រើន​នាក់ទៀត ។

សូម​បញ្ជាក់​ថា​ស្នូរ​ផ្ទុះ​ចំនួន​២ លាន់ឮ​យ៉ាង​ខ្លាំង ចេញពី​ព្រ​លាន​យន្តហោះ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ មីនា នេះ​នៅ​ក្នុង​សាល​ផ្លូវ​អ្នកដំណើរ​ចាកចេញ នៅ​ព្រ​លាន​យន្តហោះ ។ ខណៈ​ដែល​សមត្ថកិច្ច​ប៉ូលិស និង​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាម​ៗ​ផង​ដែរ ។

រាល់​ការ​ហោះហើរ​របស់​យន្តហោះ និងរថភ្លើងទាំងអស់​ត្រូវ​ផ្អាក ហើយ​ព្រ​លាន​យន្តហោះ​ជម្លៀស​មនុស្ស​ចេញ ។ ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវដែក​មក​កាន់​ព្រ​លាន​យន្តហោះ ZAVENTEM ក៏​ត្រូវ​ផ្អាក​ដែរ ។