អាមេរិកចាត់ទុកមីយ៉ាន់ថារំលោភសិទ្ធិមនុស្សតែមិនមែនប្រល័យពូជសាសន៍ទេ

រដ្ឋាភិបាលអាមេរិក​ចាត់ទុកថា មីយ៉ាន់ម៉ា ជាប្រទេសដែលមានការធ្វើទុក្ខបុកម្នេញលើជនជាតិ​ដើមភាគ​តិចរ៉ូហ៊ីងយ៉ា​​ កាន់សាសនាឥស្លាម តែថាមិនទាន់ឈាន​ដល់បទឧក្រិដ្ឋប្រល័យពូជសាសន៍ទេ។

នៅក្នុងរបាយការណ៍ដែលក្រសួងការបរទេសអាមេរិក​ផ្ញើទៅរដ្ឋសភា​បានបញ្ជាក់ថាពួកគេមានការព្រួយបារម្ភ​យ៉ាង​ខ្លាំងករណី​រដ្ឋាភិបាលមីយ៉ាន់​ម៉ាដែលបានធ្វើទុក្ខបុកម្នេញ​លើការរស់នៅរបស់ជនជាតិ​ភាគតិច​រ៉ូហ៊ីង​យ៉ា។ ទោះយ៉ាងណារបាយការណ៍នេះបញ្ជាក់ថា  ពួកគេមិនចាត់ទុក្ខថាជាអំពើសម្លាប់រង្គៀលធំធេងឬបទឧក្រិដ្ឋប្រ​ល័យពូជសាសន៍នោះទេ។​ នេះបើតាមប្រភពសារព័ត៌មាន​ Channel News Asia។​

អាមេរិកចាត់ទុកមីយ៉ាន់ថារំលោភសិទ្ធិមនុស្សតែមិនមែនប្រល័យពូជសាសន៍ទេជនជាតិ​ដើម​ភាគតិច រ៉ូហ៊ីងយ៉ា (រូបភាពពី Reuters)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby ថ្លែងថានៅពេលដែលពួកគេរកមិនឃើញពីការធ្វើទុក្ខបុកម្នេញអ្វីផ្សេងទៀតនោះ គឺមិនអាចចាត់ទុកថាជាអំពើប្រល័យពូជសាសន៍នោះទេ។​

ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់ម៉ឺននាក់បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញចេញពីតំបន់ភាគខាងត្បូងនៃប្រទេស​មីយ៉ាន់ម៉ាតាំងមានហិង្សាសាសនាកើតឡើងកាលពីឆ្នាំ២០១២ ករណីនេះសហគមន៍អន្តរជាតិ​ជំរុញឲ្យមានការស៊ើបអង្កេតដោយពួកគេចោទថាជាអំពើប្រល័យពូជសាសន៍មានភស្តុតាងយ៉ាងច្បាស់។​

កាលពីថ្ងៃចន្ទម្សិលមិញ អង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប​ថ្លែងថាពួកគេសង្ឃឹមលើរដ្ឋាភិបាលថ្មីកើតចេញពីគណបក្សប្រឆាំងរបស់លោកស្រី​ អ៊ុង សានស៊ូជី នឹងធ្វើឲ្យស្ថានភាពប្រសើរឡើងក្នុងការចូលរួម​ទប់ស្កាត់ ចំនួនជនអន្តោប្រវេសន៍ទៅក្នុងប្រទេសថៃនិងប្រទេសផ្សេងៗទៀត។​

គណបក្សសម័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនឹងដឹកនាំរដ្ឋាភិបាលថ្មីចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ ប៉ុន្តែគណបក្សនេះក៏ទទួលការរិះគន់ដែរថាបានលើកឡើងតិចតួច​អំពីគោលនយោបាយដោះស្រាយ​ចំពោះស្ថានភាព​ជនជាតិ​ដើម​ភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅក្នុងជំរុំប្រមាណ​១៤០ ០០០នាក់​នៅក្នុងរដ្ឋ​រ៉ាឃីន៕

ប្រភពៈ VOD