ACU នឹង​ប្រកាស​លទ្ធផល​ពី​បណ្ដឹង​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៤ មីនា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ មីនា អំពី​បណ្ដឹង​របស់​ក្រុម​យុវជន​ប្រឆាំង លោក កឹម សុខា ថា​តើ​នឹង​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​ទាំង​នោះ ដើម្បី​បើក​ការ​ស៊ើប​អង្កេត ឬ​យ៉ាង​ណា? អង្គភាព​នេះ​អះអាង​ថា ត្រូវ​ការ​ពេលវេលា​ធ្វើ​កោសល្យវិច័យ​បន្ថែម​ទៅ​លើ​ខ្សែ​អាត់​សំឡេង​តាម​បច្ចេកទេស​សិន។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កោះ​ហៅ​ក្រុម​យុវជន​ដាក់​ពាក្យ​ប្ដឹង លោក កឹម សុខា ចូលរួម​ស្ដាប់​ការ​ដេញដោល​ក្នុង​ក្រុម​ការងារ​របស់​ខ្លួន មុន​នឹង​សម្រេច​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​យុវជន​ទាំង​នោះ។

នៅ​ក្នុង​បន្ទប់​ប្រជុំ​ដេញដោល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា លោក​បាន​អនុញ្ញាត​ឲ្យ​យុវជន​មួយ​ក្រុម​ចូលរួម​ស្ដាប់​ពី​បច្ចេកទេស​ច្បាប់​នៃ​ការ​វែកញែក​លើ​ពាក្យ​ប្ដឹង​រឿង លោក កឹម សុខា ទិញ​ផ្ទះ និង​ទិញ​ដី​ឲ្យ​ដៃគូ​ស្នេហា​នៅ​ក្នុង​ខ្សែ​អាត់​សំឡេង។

បន្ទាប់​ពី​មាន​ការ​ដេញដោល​ក្នុង​ក្រុម​ការងារ​របស់​អង្គភាព​ប្រមាណ ២​ម៉ោង ក្រុម​ដែល​មាន​មតិ​ប្រឆាំង និង​មតិ​ស្រប​លើ​ពាក្យ​បណ្ដឹង​នេះ លោក ឱម យ៉ិនទៀង បាន​សម្រេច​ថា ករណី​រឿង​មាន​ស្រី​របស់ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជា​តម្រុយ​ក្នុង​ការ​ស្វែងរក​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។ រីឯ​ខ្សែ​អាត់​សំឡេង អង្គភាព​ទទួល​ស្គាល់​ថា ខ្សែ​អាត់​នេះ​ជា​ខ្សែ​អាត់​ស្រប​ច្បាប់ អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ផ្លូវ​តុលាការ ហើយ​លោក​អះអាង​ថា ជា​សំឡេង​បុគ្គល​ទាំង​ពីរ​យ៉ាង​ច្បាស់។ លោក​បន្ត​ថា បើ​សិន​ជា​ការ​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​មាន​អំពើ​ពុក​រលួយ​ទិញ​ដី ទិញ​ផ្ទះ​ឲ្យ​ស្រី​កំណាន់​នោះ មិន​អាច​យក​លេស​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ មក​រារាំង​ដំណើរ​ការ​នីតិវិធី​របស់​អង្គភាព​បាន​ឡើយ៖ «ខ្លួន​បាន​លុយ​មក ខ្លួន​ទិញ​ផ្ទះ​ភ្លាម កំណើន​ផ្ទះ​មួយ​ទៀត ពន្យល់​យើង​សិន ថា​បាន​មក​ពី​ណា​ទិញ​ហ្នឹង ពន្យល់​មិន​ត្រូវ ពន្យល់​មិន​សមស្រប រឹប​អូស​យក​ផ្ទះ​មួយ​សិន ទើប​បើក​ការ​ស៊ើប​អង្កេត​មួយ​ទៀត​ថា លុយ​ហ្នឹង​មាន​ពាក់ព័ន្ធ​ពុក​រលួយ​ទេ? បើ​ពុក​រលួយ រុញ​ទៅ​កាត់​ទោស​ពុក​រលួយ។ ចឹង​ពាក់ព័ន្ធ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ទេ? សូម​ពិចារណា​មើល​កន្លែង​ហ្នឹង ព្រោះ​អត់​មាន​ពាក់ព័ន្ធ​រឿង​ឃុំ​ខ្លួន​គាត់ អត់​មាន​ទេ។ សួរ​ថា​ច្បាប់​នេះ​គ្រប​ដណ្ដប់​លើ​តំណាង​រាស្ត្រ​ឬ​អត់? វា​គ្រប​មន្ត្រី​រាជការ​សាធារណៈ។ ទី​២ មន្ត្រី​ដែល​មាន​អាណត្តិ​ដល់​ការ​បោះឆ្នោត ពីរ​ហ្នឹង​ហើយ​ធ្ងន់​ហើយ បទល្មើស​ជាក់ស្ដែង​គេ​វាយ​ខ្នោះ​ភ្លាម»

ស្រី ចំរើន ២០១៦ ៨៥៥
តំណាង​ក្រុម​យុវជន លោក ស្រី ចំរើន ដែល​ប្ដឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូលរួម​ប្រជុំ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth

លោក ឱម យ៉ិនទៀង បាន​អះអាង​ទៀត​ថា លោក កឹម សុខា បាន​ទទួល​ស្គាល់​នេះ​ជា​សំឡេង​របស់​លោក តាម​រយៈ​ឥរិយាបថ​មិន​ឆ្លើយ​ឆ្លង និង​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ គឺ​មាន​ន័យ​គ្រប់គ្រាន់ និង​ស្រប​លើ​តាម​មាត្រា​៣០១ អាច​បញ្ជាក់​ថា​ជា​សំឡេង​ពិត​របស់​លោក ប៉ុន្តែ​លោក​នៅ​តែ​ចាត់​ឲ្យ​នាយកដ្ឋាន​បច្ចេកទេស​កោសល្យវិច័យ និង​នាយកដ្ឋាន​ចារកម្ម ផ្ដល់​ឯកសារ​ឲ្យ​អង្គភាព​បន្ថែម​ទៀត ដើម្បី​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់ រួច​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្ដឹង​វិញ។ ទន្ទឹម​នឹង​គ្នា​នេះ លោក ឱម យ៉ិនទៀង ក៏​បាន​ព្រមាន​ដោយ​ប្រយោល ចំពោះ​អ្នក​ណា​ដែល​ចង់​រំដោះ​នាង ខុម ចាន់ដារាទី ហៅ ស្រី​មុំ នោះ អាច​នាំ​ទុក្ខ​ដល់​ខ្លួន។

ការ​កោះ​ហៅ​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​១៨ មីនា ដែល​ក្រុម​យុវជន​ប្រមាណ ៣០​នាក់ បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ស្រាវជ្រាវ​ករណី​រឿង​ទំនាក់ទំនង​ស្នេហា​រវាង លោក កឹម សុខា ជាមួយ​នារី​ច្រើន​នាក់។

តំណាង​ក្រុម​យុវជន​ទាំង​នោះ គឺ​យុវជន ស្រី ចំរើន បាន​ឯកភាព​ចំពោះ​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប៉ុន្តែ​នៅ​តែ​ទទូច​ឲ្យ​អង្គភាព​នេះ​កោះ​ហៅ លោក កឹម សុខា មក​បកស្រាយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​នេះ។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ មាន​មតិ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពុំ​មាន​ឯកសារ​ភស្តុតាង​គ្រប់គ្រាន់​ចោទ លោក កឹម សុខា ទាក់ទង​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ទេ។ លោក​ថា ក្នុង​ករណី​ចង់​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ ត្រូវ​ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី លោក កឹម សុខា ជា​មុន​សិន ឬ​ចាំ​ដល់​ផុត​អាណត្តិ នៅ​ពេល​លោក​ឈប់​ធ្វើ​តំណាង​រាស្ត្រ ទើប​ជា​ការ​ត្រឹមត្រូវ៖ «ខ្ញុំ​មើល​ទៅ​រឿង​នេះ​ស៊ី​សង្វាក់​គ្នា​ពេក។ បើ​សិន​ជា​ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គាត់​យក​ទុក​ដាក់​បែប​ហ្នឹង​នៅ​ទូទាំង​ប្រទេស​ទាំង​មូល ដែល​មន្ត្រី​ធំៗ​ទាំងអស់​នោះ ខ្ញុំ​មិន​ដឹង​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ណា​ទេ។ ទាក់ទង​នឹង​រឿង លោក កឹម សុខា មាន​ភស្តុតាង​អី​ផ្សេង​ទៀត​ចង់​ធ្វើ​ការ​ស៊ើប​អង្កេត​ធ្វើ​ទៅ ប៉ុន្តែ​យើង​មើល​មែន​ទែន បើ​រឿង​អ៊ីចឹង​យក​ចិត្ត​ទុក​ដាក់​ហើយ​មន្ត្រី​គណបក្ស​ប្រជាជន និង​មន្ត្រី​រដ្ឋាភិបាល គេ​មើល​ឃើញ​ផ្ទះ​រាប់​លាន កន្លែង​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​រាប់​មិន​អស់ ក្នុង​ករណី​ហ្នឹង​សុទ្ធតែ​ជា​ករណី​សុទ្ធតែ​គួរ​ឲ្យ​សង្ស័យ គួរ​អង្គភាព​ធ្វើ​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​ជាក់លាក់​ទៅ កុំ​ឲ្យ​គេ​ចោទ​ថា​លម្អៀង​នយោបាយ»

កន្លង​មក គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ការ​ស៊ើប​អង្កេត​ទាក់ទង​បញ្ហា​ពុក​រលួយ​នៅ​តាម​ច្រក​ព្រំដែន ដោយសារ​មាន​ពលរដ្ឋ​រាយការណ៍​ពី​ការ​លេច​ធ្លាយ​ព័ត៌មាន​ដូចជា បញ្ហា​ទំនិញ​គេច​ពន្ធ ការ​ទទួល​យក​សំណូក​របស់​មន្ត្រី ដោយ​បើក​ដៃ​ឲ្យ​មាន​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព និង​នាំ​ចូល​ទំនិញ​នានា ប៉ុន្តែ​អង្គភាព​នេះ​បាន​ព្យាយាម​លើក​ហេតុផល​ផ្សេងៗ និង​មិន​បាន​បើក​ការ​ស៊ើប​អង្កេត​តាម​ការ​ស្នើសុំ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។