លោក ហោ ណាំហុង ប្ដឹង​លោក សម រង្ស៊ី រឿង​បរិហារ​កេរ្តិ៍​ថា​ជា​ប្រធាន​ជំរំ​ឃុំឃាំង​បឹង​ត្របែក

លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី ជា​ថ្មី​ទៀត​អំពី​បទ​បរិហារ​កេរ្តិ៍ ទាក់ទង​នឹង​រឿងរ៉ាវ​នៅ​ជំរំ ឬ​គុក​បឹង​ត្របែក ដែល​ធ្វើ​បាប និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មិន​ទាន់​ចប់​ទេ​រហូត​មក​ដល់​ពេល​នេះ ទោះ​បី​ជា លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី បាន​សម្រេច​រហូត​ដល់​ធ្វើ​ឲ្យ លោក សម រង្ស៊ី រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ដោយសារ​បណ្ដឹង​របស់ លោក ហោ ណំាហុង កន្លង​មក​ក្ដី។

លោក ហោ ណាំហុង បន្ត​ប្ដឹង លោក សម រង្ស៊ី រឿង​បរិហារ​កេរ្តិ៍​ដែល​ថា លោក​ជា​ប្រធាន​ជំរំ​ឃុំឃាំង​នៅ​បឹង​ត្របែក កាល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មីនា បាន​ស្រង់​ប្រសាសន៍ លោក សម រង្ស៊ី ដែល​អះអាង​ថា លោក ហោ ណាំហុង ប្ដឹង​លោក​ទាក់ទង​នឹង​រឿង​ខ្មែរ​ក្រហម​ជា​ថ្មី​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា ការ​ប្ដឹង​ជា​ថ្មី​នេះ គឺ​ពាក់ព័ន្ធ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អំពី​សារ​ទូរលេខ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។

លោក សម រង្ស៊ី ដែល​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស ថ្លែង​បញ្ជាក់​អំពី​បញ្ហា​នេះ​ដោយ​ខ្លី​ថា លោក​មិន​មាន​សេចក្ដី​អធិប្បាយ​អ្វី​លើស​ពី​នេះ​ទេ ព្រោះ​លោក​ជាប់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ឯកសារ​ផ្ទៃ​ក្នុង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើប​តែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​មាន​ខ្លឹមសារ​ថា «លោក ហោ ណាំហុង បាន​វិល​មក​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ហើយ​គាត់​រួច​ពី​ការ​ស្លាប់ ព្រោះ​គាត់​ធ្លាប់​រៀន​សូត្រ​ជាមួយ អៀង សារី។ គាត់​បាន​ក្លាយ​ទៅ​ជា​មេ​ជំរំ (ឬ​គុក) បឹង​ត្របែក ហើយ​គាត់​ព្រម​ទាំង​ភរិយា​គាត់ បាន​សហការ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​មនុស្ស​ជាច្រើន ដែល​ជាប់​ឃុំឃាំង​នៅ​ទីនោះ»

ទាក់ទង​នឹង​ការ​ប្ដឹងផ្ដល់​ថ្មី​នៅ​តុលាការ​ប៉ារីស ប្រទេស​បារាំង នេះ មេធាវី​របស់ លោក ហោ ណាំហុង គឺ​លោក ការ សាវុត្ថ ថ្លែង​នៅ​ថ្ងៃ​ទី​២២ មីនា ថា លោក​មិន​បាន​ជ្រាប​អំពី​ការ​ដាក់​ពាក្យ​ប្ដឹង​ថ្មី​របស់ លោក ហោ ណាំហុង នៅ​ប្រទេស​បារាំង នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ទេ។ ខ្ញុំ​អត់​បាន​ដឹង​ផង ឃើញ​ខាង​ណា​នោះ​តេ​មក​សួរ​ខ្ញុំ​ដែរ ខ្ញុំ​អត់​បាន​ដឹង។ បើ​ដាក់​នៅ​ស្រុក​បារាំង មេធាវី​បារាំង ហើយ មិន​មែន​ខ្ញុំ​ទេ»

រឿងរ៉ាវ​ប្ដឹងផ្ដល់ លោក សម រង្ស៊ី អំពី​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង បាន​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ពេល​ដែល លោក សម រង្ស៊ី ចោទ​ប្រកាន់ លោក ហោ ណាំហុង ថា​ជា​ប្រធាន​ជំរំ​ឃុំឃាំង ឬ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។ លោក ហោ ណាំហុង ថា​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ព្រោះ​បង​ប្អូន និង​សាច់ញាតិ​របស់​លោក​ជាង ៣០​នាក់ ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ដែរ។

ពេល​ដែល​អ្នក​កាសែត​មួយ​ចំនួន​សួរ លោក សម រង្ស៊ី ថា តើ​លោក​ព្រម​សុំ​ទោស លោក ហោ ណាំហុង ឬ​ទេ ដើម្បី​ឲ្យ​រួច​ផុត​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍? លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថា «លោក ហោ ណាំហុង ទេ​ដែលត្រូវ​សូម​ទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដែល​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់ បន្ទាប់​ពី​យក​ចេញ​ពី​គុក​បឹង​ត្របែក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារ​តែ លោក ហោ ណាំហុង នេះ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម ហើយ​បាន​មួលបង្កាច់​ជន​ស្លូត​ត្រង់ ដើម្បី​យក​ចិត្ត​ពួក​ខ្មែរ​ក្រហម ហើយ​រួច​ខ្លួន​ចំពោះ​រូប​គាត់ (ហោ ណាំហុង ហៅ​មិត្ត យ៉ែម) និង​ក្រុម​គ្រួសារ​គាត់»

ក្នុង​រឿង​ក្ដីក្ដាំ​បរិហារ​កេរ្តិ៍​នេះ លោក សម រង្ស៊ី បាន​ឈ្នះ​ក្ដី​នៅ​សាលា​ឧទ្ធរណ៍​ប្រទេស​បារាំង។ ដោយឡែក​តុលាការ​កម្ពុជា ផ្ដន្ទាទោស លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ប៉ុន្តែ លោក សម រង្ស៊ី មិន​បាន​ជាប់​ពន្ធនាគារ​នោះ​ទេ ដោយ​លោក​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។