អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ ពាក់ព័ន្ធ​នឹង​ការ​រក្សា​សារធាតុ​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង។ ការ​ទទូច​នេះ គឺ​នៅ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ព្រះសង្ឃ​ទាំង ២​អង្គ តែ​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ។

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​នៅ​ពេល​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបាក់​ស្មារតី​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទូទៅ។

ព្រះសង្ឃ​ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ព្រះ​កាយ​ផ្សឹក​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៥ នៅ​វត្ត​អង្គ​តា​មិញ ហៅ​វត្ត​គោក​ចំបក់ ដោយ​ចោទ​ប្រកាន់​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​រក្សា​សារធាតុ​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង។ ព្រះសង្ឃ​ទាំង ២​អង្គ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាំង​ពី​ពេល​នោះ​មក ហើយ​ទើប​ត្រូវ​បាន​នាំ​ខ្លួន​មក​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បាន​ចូលរួម​ស្តាប់​ការ​ជំនុំ​ជម្រះ​របស់​តុលាការ​អស់​រយៈពេល​ជិត ៣​ម៉ោង នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា តុលាការ​ពុំ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ព្រះសង្ឃ​ទាំង ២​អង្គ​ឡើយ ដោយ​ហេតុ​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​អះអាង​ថា​ឆែកឆេរ​រក​បាន​ក្នុង​កុដិ​របស់​ព្រះអង្គ រួម​មាន​ថ្នាំ​ញៀន ពូថៅ កាំបិត ដាវ ដំបង ខោ​ទ្រនាប់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​ព្រះសង្ឃ ២​អង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​ទទួល​យក​វត្ថុ​តាង​ទាំងអស់​នេះ​ទៅ​វិញ។

លើស​ពី​នេះ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ដើម​ចោទ​ជា​និស្សិត​រស់នៅ​ក្នុង​កុដិ​ជាមួយ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ព្រះសង្ឃ ២​អង្គ​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់ ក៏​បាន​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​រួច​ហើយ​ដែរ ភ្លាមៗ​ក្រោយ​ពី​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ព្រះសង្ឃ​ទាំង ២​អង្គ ហើយ​ដើម​ចោទ​បាន​ប្រាប់​ព្រះសង្ឃ​ថា រូប​គេ​មិន​មាន​ចេតនា​ប្ដឹង​នោះ​ទេ តែ​ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹង។

លោក សឺន ជុំជួន ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ស្នើ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ៖ «ខ្ញុំ​ថា​ជា​ចេតនា​ចង់​បង្ហាញ​នូវ​ការ​គំរាម​កំហែង​ក្នុង​ការ​ចូលរួម​ផ្សេងៗ​របស់​ព្រះសង្ឃ ២​អង្គ ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម ពិសេស​កិច្ចការ​នយោបាយ​ក្នុង​សង្គម ដោយសារ​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ដោយសារ​លោក​ពាក់ព័ន្ធ​នឹង​ព្រះតេជព្រះគុណ សឺន ហាយ ដោយសារ​តេជគុណ សឺន ហាយ ជា​ជន​ជាប់​ចោទ​មួយ​រូប​ដែរ វា​ជា​រឿង​បំបាក់​ស្មារតី​មួយ​ទៅ​ថ្ងៃ​អនាគត»

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ជំនុំ​ជម្រះ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​១ មេសា។

មេធាវី​ការពារ​ក្តី​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម លោក ហម ស៊ុនរិទ្ធិ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្រោយ​សវនាការ ប៉ុន្តែ​ក្នុង​ពេល​ជំនុំ​ជម្រះ លោក​បាន​ស្នើ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​កូន​ក្តី​លោក ដោយ​សំអាង​ថា ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​រក​វត្ថុ​តាង កូន​ក្តី​លោក​មិន​នៅ​កន្លែង ពួក​គេ​គ្មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿង​ញៀន ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​ទទួល​យក​វត្ថុ​តាង មិន​មាន​ចេតនា​សម្លាប់ ហើយ​ដើម​បណ្ដឹង​ពួក​គេ​ក៏​ថែម​ទាំង​បាន​ដក​ពាក្យ​បណ្ដឹង​ទៅ​វិញ ជាដើម។

ចំណែក​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ក្នុង​សម្លៀកបំពាក់​ជា​ជន​ជាប់​ចោទ បាន​ស្រែក​ពេល​សមត្ថកិច្ច​ចាប់​ច្រក​បញ្ចូល​ឡាន​ដឹក​ទៅ​កាន់​ពន្ធនាគារ ទាមទារ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់៖ «អាត្មា​សង្ឃឹម​ថា​តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​អាត្មា»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤ មក មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ៥​អង្គ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ខ្មែរ​ចាប់​ខ្លួន ក្នុង​នោះ​មាន​អតីត​ព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រម​ទាំង​ព្រះសង្ឃ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ពេល​នេះ។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​ឆាយា​ក្លែងក្លាយ បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ចូលរួម​សមាគម​ទុច្ចរិត បទ​គំរាម​សម្លាប់ និង​ការ​រក្សា​សារធាតុ​ញៀន។ មក​ទល់​ពេល​នេះ មាន​តែ​ព្រះសង្ឃ​ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដែល​កំពុង​ជាប់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។