បក្ស​ប្រឆាំង​អស់​សំណើច​ចំពោះ​លិខិត​របស់​រដ្ឋ​សភា​ផ្ញើ​ឲ្យ​លោក កឹម សុខា

គណបក្ស​ប្រឆាំង​ចាត់​ទុក​លិខិត​របស់​រដ្ឋសភា​ដែល​ឲ្យ​លោក កឹម សុខា បំភ្លឺ​ពី​រឿងរ៉ាវ​ស្នេហា​តាម​ទូរស័ព្ទ​ជាមួយ​ស្រី​ក្មេង​នោះ ថា​ជា​រឿង​អស់​សំណើច ប៉ុន្តែ​អគ្គលេខាធិការ​នៃ​រដ្ឋសភា​លើក​ឡើង​ថា ការ​ធ្វើ​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់។ រី​ឯ​អ្នក​វិភាគ​នៅ​តែ​យល់​ថា រដ្ឋសភា​មិន​មាន​តុល្យភាព និង​ឯករាជ្យ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ការ​ចេញ​លិខិត​មួយ​របស់​អគ្គលេខាធិការ​រដ្ឋសភា ឡេង ប៉េងឡុង គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។

ការ​ចាត់​ទុក​លិខិត​របស់​រដ្ឋសភា​ជា​រឿង​អស់​សំណើច​នេះ នៅ​បន្ទាប់​ពី​រដ្ឋ​សភា​បាន​បញ្ជូន​ញត្តិ​ដែល​ទទួល​បាន​ពី​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​នោះ មិន​ដល់​មួយ​សប្ដាហ៍​ផង​នោះ ផ្ញើ​ជូន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឆ្លើយ​បំភ្លឺ​រឿងរ៉ាវ​ស្នេហា​ដែល​បែក​ធ្លាយ​នោះ។

​វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​លោក កឹម សុខា ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ប៉ុន្តែ​កន្លង​មក គណបក្ស​នេះ​បាន​ប្រកាស​មិន​ឆ្លងឆ្លើយ​ពី​ករណី​នេះ​ឡើយ ដោយ​បញ្ជាក់​ថា ទុក​ពេល​គិតគូរ​ពី​បញ្ហា​សំខាន់​ផ្សេងៗ​ដែល​ជា​អាយុ​ជីវិត​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​វិញ។

លិខិត​របស់​រដ្ឋ​សភា​បញ្ជាក់​ថា ញត្តិ​នោះ​ធ្វើ​ឡើង​ដោយ​លោក ស្រី ចំរើន ដែល​អះអាង​ថា ជា​តំណាង​យុវជន និង​និស្សិត ស្នើ​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ឆ្លងឆ្លើយ​ស្នេហា​ដែល​គេ​សង្ស័យ​ថា សំឡេង​របស់​ភាគី​ខាង​បុរស គឺ​ជា​សំឡេង​របស់​លោក កឹម សុខា។

អគ្គលេខាធិការ​នៃ​រដ្ឋសភា​លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា រដ្ឋសភា​ធ្វើ​បែប​នេះ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ដែល​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ«យើង​រង់ចាំ​ចម្លើយ​របស់​គាត់។ ចម្លើយ​របស់​គាត់​បកស្រាយ​លាយលក្ខណ៍​ជា​អក្សរ​ក៏​បាន ចង់​ឆ្លើយ​ផ្ទាល់​មាត់​ក៏​បាន ស្រេច​តែ​គាត់​ទេ។ យើង​ចាំ​ទទួល​ប៉ុណ្ណឹង​ដើម្បី​រាយការណ៍​ជូន​យុវជន​វិញ ទោះ​ទទួល​បាន ឬ​មិន​បាន​ក្តី។ លិខិត​នេះ គឺ​មិន​មែន​យើង​ធ្វើ​តាម​ការ​នឹក​ឃើញ​ដោយ​មនោសញ្ចេតនា​អី​ទេ គឺ​យោង​តាម​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ»

​ទន្ទឹម​គ្នា​នេះ លោក​បន្ថែម​ថា រដ្ឋសភា​មិន​មែន​យក​ចិត្ត​ទុក​ដាក់​តែ​លើ​រឿង​និស្សិត​និង​យុវជន​នេះ ដូច​ការ​ចោទ​ឡើយ ពោល​គឺ​រដ្ឋសភា​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គ្រប់​រឿង​គ្រប់​វិស័យ​ទាំង​អស់។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា រដ្ឋ​សភា​ហាក់​សកម្ម​តែ​រឿង​ទាក់ទង​នឹង​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង។ ចំណែក​រឿង​ប្រយោជន៍​សាធារណៈ ដូចជា​រឿង​ដីធ្លី ហាក់​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ ហើយ​បញ្ហា​ព្រំដែន​ដែល​កន្លង​មក​បក្ស​ប្រឆាំង​ធ្លាប់​ស្នើ​សុំ​បំភ្លឺ​ដែរ​នោះ បែរ​ជា​ស្ងប់ស្ងាត់។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា រឿង​នេះ​រដ្ឋ​សភា​ហាក់​មិន​មាន​តុល្យភាព​គ្នា​នៃ​សំណើ​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច្នេះ​វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ«អ្នក​នយោបាយ​ខ្មែរ​យើង​តែង​តែ​បូក​ចូល​គ្នា​ជាមួយ​រឿង​បុគ្គល និង​រឿង​នយោបាយ អា​ការ​ពាក់ព័ន្ធ​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មហាជន​មើល​ឃើញ​ភាព​ជាក់លាក់​ណា​មួយ​របស់​រដ្ឋសភា ដែល​តែង​តែ​យក​រដ្ឋធម្មនុញ្ញ​មក​អនុវត្ត​ប្រើប្រាស់​ដោយ​មិន​សមស្រប​នោះ។ អ៊ីចឹង​ថ្ងៃ​ក្រោយៗ​ទៀត ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា»

បើ​ទោះ​បី​ជា អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​លប​ថត​សំឡេង​សន្ទនា និង​បន្ត​បង្ហោះ​ចែកចាយ​ព្រោងព្រាត​នោះ គឺ​ខុស​ច្បាប់​ជាតិ អន្តរជាតិ និង​ផ្ដល់​នូវ​ផល​វិបាក​ដល់​សង្គម​ក​ក៏ដោយ ប៉ុន្តែ​សំឡេង​សន្ទនា​ឯកជន​ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹម សុខា និង​ស្ត្រី​កំណាន់​ចិត្ត​នោះ នៅ​តែ​មាន​បន្ត​ផ្សព្វផ្សាយ​ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ​ថា រឿង​ពិត CNRP ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​បញ្ឈប់ និង​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត និង​ផ្សព្វផ្សាយ​សំឡេង​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។