សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​កំពត​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អភិបាល​ខេត្ត​កំពត ថ្មី ឱ្យ​ដោះស្រាយ​បញ្ហា​ចោទ​មួយ​ចំនួន​ដែល​បន្សល់​ទុក​ពី​អភិបាល​ខេត្ត​ចាស់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ចាន់ ចេស្ដា ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​កំពត​ថ្មី នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ជំនួស​លោក ខូយ ឃុនហ៊ួរ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការងារ​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កំពត ជំរុញ​ឱ្យ​អភិបាល​ខេត្ត​កំពត ថ្មី ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ។ បញ្ហា​ទាំង​នោះ​រួម​មាន ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នឹង​អ្នក​មាន​អំណាច បញ្ហា​សន្តិសុខ បញ្ហា​ចំណាកស្រុក និង​បញ្ហា​ការ​ចាក់​ដី​ធ្វើ​កំពង់ផែ​ដែល​ប៉ះពាល់​ដល់​សហគមន៍​នេសាទ។

ប្រធាន​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត អ្នកស្រី អ៊ូច បូ មាន​ប្រសាសន៍​ថា បញ្ហា​ក្ដៅ​ដែល​កំពុង​កើត​ឡើង និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត គឺ​ទំនាស់​ដីធ្លី។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ក្នុង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​នេះ ត្រូវ​បាន​អ្នក​មាន​លុយ និង​មាន​អំណាច រំលោភ​យក​ដីធ្លី​របស់​ពួកគាត់៖ «»។

ស្រដៀង​គ្នា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក សេត វណ្ណៈ យល់​ឃើញ​ថា បញ្ហា​ធំ​ជាង​គេ​ដែល​អភិបាល​ខេត្ត​កំពត​ថ្មី​ត្រូវ​ដោះស្រាយ គឺ​រឿង​ទំនាស់​ដីធ្លី។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ អះអាង​ថា មូលដ្ឋាន​ដែល​មាន​ទំនាស់​ខ្លាំង​ជាង​គេ គឺ​នៅ​ក្នុង​ស្រុក​ឈូក ដែល​មាន​ក្រុមហ៊ុន និង​បុគ្គល​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

លោក សេត វណ្ណៈ បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​មាន​ទំនាស់​មិន​ត្រឹមតែ​ទទួល​រង​ការ​រំលោភ​បំពាន​ដីធ្លី​តែមួយ​មុខ​នោះ​ទេ ប៉ុន្តែ​ត្រូវ​រង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ទៀត​ផង នៅ​ពេល​ដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ទាមទារ​កម្មសិទ្ធិ​របស់​ពួកគេ​មក​វិញ៖ «»។

អភិបាល​ខេត្ត​កំពត ថ្មី លោក ចាន់ ចេសា្ត ត្រូវ​បាន​តែងតាំង​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ក្រោម​អធិបតីភាព​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ លោក ចាន់ ចេស្តា បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ចូល​កាន់​តំណែង​នៅ​ចំពោះ​មុខ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ជិត ៣០០​នាក់ នៃ​ក្រសួង​មហាផ្ទៃ និង​សាលា​ខេត្ត​កំពត។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ចាន់ ចេស្ដា មិន​បាន​សន្យា​ជាក់លាក់​អ្វី​ឡើយ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត ក្រៅ​តែ​ពី​ប្ដេជ្ញា​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល។

នៅ​ក្នុង​ពិធី​តែងតាំង​អភិបាល​ខេត្ត​កំពត ថ្មី នាយករដ្ឋមន្ត្រី​ស្ដីទី លោក ស ខេង ក៏​បាន​លើក​ឡើង​ដែរ​ថា បញ្ហា​ទំនាស់​ដីធ្លី​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «»។

ក្រៅ​ពី​នេះ លោក ស ខេង ថ្លែង​ថា លោក​ចង់​ឃើញ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​នឹង​អ្នក​មាន​លុយ​មាន​អំណាច​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​នៅ​សល់​តិច​តូច​បំផុត និង​ឈាន​ដល់​ការ​បញ្ចប់​ទាំង​ស្រុង​តែម្ដង​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។