ភរិយា​លោក​សម រង្ស៊ី ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​IPU ទទួល​បន្ទុក​អភិវឌ្ឍន៍

ភរិយា​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​ជា​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ គឺ​អ្នកស្រី ជូឡុង សូមូរ៉ា ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​សហភាព​អន្តរ​សភា (IPU)។

ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ មីនា ថា អ្នកស្រី ជូឡុង សូមូរ៉ា ត្រូវ​បាន​អង្គ​សន្និបាត​តំណាង​ឲ្យ​១៧០​ប្រទេស និង​ស្ថាប័ន បោះឆ្នោត​ជា​ប្រធាន​គណៈកម្មការ​សហភាព​អន្តរ​សភា ទទួល​បន្ទុក​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម។

ពេល​ថ្មី​ៗនេះតំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ពីរ​រូប​គឺ​អ្នកស្រី ឡោក ខេង ជាប់​ឆ្នោត​ជា​សមាជិកា​គណៈកម្មការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៃ​​សហភាព​អន្តរ​សភា។ រីឯ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជាប់​ឆ្នោត​ជា សមាជិក​ក្រុមប្រឹក្សាភិបាល​វេទិកា​តំណាងរាស្ត្រ​វ័យក្មេង​នៃ​​សហភាព​អន្តរ​សភា​ផង​ដែរ។

សហភាព​អន្តរ​សភា​ជា​ស្ថាប័ន​សភា​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល ដែល​មាន​សមាជិក​បច្ចុប្បន្ន​ចំនួន ១៦៧​ប្រទេស និង​សមាជិក​ដែល​ស្ថាប័ន​រដ្ឋសភា​ចំនួន​១០។ ស្ថាប័ន​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​ធ្វើ​ការ​លើ​ការ​សន្ទនា​រវាង​សភា​នៅ​ទូទាំង​ពិភពលោក សម្រាប់​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ និង​ការ​បង្កើត​ឲ្យ​រឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។