ចិន ដាស់តឿន​កូរ៉េខាងជើង​កុំ​ឲ្យ​បំពាន​សេចក្តីសម្រេច​អង្គការសហប្រជាជាតិ​

​បើទោះបីជា​សហគមន៍​អន្តរជាតិ បន្ថែម​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៅលើ​កូរ៉េខាងជើង​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មិនមាន​ការ​ថមថយ​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឡើយ​។ ជំនួស​ដោយ​វិធាន​ក្តៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដាស់តឿន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កុំ​ឲ្យ​បំពាន​នឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​។​

​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​២១ ខែមីនា ម្សិលមិញ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​មិន​ឲ្យ​បន្ត​បំពាន​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់​ទៅកាន់​សមុទ្រ​ខាងកើត​នៃ​ប្រទេស​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រ៉ូ​ដុង​នៅ​ថ្ងៃ​សុក្រ​សបា្តហ៍​មុន​ផងដែរ​នោះ​។​

« ចិន ពិតជា​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ យើង​សង្ឃឹមថា កូរ៉េខាងជើង ធានា​ឲ្យ​បាន​នូវ​សកម្មភាព​របស់ខ្លួន​ដោយ​មិន​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​»​។ នេះ​គឺជា ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying ក្នុងឱកាស​នៃ​សង្ខេប​ព័ត៌មាន​ប្រចាំ​។

​អ្នកនាំពាក្យ​ដដែល ក៏បាន​ទទូច​ឲ្យ​រដ្ឋ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​ចៀស​ឲ្យ​បាន​រាល់​សកម្មភាព​ផ្សេងៗ​ដែល​អាច​រីក​រាលដាល​ដែល​បង្ក​ឲ្យ​មានការ​ប្រឈមមុខ និង​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​