​ប្រយ័ត្ន! គួរតែ​ពិនិត្យ​​លើទំនិញ​​កំពុងប្រើប្រាស់​សព្វថ្ងៃ​​​​​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ចុះ​ចាប់​ទំនិញ​ក្លែង​ក្លាយជា​ច្រើន​ប្រភេទ មាន​ដូច​ជា កាហ្វេ​, តែ​, ទឹកត្រី​, ស្រា និង​ផលិតផល​ផ្សេង​ៗ​ទៀត ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ទាំង​ទំនិញ​ផុតកំណត់​កាល​ប​រិច្ឆេទ​ប្រើប្រាស់​រាប់រយ​គីឡូក្រាម ហើយ​ក៏​បាន​ឃាត់ខ្លួន​មិត្តភក្ដិ​ម្ចាស់​ទីតាំង​ម្នាក់​ជា​ជនជាតិ​វៀតណាម ​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​​​បទល្មើស​សេដ្ឋកិច្ច ដើម្បី​សាកសួរ​ផង​ដែរ ។ រឹបអូស​កាហ្វេ​ក្លែងក្លាយ​ជាង​៣០០​កេស​នាំ​ចូល​ពី​វៀតណាម

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៩-២០ ស្ថិត​នៅ​បុរី​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ទំនិញ​ដែល​បង្ក្រាប​នេះ មាន​ជា​ច្រើន​ប្រភេទ​ដែល​មាន​ទម្ងន់​រាប់រយ​គីឡូក្រាម និង​បាន​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​មិន​មានការ​គិតគូរ​ទេ​នោះ ។ ទំនិញ​ទាំងនោះ ត្រូវ​គេ​ស្តុក​សម្រាប់​ចែកចាយ​ទៅ​តាម​ទីផ្សារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ។

ទំនិញ​ទាំងនោះ ត្រូវ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​ផុត​កាលបរិច្ឆេទ​កំណត់​ក្នុង​ការ​ប្រើប្រាស់ ។ ប្រភព​ដដែល​បន្ត​ថា កម្លាំង​បាន​ដកហូត​រួម​មាន​ទំនិញ​ខាងលើ​មាន​, កាហ្វេ​ម៉ាក Vina Cafe ចំនួន​៣៨៨​កេស ស្មើរ​និង​៤១៥១​គីឡូក្រាម (​ហួស​រយៈពេល​ប្រើ​ប្រាស់​) តែ​ម៉ាក​Coolea ចំនួន​៧០​កេស ស្មើរ​និង​៥៦០​គីឡូក្រាម​, មេស្រា​ចំនួន​៤០​ដប​, ម៉ាស៊ីន​វេច​ខ្ចប់​ចំនួន​២​គ្រឿង​, និង​ម៉ាស៊ីន​ចំហុយ​​ស្រា​១​គ្រឿង ។

បន្ទាប់​មក បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។ ដោយឡែក​វត្ថុ​តាង​ក្រៅពី​នេះ សម្រេច​​​ចាក់សោ​ផ្លុំ​បេ​ទុក​នៅ​ក្នុង​ទីតាំង​ខាងលើ ព្រមទាំង​មិត្តភក្ដិ​ម្ចាស់​ទីតាំង​ជនជាតិ​វៀតណាម​ម្នាក់ យក​ទៅ​ធ្វើការ​សាកសួរ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។