បើមានសង្សារហើយ​នៅទាក់ទងគ្នា ​រៀបការជាមួយ​បងធ្វើអី ?

ខេត្តកំពង់ធំ ៖ ​អាវាហមង្គលមួយបានបង្កការភ្ញាក់ផ្អើល​ដោយសារកូនក្រមុំរត់ចោលរោងការទៅជួបសង្សារ ​ខណៈកំពុងរៀបចំកាត់ផ្លែឈើនិង​ត្រៀមរំាសប្បាយ​ ធ្វើឲ្យកូនកំលោះបានត្រឹមឈឺចាប់​និងសោកសៅ​អង្គុយផឹក ។

ហេតុការណ៍នេះ ​បានកើតឡើងនៅ​វេលាម៉ោងជាង៨យប់ថ្ងៃទី២១ មីនា​ ២០១៦ នៅក្នុងភូមិ-ឃុំក្រយា​ ស្រុកសន្ទុក ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា​ កូនក្រមុំដែលរត់ចោលរោងការនេះឈ្មោះ ឡើយ ស្រីហ័ន ​អាយុ១៨ឆ្នាំ ​ចំណែកកូនកំលោះឈ្មោះ ​សេន បុំ​អាយុ៣៦ឆ្នាំ រីឯបុរស​ជាសង្សារនាងនោះឈ្មោះ ​ហ៊ីត ហួ អាយុ២៣ឆា្នំ ​ជាកូនមេប្រជាការពារភូមិ​ អ្នកទំាងបីរស់នៅក្នុងភូមិ-ឃុំខាងលើជាមួយគ្នា ។

សេចក្តីរាយការណ៍​បានស្រង់សំដីប៉ូលិសមូលដ្ឋានឲ្យដឹងបន្តថា​ ការណ៍ដែលនាងយល់ព្រមរៀបការជាមួយ​បុរសចំណាស់នោះដោយសារឪពុកម្តាយបង្ខំ ​ខណៈនាងនិង​សង្សារ​ស្រឡាញ់គ្នា​ច្រើនឆ្នាំមកហើយ ។

នៅពេលនេះ​ ខាងកូនកំលោះមិនទទួលយកនាងនោះទេ​ និង ត្រៀមដាក់ពាក្យបណ្តឹងទាមទារ​បណ្តាការ៤ពាន់ដុល្លារ ​មាស១ជីនិងលុយខ្មែរ៩០​ម៉ឺនរៀលវិញ ៕