ក្រុម​អ្នក​ជំនាញ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​លើក​ទី២​ស្តីពី​ប្រាសាទ​ព្រះវិហារ

គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ព្រះវិហារ​បាន​បើក​ការ​ប្រជុំ​លើក​ទី២​នៅ​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ពិភាក្សា​អំពី​ការ​ខិតខំ​ជា​បន្ត​ក្នុង​ការ​ការពារ​ប្រាសាទ​កសាង​នា​សតវត្សរ៍​ទី​១២ និង​ប្រែក្លាយ​កន្លែង​ដ៏​ស្អាត​តែ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​នេះ ទៅ​ជា​គោលដៅ​ទេសចរ​ដ៏​ពេញ​និយម។

តាម​សំណើ​របស់​ប្រទេស​កម្ពុជា អង្គការ​យូណេស្កូ បាន​បង្កើត​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ព្រះវិហារ​នេះ​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​ទីប្រឹក្សា​ជំនាញ​មក​ពី​ប្រទេស​ចំនួន​ប្រាំបី​ផ្សេង​គ្នា ក្នុង​នោះ​មាន​សហ​ប្រធាន​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា និង​បាន​កោះ​ប្រជុំ​ជា​លើក​ដំបូង​នៅ​ខែ​ធ្នូ​នៅ​ឆ្នាំ​នោះ។

800px-Preah-vihearលោក គង់ ពុទ្ធិកា អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ប្រហែល​២០០​នាក់​បាន​ចូល​រួម​ការ​ប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ និង​បាន​ពិភាក្សា​អំពី​ប្រធានបទ​មួយ​ចំនួន ក្នុង​នោះ​មាន​ផែនទី​នៃ​ទីតាំង​ត្រូវ​ជួសជុល​បន្ទាន់​បំផុត ការ​អភិរក្ស​ថ្មី​បំផុត និង​ការងារ​បុរាណ​វិទ្យា​នៅ​ទីតាំង​នោះ និង​កិច្ច​ប្រឹងប្រែង​ជា​បន្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថែមទៀត។

សមាជិក​ផ្សេងទៀត​នៃ​គណៈកម្មាធិការ​នេះ​មាន​ប្រទេស​បែលហ្ស៊ិក បារាំង ជប៉ុន កូរ៉េ​ខាង​ត្បូង ថៃ និង​សហរដ្ឋ​អាមេរិក។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៨ បើ​ទោះជា​មាន​ការ​តវ៉ា​ស្វិតស្វាញ​ពី​ប្រទេស​ថៃ ដែល​បាន​ទាមទារ​សិទ្ធិ​កាន់កាប់​ទាំង​ប្រាសាទ​នៅ​ជិត​ព្រំដែន ទាំង​ដី​នៅ​ជុំវិញ​ប្រាសាទ​ក៏ដោយ។

ចម្លាក់​ថ្ម​បាន​ទទួល​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់​ដោយសារ​គ្រាប់​កាំភ្លើង​និង​គ្រាប់​រ៉ុកកែត​​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ម៉ោង រវាង​ទាហាន​ថៃ​និង​កម្ពុជា។

តុលាការ​អន្តរ​ជាតិ ​បាន​បង្កើត​តំបន់​គ្មាន​យោធា​មួយ​នៅ​ជុំវិញ​ប្រាសាទ​នេះ​ក្នុង​ឆ្នាំ​២០១៣ និង​បាន​បញ្ជា​ឲ្យ​ប្រទេស​ទាំង​ពីរ​ដក​ទាហាន​របស់​ខ្លួន​ចេញ៕ និត

 

The post ក្រុម​អ្នក​ជំនាញ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​លើក​ទី២​ស្តីពី​ប្រាសាទ​ព្រះវិហារ appeared first on ខេមបូឌា ដេលី.