ចន្ទ្រា ឈ្នះ​ខ្សែ​ក្រវាត់ ខណៈ​ ប៊ុនធី ស៊ីឡាក់​មិន​សម្រេច​

ភ្នំពេញៈ អ្នកប្រដាល់​ជើងខ្លាំង​វ័យក្មេង​របស់​កម្ពុជា ឡៅ ចន្ទ្រា បាន​ក្លាយ​ជា​ម្ចាស់ខ្សែក្រវាត់​ក្នុងការ​ប្រកួត​សមរភូមិ​អ្នក​ប្រយុទ្ធ​វគ្គ ២ ទម្ងន់ ៦០ គ.ក្រ យ៉ាង​ស័ក្តិសម​បំផុត បន្ទាប់​ពី​លោក​ តែម ម៉ឺន បាន​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ពីការ​ធ្វើ​ជាសន្លប់​បែប​ចង់​ស៊ីឡាក់​របស់​ សូត្រ ប៊ុនធី ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍។

ចន្ទ្រា ឈ្នះ​ខ្សែ​ក្រវាត់ ខណៈ​ ប៊ុនធី ស៊ីឡាក់​មិន​សម្រេច​

លោក តែម ម៉ឺន បាន​គល់​ពាន​ទៅ​ឲ្យ ឡៅ ចន្ទ្រា បន្ទាប់​ពីលោក​បាន​ធ្វើ​ការ​អន្ដរាគមន៍​ទៅ​លើការ​ចង់ស៊ីឡាក់​របស់ សូត្រ ប៊ុនធី​​។ ស្រេង ម៉េងស្រ៊ុន

សិស្ស​គណ​ក្លិបកងទ័ព​ឆត្រយោង ៩១១ ឡៅ ចន្ទ្រា ដែល​មិនធ្លាប់​ចាញ់សោះ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់នេះ បាន​ព្យាយាម​បិទការ​វាយ​កែងឆ្វេង​របស់ សូត្រ ប៊ុនធី ​យ៉ាង​ល្អ​តាមរយៈ​ការចាប់​ក្រៀកក​យ៉ាងណែន ហើយ​ភ្លាមនោះ ចន្ទ្រា វាយ​កែងស្តាំ​សងវិញ​បណ្តាល​ឲ្យ ប៊ុនធី សន្លប់​នៅ​ពាក់កណ្តាល​ទឹកទី ២ តែម្តង។

យ៉ាងណា​ក៏ដោយ​ទាំង​អាជ្ញាកណ្តាល និង​ប្រធាន​វិនិច្ឆ័យ ហាក់​មិនហ៊ាន​សម្រេច​ភ្លាមៗ​ឲ្យ ឡៅ ចន្ទ្រា ជា​អ្នក​ឈ្នះ​នោះ​ទេ ខណៈ ប៊ុនធី បាន​ប្រកាច់​ពេញសង្វៀន​ដោយ​យកដៃឳប​កញ្ចឹងក​របស់ខ្លួន ហាក់​មាន​ចេតនា​បង្ហាញថា ចន្ទ្រា បាន​វាយកែង​ចំកញ្ចឹងក​ពីក្រោយ​ដែល​ជា​កន្លែង​ហាមឃាត់​នោះ។

មាន​ការ​ចាក់​ផ្សាយរូប​ភាពយឺតៗ​ជា​ច្រើន​លើក​ដើម្បី​ពិនិត្យការ​វាយកែង​របស់ ចន្ទ្រា ខណៈ​អ្នក​ទស្សនា​ផ្ទាល់​បាន​នាំគ្នា​ស្រែកពន្យុះ​ឲ្យលោក​អាជ្ញាកណ្តាល​ដែល​ឈររង់ចាំ​ការ​សម្រេច​របស់​ប្រធាន​វិនិច្ឆ័យ​នោះ​ឲ្យលើកដៃ ឡៅ ចន្ទ្រា។

ស្ថិតនៅ​ក្នុងស្ថាន​ភាពនោះ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជាដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុងការ​ប្រកួត​នោះ បាន​បញ្ជា​ទៅ​គណៈវិ​និច្ឆ័យ​ឲ្យប្រកាស​លើកដៃ ឡៅ ចន្ទ្រា ជាអ្នក​ឈ្នះ​ក្រោម​ការអបអរ​សាទរ​យ៉ាងខ្លាំង​ពីអ្នក​ទស្សនាផ្ទាល់ ព្រោះ​តាមការ​មើល​រូបភាព​យឺតៗនោះ​គឺ ប៊ុនធី ខ្លួន​ឯង​ទៅវិញ​ទេ ដែល​បាន​ងាកមុខ​ចេញពី ការ​វាយកែង​របស់ ចន្ទ្រា ហើយទង្វើ​បែបនេះ​ត្រូវបាន​លោក ហង្ស ស៊ឺន ជា​គ្រូបង្វឹក​ ឡៅ ចន្ទ្រា មាន​ការបារម្ភ​តាំងពី​មុនការ​ប្រកួត ព្រោះ ប៊ុនធី ធ្លាប់​ឈ្នះឡាវ Ha Chhlam ក្នុង​វគ្គ ១/២ ផ្តាច់ព្រ័ត្រ ដោយ​បញ្ហា​ស្រដៀង​គ្នា​នេះ​ម្តងហើយ ដោយកាល​នោះ Ha Chhlam បានវាយ​កែង​ថែម​ពី​ក្រោយ​ធ្វើឲ្យ ប៊ុនធី សន្លប់​នៅ​ទឹកទី ៣។

លោក ទិត្យ សុវណ្ណ អ្នករៀបចំ​ការ​ប្រកួត​ប្រដាល់​នៅ PNN បាន​ប្រាប់ពីម្សិលមិញ​ថា៖​«ការ​សម្រេច​ឲ្យ ឡៅ ចន្ទ្រា ឈ្នះនេះ វា​ជារឿង​ដ៏​ត្រឹមត្រូវ​បំផុត ព្រោះ​ទាំង​ឯក​ឧត្តម តែម ម៉ឺន អ្នក​ទស្សនា និង​ក្រុម​ការងារ​របស់ PNN ទាំងអស់​សុទ្ធតែ​បាន​ឃើញ​ច្បាស់ពី​ការ​ប្រកួត​នេះ។ផ្ទុយ​ទៅវិញ​បើសិន​ជា​មាន​ការសម្រេច​ឲ្យ ឡៅ ចន្ទ្រា ចាញ់​វិញ​នោះ ខាង​ PNN នឹង​ចេញ​មុខ​ប្រឆាំងជា​ដាច់ខាត ព្រោះ​យើង​ចង់ឲ្យ​អ្នក​មានសមត្ថភាព​ពិត​ប្រាកដ​ពាក់​ខ្សែ​ក្រវាត់​នេះ មិនមែន​អ្នក​វាយ​មិនអស់​សមត្ថភាព​នោះ​ឡើយ»។

ការ​សម្រេច​នេះបាន​ជួយ​ឲ្យ ឡៅ ចន្ទ្រា ក្លាយ​ជាម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ទឹកប្រាក់ ៥ ពាន់ដុល្លារ ខណៈ​លេខ ២ សូត្រ ប៊ុនធី បាន ៣ ពាន់​ដុល្លារ។ ចំណែក Ha Chhlam បាន​ផ្តួល​ថៃ Sam A ឲ្យ​សន្លប់​ក្នុង​ទឹកទី ២ ដូចគ្នា ដើម្បី​បានលេខ ៣ និង​ប្រាក់ ២ ពាន់​ដុល្លារ ឯ Sam A បាន ១ ពាន់​ដុល្លារ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍