គន្លឹះ​ទាំង ៨ ដើម្បី​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ជីវិត​ខ្លួន​ឯង​ពី​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​និង​លើក​ទឹក​ចិត្ត​ Robert Greene

លោក Robert Greene គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នៅ​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​គឺ​ ជា​អ្នក​ជំនាញ​ខាង​ប្រឹក្សា​យោបល់​អាជីវកម្ម ការ​លើក​ទឹក​ចិត្ត និង ជា​អ្នក​ជំនាញ​ខាង​ការ​និយាយ​សាធារណៈ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​ដើម្បី​ជួយ​បង្កើត​ភាព​ជោគជ័យ​ក្នុង​ការងារ​ឲ្យ​ខ្លួន​ឯង​ពី​លោក Robert Greene។

 

១) ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ខ្លាំង​បំផុត ៖ ភាព​ជោគជ័យ ១០០% នឹង​កើត​មាន​ប្រសិន​បើ​អ្វី​មួយ​ដែល​អ្នក​ធ្វើ​វា​ចេញ​ពី បេះដូង​ពិត​របស់​អ្នក​ ព្រោះ​នូវ​ពេល​ដែល​ធ្វើ​រឿង​ដែល​អ្នក​ស្រលាញ់​ចេញ​ពី​បេះ​ដូង​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្ភ​រីករាយ​នឹង​ធ្វើ​វា ទោះ​បី​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​នេះ​បើ​តាម​លោក Robert Greene។

 

២) ធ្វើ​ជា​មនុស្ស​ដែល​ចង់​ចេះ​ចង់​ដឹង ៖ នៅ​ពេល​ដែល​អ្នក​ជា​មនុស្ស​ដែល​ចង់​ចេះ​ចង់​ដឹង​ អ្នក​នឹង​ក្លាយ​ជា​បុគ្គល​មួយ​រូប​ ដែល​ពោរពេញ​ដោយ​ចំណេះ​ដឹង​ ក្នុង​វិស័យ​ផ្សេង​គ្នា​ជា​ច្រើន ដែល​វា​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​អ្នក​មាន​ជម្រើស​ច្រើន​ក្នុង​ជីវិត​ ដើម្បី​ជ្រើស​មក​ធ្វើ​ជា​អាជីវកម្ម​របស់​ខ្លួន។

 

៣) ត្រូវ​ចេះ​កាត់​បន្ថយ​រាល់​ភាព​រំខាន​ទាំង​ឡាយ ៖ លោក Robert Greene ណែ​នាំ​ថា​ប្រសិន​បើ​អ្នក​ចង់​ផ្តោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ធ្វើ​រឿង​សំខាន់​ណា​មួយ​ឲ្យ​បាន​ល្អ​នោះ​អ្នក​ត្រូវ​កាត់​បន្ថយ​ចោល​នូវ​រឿង​រំខាន​ទាំង​ឡាយ​នៅ​ជុំវិញ​ខ្លួន​អ្នក​។

 

៤) ប្រើប្រាស់​ការ​ស្រមើស្រមៃ​ដែល​សកម្ម ៖ ការ​ស្រមើស្រមៃ​សកម្ម​ត្រូវ​បាន​លោក Robert Greene ពន្យល់​ថា​គឺ​ជា​គំនិត​ មួយ​ដែល​ភ្ជាប់​មក​ជា​មួយ​របៀប​អនុវត្ត​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍ​អ្វី​មួយ តាម​រយៈ​ការ​គិត​ពិចារណា​នូវ​ព្រឹត្តិការ​ដែល​ខ្លួន​អ្នក​គិត​ថា​អាច​ធ្វើ​បាន។

 

៥) ធ្វើ​ជា​មនុស្ស​ដែល​ចេះ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ៖ លោក Robert Greene ផ្តល់​ដំបូន្មាន​ថា​អ្នក​ត្រូវ​ចេះ​ស្វែង​រក​អ្វី​ដែល​អ្នក​ចង់​បាន ដោយ​ខ្លួន​ឯង មិន​ត្រូវ​រំពឹង​ថា​ នឹង​មាន​នរណា​ម្នាក់​ផ្តល់​ឲ្យ​អ្នក​ឡើយ ដែល​នេះ​ជា​អ្វី​មនុស្ស​គ្រប់​តែង​និយាយ​ថា បើ​ចង់​បាន ត្រូវ​ចេះ​ខិតខំ​ដោយ​ខ្លួន​ឯង ដូច្នេះ​អ្នក​ត្រូវ​ចេះ​អភិវឌ្ឍ​ជីវិត​ខ្លួន​ឯង​ ជាមួយ​ជំនាញ​ដែល​អ្នក​មាន​នៅ​ក្នុង​ខ្លួន។

 

៦) ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ជាមួយ​មនុស្ស​អវិជ្ជមាន ៖ មធ្យោបាយ​មួយ​ដ៏​ល្អ​ គឺ​ការ​គេច​ចេញ​ពី​មនុស្ស​ប្រភេទ​នេះ ព្រោះ​ពួក​គេ​មិន​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​អ្នក​បាន​ល្អ​ប្រសើរ​ឡើយ ហើយ​អ្នក​មិន​ត្រូវ​ព្យាយាម​ផ្លាស់ប្តូរ ឬ កែ​អត្តចរិត​ពួក​គេ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍ រួម​ទាំង​ជះ​ផល​អវិជ្ជមាន​ដល់​ ចិត្ត និង អារម្មណ៍​របស់​អ្នក​ផង។

 

៧) ត្រូវ​ចេះ​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង ៖ លោក Robert Greene ថ្លែង​ថា​រាល់​ឆាក​ជីវិត​មនុស្ស​ទាំង​អស់​គឺ​មាន​ចុះ និង ឡើង​ នៅ​ពេល​ជីវិត​ធ្លាក់​ចុះ​ គឺ​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​ការ​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​បំផុត​ ដើម្បី​តស៊ូ​រាល់​ឧបសគ្គ​នានា​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ ពោល​គឺ​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ។

 

៨) ត្រូវ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​តាម​រយៈ​ការងារ ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​គឺ​តាម​រយៈ​ការងារ នេះ​បើ​តាម​ការ​ផ្តល់​ដំបូន្មាន​ពី​លោក Robert Greene។ លោក​ថា​គ្រប់​ការងារ​ក្នុង​ជីវិត​មនុស្ស​ទាំង​អស់​គ្មាន​ពាក្យ​ងាយ​ស្រួល​ឡើយ នៅ​ពេល​អ្នក​ជួប​ការ​លំបាក​ហើយ​រត់​គេច​ចេញ​ នោះ​អ្នក​មិន​អាច​ស្គាល់​ខ្លួន​ឯង​ និង មិន​អាច​ផ្លាស់​ប្តូរ​ខ្លួន​ឯង​បាន​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​តស៊ូ​យក​ជ័យ​ជម្នះ​ក្នុង​ការងារ​វា​បាន​ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ភាព​ជោគជ័យ ដោយ​ខ្លួន​ឯង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ជា​នរណា​ហើយ​កំពុង​តែ​ធ្វើ​អ្វី។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org