តើ​មហាសេដ្ឋី​ចិន Jia Yueting ​មាន​ប្រវត្តិ និង បទ​ពិសោធន៍​យ៉ាង​អ្វីខ្លះ​មុន​​ក្លាយ​ជា​សេដ្ឋី​សហគ្រិន?

លោក Jia Yueting គឺ​ជា​មហាសេដ្ឋី​សហគ្រិន​សញ្ជាតិ​ចិន​ដ៏​ល្បីល្បាញ​មួយ​រូប​ លោក​គឺ​ជា​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Letv (Leshi Internet Information & Technology) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ វីដេអូ អនឡាញ​ដ៏​ធំ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ទីស្នាក់ការ​ ក្នុង​សង្កាត់ Chaoyang ក្រុង ប៉េកាំង។ មក​ដល់​ជិត​ពាក់​កណ្តាល​នៃ​ដើម​ឆ្នាំ ២០១៦ នេះ​លោក ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣០៨ ពិភពលោក ជាមួយ​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង ៤,៨ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ៣០៨ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ និង បទ​ពិសោធន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​មុន​ពេល​ក្លាយ​ជា​មហាសេដ្ឋី?

 

លោក Jia Yueting កើត​នៅ​ឆ្នាំ ១៩៧៣ ក្នុង​តំបន់ Xiangfen ទីក្រុង Linfen ក្នុង​ខេត្ត Shanxi ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ លោក Jia Yueting បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ​ ក្នុង​ជំនាញ គ្រប់​គ្រង​ពាណិជ្ជកម្ម ដោយ​លោក​បាន​ចាប់​ផ្តើម​អាជីព​ការងារ​ដំបូង​ក្នុង​វ័យ ២២ ឆ្នាំ ជា​អ្នក​ជួយ​សម្រួល​ផ្នែក​បច្ចេកទេស នៃ​ការិយាល័យ​ពន្ធដារ​ ក្នុង​ខេត្ត Shanxi។ ធ្វើ​ការ​មិន​ដល់​មួយ​ឆ្នាំ​ផង​លោក លោក Jia Yueting បាន​ឈប់​ពី​ការងារ​នៅ​ការិយាល័យ​ពន្ធដារ​ ដោយ​លោក​បាន​ សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​បច្ចេកទេស​(Technical Consultancy Firm)ខ្លួន​ឯង​វិញ​ម្តង។

 

នៅ​ក្នុង​ឆ្នាំ ២០០២ លោក Jia Yueting បាន​បង្កើត​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥត​ខ្សែ (Wireless Telecom) មាន​ឈ្មោះ​ថា Sinotel Technologies ផ្គត់ផ្គង់​សេវាកម្ម​ខាង​កម្មវិធី និង​ដំណោះ​ស្រាយ​ រាល់​ឧបករណ៍​ទូរគមនាគមន៍​ឥត​ខ្សែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​ក្រុមហ៊ុន​នេះ​បាន​ជាប់​ឈ្មោះ​ក្នុង​ផ្សារ​ភាគហ៊ុន​របស់​សិង្ហបុរី Singapore Stock Exchange នៅ​ក្នុង​ឆ្នាំ ២០០៨ ទៀត​ផង។ ក្រោយ​មក​ទៀត​លោក​បាន​បើក​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា Xbell Union Communication Technology ក្នុង​ទីក្រុង​ប៉េកាំង​នា​ឆ្នាំ ២០០៣ ដោយ​ក្រុមហ៊ុន​មាន​ឈ្មោះ​នៅ​ក្នុង Singapore Stock Exchange នៅ​ឆ្នាំ ២០០៧។

 

ប៉ុន្តែ​ការ​វិនិយោគ​ដ៏​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី គឺ​ការ​បណ្តាក់​ទុក​ក្នុង​ឆ្នាំ ២០០៤ ជា​ឆ្នាំ​ដែល​លោក​បាន​បង្កើត​ក្រុមហ៊ុន Letv (Leshi Internet Information & Technology) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ វីដេអូ អនឡាញ​ដ៏​ធំ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ចិន ដែល​លោក​បាន​កាន់​កាប់​ភាគ​ហ៊ុន​ដល់​ទៅ ៤៤% ដែល​សរុប​ជា​ទឹក​ប្រាក់​ដល់​ទៅ ២,៣ ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន Letv បាន​ជាប់​នៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​បង្កើត​ថ្មី នៅ​ចិន Start up Board of China នៅ​ក្នុង​ឆ្នាំ ២០១០។

 

ក្រុមហ៊ុន Letv មាន​គេហទំព័រ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា letv.com ដែល​ទទួល​បាន​សិទ្ធ​ស្ទើរ​តែ​ផ្តាច់​មុខ​តែ​ម្នាក់​ឯង​ ក្នុង​ការ​ចាក់​ផ្សាយ កម្មវិធី​ទូរទស្សន៍ និង ខ្សែភាពយន្ត​នៅ​ក្នុង​ប្រទេស​ចិន ប្រៀប​បី​ដូច​ជា​គេហទំព័រ youtube.com ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ពិភពលោក​ទាំង​មូល​អញ្ចឹង​ដែរ។

 

នៅ​ឆ្នាំ ២០១៤ លោក Jia Yueting បាន​ចាប់​ផ្តើម​បោះ​ទុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ភាព​យន្ត​ជាមួយ​ក្រុមហ៊ុន Leshi Holding Movie Production Unit ដោយ​បាន​បើក​ទីស្នាក់ការ​នៅ Los Angeles ដោយ​បាន​បោះ​ទុន ២០០ លាន​ដុល្លារ​សម្រាប់​ការ​ផលិត​ខ្សែ​ភាព​យន្ត​ដោយ​លោក​ទទួល​បាន​សិទ្ធ​ក្នុង​ការ​ចាក់​ផ្សាយ​លើ​គេហទំព័រ​ក្រុមហ៊ុន​របស់​ខ្លួន។ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤ លោក Jia Yueting បាន​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​ ដោយ​នៅ​ពេល​នោះ​លោក​មាន​គម្រោង​អភិវឌ្ឍ​រថយន្ត អេឡិចត្រូនិក ម៉ាក Medel S ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ដែល​គម្រោង​នេះ​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com, successstory.com/