រឿង​ ៣ យ៉ាង​សំខាន់​ដែល​អ្នក​គួរ​​ធ្វើ​ប្រសិន​ចង់​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ក្នុង​សង្គម​ឲ្យ​ជោគជ័យ

បណ្ដាញ​ទំនាក់ទំនង​ក្នុង​សង្គម​គឺ​ពិត​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស ម្នាក់ៗ ទាំង​ក្នុង​ជីវិត​ការងារ និង ជីវិត​ឯកជន​ផ្ទាល់​ខ្លួន។ ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​ អាច​ជួយ​ឲ្យ​ជីវិត​អ្នក​ជោគជ័យ ជាង​មនុស្ស​ដែល​រស់​នៅ​ឯកា​ ចេញ​ពី​សង្គម។ ចំណែក​ក្នុង​ជីវិត​ការ​ងារ​វិញ ការ​មាន​បណ្ដាញ​ទំនាក់ទំនង​ល្អ​អាច​ជួយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​នូវ​ការងារ ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធន៍​ជា​ច្រើន​ក្នុង​ជីវិត។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា​ ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ក្នុង​សង្គម​អាច​នឹង​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់​បុគ្គល​និមួយៗ ដូច្នេះ​ខាង​ក្រោម​ជា​គន្លឹះ​ខ្លះៗ​ដែល​អ្នក​គួរ​សាកល្បង​ប្រសិន​ចង់​បង្កើត​បណ្តាញ​ទាក់ទង​មួយ​ប្រកប​ដោយ​ភាព​ជោគជ័យ​ក្នុង​សង្គម។

 

១) ត្រូវ​ដឹក​ពី​គោល​បំណង​របស់​ខ្លួន

 

នៅ​មុន​ពេល​ដែល​អ្នក​ ធ្វើ​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដទៃ អ្នក​ត្រូវ​តែ​ដឹង​ពី​គោល​បំណង​ខ្លួន​ឯង​ជា​មុន​សិន។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ដឹង​ថា ខ្លួន​ឯង​ជា​នរណា ហើយ​ចង់​បាន​អ្វី? តើ​អ្វី​ទៅ​ជា​គោល​បំណង​ដ៏​ធំ​របស់​អ្នក? ជា​រឿយៗ​ មនុស្ស​តែ​មាន​ជំនឿ​ខុស​ថា​ រាល់​បុគ្គល​ជោគជ័យ​ក្នុង​ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង គឺ​ជា​មនុស្ស​ដែល​ស្គាល់​មនុស្ស​គ្រប់​រូប។ នៅ​ក្នុង​ការ​ពិត​ជាក់​ស្ដែង​ បុគ្គល​ដែល​ជោគជ័យ​ក្នុង​ការ​ការ​បង្កើត​បណ្ដាញ​ទាក់ទង​ (Successful Networkers) គឺ​គេ​យល់​ច្បាស់​ចំពោះ​មនុស្ស​ណា​ម្នាក់​ដែល​ខ្លួន​គួរ​ទាក់ទង ព្រោះ​វា​ជួយ​ឲ្យ​ពួក​គេ​ឆាប់​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន។

 

២) ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​មនុស្ស​ដែល​អ្នក​ចង់​បង្កើត​ទំនាក់ទំនង​ជា​មួយ

 

ជា​ថ្មី​ម្តង​ទៀត​ មនុស្ស​ដែល​ពូកែ​បង្កើត​បណ្ដាញ​ គឺ​ជា​មនុស្ស​ដែល​ទាក់ទង​ ជា​មួយ​មនុស្ស​ត្រឹមត្រូវ​ហើយ​ស្គាល់​ពី​ប្រវត្តិ​របស់​គេ​ច្បាស់ មិន​មែន​ទៅ​ទាក់ទង​មនុស្ស​គ្រប់​រូប​ដែល​ពួក​គេ​ជួប​នោះ​ឡើយ។ នៅ​ពេល​ដែល​អ្នក​ស្គាល់​ពី​ខ្លួន​ឯង នោះ​អ្នក​នឹង​ដឹង​ថា​នរណា​ជា​មនុស្ស​ ដែល​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​មក​បំពេញ​បន្ថែម​ភាព​ខ្វះ​ខាត​ឲ្យ​ខ្លួន​ឯង។ នេះ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ​ពេល​បាន​ច្រើន និង ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។

 

៣) ចេះ​រក្សា​បណ្ដាញ​ទំនាក់ទំនង​ចាស់ៗ​របស់​ខ្លួន

 

ទោះ​បី​ជា​អ្នក​អាច​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ថ្មី​មួយ​ហើយ​ក៏​ដោយ អ្នក​មិន​ត្រូវ​ព្រងើយ​កន្តើយ​ ជាមួយ​មនុស្ស​ដែល​អ្នក​ធ្លាប់​ទាក់ទង​ជា​មួយ​នោះ​ឡើយ​។ ការ​ជួប​ជា​មួយ​មនុស្ស​ថ្មី គឺ​ជា​រឿង​ល្អ ប៉ុន្តែ​មិនមែន​ការ​ជួប​ជា​មួយ​មនុស្ស​ថ្មី​សុទ្ធ​តែ​ផ្ដល់​ផល​ល្អ​ចំពោះ​អ្នក​នោះ​ឡើយ ជា​ពិសេស​មនុស្ស​ដែល​នៅ​ជិត​ស្និទ្ធ​នឹង​អ្នក ព្រោះ​ពួក​គេ​អាច​ផ្ដល់​ឲ្យ​អ្នក​ ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវ​ការ ហើយ​ប្រសិន​បើ​ពួក​គេ​មាន​ការងារ​ខុស​ពី​អ្នក នោះ​វា​អាច​ជួយ​ឲ្យ​អ្នក​នឹង​ពួក​គេ​ អាច​ទទួល​បាន​អត្ថប្រយោជន៍​រៀងៗ​ខ្លួន។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com