ជនសង្ស័យ​ញៀន​ថ្នាំ​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ

ខេត្តសៀមរាប ៖  កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ប្រឆាំង​គ្រឿងញៀន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ រួច​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ខេត្ត ខណៈ​ពួក​គេ​ទាំងនោះ​កំពុង​ប្រើប្រាស់​នៅ​តាម​ភូមិ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង​។​ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ទ្បើ​ង​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ង និង​ភូមិ​មមាញ ឃុំ​រលួស ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​វរៈ​សេនី​យ៏​ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ថា​ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ មាន​ទី​១/​ឈ្មោះ ឈួ​ន ម៉ា​នី​ន ហៅ​ខ្មោច ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ទី​២/ ឈ្មោះ ហ៊​ត់ ចំណាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​គ្មាន រស់នៅ​ភូមិ​ដូ​វ​ទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ទី​៣/ ឈ្មោះ ម៉ា​ន់ សុផល ហៅ​ក្បាល​ធំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ទី​៤/ ឈ្មោះ កង សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដេរ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ទី​៥/ ឈ្មោះ គង់ សុខុម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​មមាញ ឃុំ​រលួស ស្រុក​ប្រាសាទបាគង និង​ទី​៦/ ឈ្មោះ សៅ សោម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ដូ​វ​ទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ស្តារ​នីតិសម្បទា​បន្សាប​ជាតិ​ញៀន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​ទៅ​បារាយណ៍ទឹកថ្លា​៕