លោក អូ​បា​ម៉ា ធ្វើ​ឲ្យ​មេដឹកនាំ​គុយបា​ខឹង​ព្រោះ​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​

​ទំនាក់ទំនង​អាមេរិក គុយបា ដើរ​ដល់​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅពេលដែល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​ទៅ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​គុយបា​ថ្ងៃអាទិត្យ​កន្លង​នេះ​។ ក្នុងជំនួប​ជាមួយ​មេដឹកនាំ​គុយបា​លោក អូ​បា​ម៉ា លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ប៉ុន្តែ​បញ្ហា​នេះ​ទំនងជា​ធ្វើ​ឲ្យ​មេដឹកនាំ​គុយបា​មិន​ពេញចិត្ត​ប៉ុន្មាន​ទេ​។ លោក​បាន​ឆ្លៀតឱកាស​តបត ហើយ​រិះគន់​អាមេរិក​វិញ​ភ្លាមៗ​ផងដែរ​។  ប៉ុន្តែ​ភាគី​គុយបា​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​ផ្ទេរ​មូលដ្ឋាន​ទ័ពជើងទឹក​ឆកសមុទ្រ Guantanamo មក​ឲ្យ​ខ្លួន​វិញ​ផងដែរ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ក្រោយពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ Jose Martin គេ​មិនឃើញ​មាន​វត្តមាន​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ចាំ​ស្វាគមន៍​នៅ​ទី​នោះទេ​។ អវត្តមាន​មេដឹកនាំ​ជាន់ខ្ពស់​គុយបា​នោះ បានក្លាយ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ព្រោះ​អ្នកតាមដាន​យល់​វា​ហាក់ដូចជា​មិនមាន​ការផ្តល់​តម្លៃ​ដល់​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខរដ្ឋ​អាមេរិក​សោះ​។

​យ៉ាងណាក៏ដោយ រឿងនេះ​មិន​សំខាន់​និង​មិនមែនជា​ឧបសគ្គ​សម្រាប់​ការស្តារ​ទំនាក់ទំនង​ការទូត​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​ឡើយ​។ ក្នុងឱកាស​ទស្សនកិច្ច​ទៅកាន់​គុយបា​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ជជែក​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ជុំវិញ​ការស្តារ​ទំនាក់ទំនង​និង​ការវិវត្តន៍​ជារួម​នៃ​ចំណង​ការទូត​ទ្វេភាគី​ក្រោយ​ការបើក​ស្ថានទូត​ឡើងវិញ​កាលពី​ខែកក្កដា​ឆ្នាំមុន​។  ហើយ​លោក​ទាំងពីរ​ក៏​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំគ្នា​ផងដែរ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​។​

១. អូ​បា​ម៉ា និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​គុយបា ធ្វើ​ឲ្យ​បរិយាកាស​អាប់អួរ​
​ក្នុងជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ពី​សមិទ្ធផល​ដែល​គុយបា និង​អាមេរិក​សម្រេចបាន​ក្នុង​រយៈពេល​ចុងក្រោយ​ពោលគឺ​ក្រោយ​គូភាគី​ឯកភាពគ្នា​ស្តារ​ចំណង​ការទូត​ឡើងវិញ​ចុងឆ្នាំ ២០១៤ ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​គុយបា​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​ការគោរព​សិទ្ធិមនុស្ស​កើតឡើង​នៅ​គុយបា​។ លោក​សរសើរ​គុយបា ដែល​ជជែក​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​បើកចំហរ​ពាក់ព័ន្ធ​ភាពខុសប្លែក​គ្នា​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ល្អ​កាន់តែ​រហ័ស​បើសិនជា​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​នៅ​គុយបា​។ សញ្ញា​វិជ្ជមាន​គឺ ភាគី​ឯកភាពគ្នា​ជជែក​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​នៅ​ចុងឆ្នាំ​នេះដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ឆ្លើយតប​សំណួរ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​គុយបា លោក អូ​បា​ម៉ា​ថា​៖« អាមេរិក​ជឿជាក់​លើ​ប្រជាធិបតេយ្យ​។ អាមេរិក​ជឿជាក់ថា សិទ្ធិសេរីភាព​បញ្ចេញមតិ ជួបជុំគ្នា និង​សាសនា មិនមែន​មានតម្លៃ​សម្រាប់តែ​អាមេរិក​ទេ វា​មានតម្លៃ​ជាស​កល​»​។​

​ប៉ុន្តែ​បរិយាកាស​ចាប់ផ្តើម​ប្រែប្រួល ព្រោះ​មេដឹកនាំ​រដ្ឋ​សង្គមនិយម​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ពិបាក​ទទួលយក​ការលើកឡើង​ពី​ការរិះគន់​បញ្ហា​សិទ្ធិមនុស្ស​គុយបា​។ លោក​ពន្យល់ថា គុយបា​បាន​ប្រឹងប្រែង​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​ទទួល​ការអប់រំ សុខាភិបាល ចំណីអាហារ សន្តិសុខ​សង្គម​ជាដើម តែ​លោ​កថា​គ្មាន​ប្រទេស​ណាមួយ​សូម្បីតែ​អាមេរិក​អាចបំពេញ​តាម​លក្ខខណ្ឌ​សិទ្ធិមនុស្ស​អន្តរជាតិ​ឡើយ​។ ដោយសារ​ខឹង លោក​ក៏បាន​រិះគន់​អាមេរិក​វិញ​ភ្លាមៗ​ដែរ​ពាក់ព័ន្ធ​ការរើសអើង​ពូជសាសន៍​ស្បែក​ខ្មៅ ស្បែក​ស​និង​បញ្ហា​ផ្សេងទៀត​ដែរ​។ លោក ហៅ​ការព្រងើយកន្តើយ​ចំពោះ​បញ្ហា​ខ្លួនឯង​របស់​អាមេរិក​ដោយ​មើល​កំហុស​គេ​ថា វា​ជា «​ស្តង់ដា​ពីរ​ជាន់​»​ផងដែរ​។

​ក្នុង​សន្និសីទ​សារ​ព័ត​មាន​ដដែល មាន​អ្នកសារព័ត៌មាន​សួរ​លោក​ពាក់ព័ន្ធ​អ្នកទោសនយោបាយ​ផងដែរ តែ​លោក​បាន​ឆ្លើយតប​វិញ​ទាំង​មិន​ពេញចិត្ត​និង​ខឹង​ដោយ​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​រាប់​ឈ្មោះ​ជន​ទាំងនោះ​ផង​។ លោក​បាន​អះអាងថា អ្នក​ត្រូវ​ចាប់ខ្លួន​មិនមែនជា​អ្នកទោសនយោបាយ​ទេ​តែ​ជា​ឧក្រិដ្ឋជន​ទូទៅ​ប៉ុណ្ណោះ​។​

២. មេដឹកនាំ​គុយបា​សុំ​ឲ្យ​អាមេរិក​ដក​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ឲ្យ​ឆាប់​
​ទោះជា​មិនសូវ​ពេញចិត្ត​ការលើកឡើង​រប​ស់មេ​ដឹកនាំ​អាមេរិក ក៏ដោយ លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​កោតសរសើរ​លោក អូ​បា​ម៉ា ដែល​បាន​ប្រឹងប្រែង​ជួយ​ឲ្យ​ទំនាក់ទំនង​អាមេរិក គុយបា ដើរមក​ដល់ពេល​បច្ចុប្បន្ន  ដូចជា​ការបើក​ឲ្យ​មានការ​វិនិយោគ​នៅ​គុយបា ការចាប់ផ្តើម​ជើងហោះហើរ​ពី​អាមេរិក​ទៅ​គុយបា​វិញ​ជាដើម​។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ជាច្រើន​កំពុង​បន្ត​ចរចា​ជាមួយ​អាជ្ញាធរ​គុយបា​ដើម្បី​ដាក់ទុន​វិនិយោគ​នៅ​គុយបា​។ បើតាម​លោក អូ​បា​ម៉ា ក្រុមហ៊ុន​ធំ​ដូច Google ជា​ជំហាន​ដំបូង​នឹង​ផ្តល់​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត WIFI នៅក្នុង​កោះ​គុយបា ដែល​ជួយ​ឲ្យ​ប្រជាជន​គុយបា​ផង​និង​សម្រួល​ដល់​ការដាក់ទុន​វិនិយោគរ​បស់​ក្រុមហ៊ុន​បរទេស​ផងដែរ​។​

​លោក រ៉ា​អ៊ូ​ល បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​អាមេរិក​ធ្វើយ៉ាងណា​ដក​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ឲ្យ​បាន​ឆាប់រហ័ស និង​បញ្ឈប់​ការប្រើប្រាស់​មូលដ្ឋានទ័ព​ជើង​ទឹក​នៅ​ឆក Guantanamo ជា​កន្លែង​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ទៀត​។

​ឆ្លើយតប​ការស្នើសុំ​នេះ លោក អូ​បា​ម៉ា បញ្ជាក់ លោក​ជឿជាក់ថា ការហ៊ុមព័ទ្ធ​នឹងត្រូវ​ដកចេញ ប៉ុន្តែ​លោក​មិនអាច​ប្រាប់​ឲ្យ​ច្បា​ស់បាន​ថា​ពេលណា​ទេ​។ តាមចិត្ត​ចង់ លោក អូ​បា​ម៉ា ចង់​ឲ្យ​មាន​ការដក​ទណ្ឌ​កម្មនា​នា​ភ្លាមៗ​ផង ប៉ុន្តែ​ក្រុម​អ្នក​សាធារណរដ្ឋ​ដែល​កំពុង​កាន់កាប់​សភា​នោះ​ជំទាស់​ដាច់ខាត​។ ពាក់ព័ន្ធ​បញ្ហា​មន្ទីរឃុំឃាំង Guantanamo លោក​មិនបាន​ផ្តល់យោបល់​អ្វី​ទេ ប៉ុន្តែ​លោក​ក៏បាន​ស្នើ​ឲ្យ​សភា​បញ្ចប់​ការ​ដំណើរការ​ទីតាំង​នេះ​កន្លងមក​ដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​