ប្រជាពលរដ្ឋ​ បាន​សម្ដែង​ការ​អរគុណ​ដល់​លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​​

ប្រជាពលរដ្ឋ​ បាន​សម្ដែង​ការ​អរគុណ​ដល់​លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រែក​តា​ឡុង​ បាន​សំដែង​ការ​អរគុណ​ដល់​លោក​ ជា សុ​ខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ស្តារ​អណ្តូង​លូ ​និង​លូ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២​ ប្រវែង​៩០០​ម៉ែត្រ ​ដែល​ធ្លាប់តែ​ស្ទះ​ បណ្ដាល​ឲ្យ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​ និង​ផ្លូវជាតិ​លេខ​២​កន្លង​មក ឥឡូវ​ទឹក​លូ​បាន​ស្រក​អស់​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​សប្បាយ​ចិត្ត​គ្រប់​ៗ​គ្នា​។​

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ កន្លងមក ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ផ្លូវ​ថ្នល់​ក្នុង​ភូមិ​ រួម​នឹង​ផ្លូវជាតិ​លេខ​២​ បាន​លិចលង់​ដោយសារ​ទឹក​ស្អុយ​ហូរ​ចេញពី​លូ ​ធ្វើ​ឲ្យ​ជះ​ក្លិន​ស្អុយ​ពេញ​ភូមិ ​និង​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ទៀត​ផង​។

​ក្នុង​ពេល​នោះ​ដែរ ​លោក ​ជា សុ​ខៃ​ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​ រួម​នឹង​ក្រុមការងារ​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ ហើយ​លោក​ចៅសង្កាត់​ក៏បាន​ជួល​រថយន្ត​បូម​លូ​ដាក់​បូម​តាំងពីព្រឹក​ដល់​យប់​ជា​រៀង​រាល់ថ្ងៃ ​ប៉ុន្តែ​ទឹក​នៅតែ​មិន​រីង​។​

ប្រជាពលរដ្ឋ​បាន​បន្តថា​ ពួកគាត់​បាន​អាណិត​លោក​ចៅសង្កាត់ ​ព្រោះ​គាត់​បាន​ចុះ​ស្តារ​អណ្ដូង​លូ​ដោយ​ផ្ទាល់ ​ព្រមទាំង​បាន​ចេញ​ថ្លៃ​សេវា​បូម​លូ​តាម​ផ្ទះ​ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​និង​ចំណាយ​ថវិកា​ឡើយ​។​ ទាក់ទិន​ទៅ​នឹង​ការ​កកស្ទះ​អណ្ដូង​លូ​នេះ​ផង​ដែរ ​លោក ​ជា សុ​ខៃ បាន​មាន​ប្រសាសន៍​ថា​ មុនដំបូង​ លោក​ស្មាន​តែ​ស្ទះ​សំរាម​នៅ​អណ្តូង​លូ​ តែ​ធាតុពិត​ គឺ​ស្ទះលូ​ធំ​នៅ​ដើម​ផ្លូវ​៦០ម៉ែត្រ​ កែង​និង​ផ្លូវជាតិ​លេខ​២​ មុខ​វត្ត​ចាក់​អង្រែ​ក្រោម​ ហើយ​ក្រុម​ជំនាញ​ក៏​សម្រេច​ចិត្ត​កាយ​រកមុខ​ទឹក​ដែល​ត្រូវ​បាន​លុប​ពីលើ​នៅ​ពេល​ធ្វើ​ផ្លូវ​។​ លុះ​ដល់ពេល​កាយ​ដី​ទៅ​ឃើញ​ថា ​ការ​ស្ទះ​ទឹក​លូ​កន្លងមក ​ដោយសារ​តែ​អ្នក​ជំនាញ​ធ្វើ​ផ្លូវ​បាន​លុប​លូ​បង្ហូរ​ទឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ទើប​បាន​ជា​ស្ទះ​ទឹក​លូ​ហូរ​ទៅ​ណា​មិនបាន​ដូច្នេះ ​លោក​ចៅសង្កាត់​ក៏​សម្រេច​ចិត្ត​កាយ​ដី​ផ្លូវ​ចូល​ទៅ​ផ្លូវ​៦០​ម៉ែត្រ ​ទើប​ដឹង​ថា​ការ​ស្ទះលូ​កន្លងទៅ​ ពុំ​មែន​ដោយសារ​ស្ទះ​សំរាម​ទេ ​គឺ​មកពី​លុប​មុខ​លូ​ចាស់​ដែល​ធ្លាប់​តែ​ប្រើប្រាស់​កន្លងមក​។​ លោក ជា សុ​ខៃ បាន​បញ្ជាក់​ថា ​ចាប់ពី​ថ្ងៃនេះ​តទៅ ​ប្រព័ន្ធ​លូបង្ហូរទឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​លែង​ស្ទះ​ទៀតហើយ​៕
ប្រជាពលរដ្ឋ​ បាន​សម្ដែង​ការ​អរគុណ​ដល់​លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​​