វៀតណាម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​លក់​ឆ្នោត​ខុសច្បាប់​ចំនួន ៣១​នាក់​មក​មាតុប្រទេស​វិញ

វៀតណាម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​លក់​ឆ្នោត​ខុសច្បាប់​ចំនួន ៣១​នាក់​មក​មាតុប្រទេស​វិញ



ភ្នំពេញ ៖ អាជ្ញាធរ​វៀតណាម សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ចូលទៅ​លក់​ឆ្នោត​ខុសច្បាប់​ចំនួន​៣១ នាក់ ឲ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ២០១៦ ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មី​ញ រៀបចំ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន ៣១​នាក់ (​មនុស្ស​ចាស់ ១១​នាក់ កុមារ ១៩​នាក់ និង​ទារក ០១​នាក់​) ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​ចន្ទ្រា និង​នៅ​ស្រុក​កំពង់រោ​រិ៍ ខេត្តស្វាយរៀង ហើយ​បាន​ចូល​ទៅ​ប្រកប​របប​លក់​ឆ្នោត​ខុសច្បាប់​នៅ​ទីក្រុង​ហូ​ជី​មី​ញ។

លោក ជុំ សុន្ទរី បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣១​នាក់ នោះ បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​ហើយ ដោយ​រថយន្តក្រុង កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​បាយ​-​បាវិត និង​ត្រូវ​បានទទួល​ដោយ​មន្ទីរ​សង្គមកិច្ច និង​អាជ្ញាធរ ខេត្តស្វាយរៀង។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​ផ្សាយ​ព័ត៌មាន​ពី​ការរៀបចំ​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូ​ជី​មី​ញ នូវ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន ២៣​នាក់ (​ក្នុង​នោះ​មាន​មនុស្ស​ចាស់ ០៧​នាក់ ស្ដ្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ ០១​នាក់ និង​កុមារ ១៦​នាក់​) ដែល​បាន​ចូលទៅ​រកស៊ី​លក់​ឆ្នោត​ខុសច្បាប់ នៅ​ទីក្រុង​ហូ​ជី​មី​ញ ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​សប្តាហ៍​ទី ៣ ខែ មីនា ឆ្នាំ ២០១៦​។ ចំនួន​នេះ បាន​កើន​ពី​២៣​នាក់ ដល់ ៣១​នាក់​៕