រថយន្ត​បោស​ បូម ​បាញ់​លាង​សំអាត​ផ្លូវ​មាន​លក្ខណៈ​ទំនើប​ ត្រូវ​បាន​បញ្ជា​ទិញ និង​​​មកដល់​ភ្នំពេញ​ហើយ

រថយន្ត​បោស​ បូម ​បាញ់​លាង​សំអាត​ផ្លូវ​មាន​លក្ខណៈ​ទំនើប​ ត្រូវ​បាន​បញ្ជា​ទិញ និង​​​មកដល់​ភ្នំពេញ​ហើយ



ភ្នំពេញ​ ៖​ រថយន្ត ​បោស បូម និង​បាញ់​លាង​សំអាត​ថ្នល់ ​ដែល​មាន​លក្ខណៈ​ទំនើប​ មិន​ធ្លាប់​មាន​​ពី​មុន​មក​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​កុម្ម៉ង់​ទិញ ពី​ប្រទេស​ចិន ហើយ​មកដល់ពេលនេះ​បាន​បង្ហាញ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​សម្រួល​ការងារ​អនាម័យ និង​បរិស្ថាន​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែមទៀត។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ពេលនេះ​សាលា​រាជធានី​បាន​ទិញ​រថយន្ត​សម្រាប់​បោស​ បូម និង​បាញ់​លាង​សំអាត​ថ្នល់។ រថយន្ត​នេះ​មាន​លក្ខណៈ​ទំនើប ដោយមាន​ភ្ជាប់​ឧបករណ៍​បោស​ដី បូម​ដី និង​បាញ់​ទឹក​មិន​ឲ្យ​ហុយ​នៅ​ពេល​បោស ដែល​ផ្ទុក​ធូលី​ដី​បាន​៤​ម៉ែត្រគូប និង​ទឹក​សម្រាប់​បាញ់​លាង​ប្រមាណ​២​ម៉ែត្រ​គូប។ រថយន្ត​នេះ នៅ​ពេល​បោសសំអាត​មិន​ហុយ ឬ​រំខាន​ដល់​ប្រជាពលរដ្ឋ និង​មាន​ប្រព័ន្ធ​បញ្ជា​ទំនើប មិន​ចាំ​បាច់​ប្រើ​មនុស្ស​ច្រើន និង​មាន​ភ្លើង​ហ្វា​ខាងក្រោម និង​ខាងក្រោយ​សម្រាប់​ការងារ​សំអាត​នៅ​ពេល​យប់​ផង​ដែរ។ នៅពេល​ខាងមុខ​សាលា​រាជធានី​ភ្នំពេញ​នឹង​កុម្ម៉ង់​ទិញ​រថយន្ត​ទំនើប​បែបនេះ​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​ការងារ​បរិស្ថាន និង​អនាម័យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជាទិញ​រថយន្ត បោស បូម និង​បាញ់​លាង​សំអាត​ថ្នល់ ដែល​មាន​លក្ខណៈ​ទំនើប​នេះ បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​លើ​ប្រព័ន្ធ​សង្គម Facebook Page ជា​ផ្លូវការ​របស់​លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ថា “​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ រថយន្ត​បោស និង​លាង​ផ្លូវ​មួយ​គ្រឿង​បាន​មក​ដល់​ហើយ ដើម្បី​សម្អាត​ធូលី​-​ដី និង​កាន់តែ​លើក​សម្រស់​ទីក្រុង​ភ្នំពេញ​យើង​បន្ថែមទៀត។

គួរ​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​យើង បាន​បញ្ជា​ទិញ​រថយន្ត​សម្អាត និង​លាង​ធូលី​-​ដី​តាមផ្លូវ​នេះ​ចំនួន ២​គ្រឿង និង​រថយន្ត​បាញ់​លាង​ការ៉ឺឡា​ចំនួន ១​គ្រឿង​ទៀត ហើយ​នៅ​ដើមខែ​ក្រោយ​នឹង​បញ្ជូន​មក​គ្រប់​ទាំងអស់។ ប៉ុន្តែ​ទោះជា​មាន​រថយន្ត​លាង​សម្អាត​នេះ​ក្តី ក៏​នៅតែ​ត្រូវការ​កិច្ចការ​ចូលរួម​ថែរក្សា​សម្រស់​រាជធានី​ភ្នំពេញ​យើង ពី​សំណាក់​បងប្អូន​គ្រប់ៗ​រូប។ ម្នាក់​ចេះ​ទុកដាក់​សំរាម​១ ម្នាក់​បាន​រើស​សំរាម​១ តើ​មាន​សំរាម​មក​ពី​ណា​ទៀត បើ​យើង​គ្រប់គ្នា​ចេះ​ទុកដាក់ និង​ថែរក្សា​បរិស្ថាន​យើង​ហើយ​នោះ​? ដូច្នេះ​សូម​ចាប់ផ្តើម​ពី​យើង​ម្នាក់ៗ​ជាមុនសិន៕
រថយន្ត​បោស​ បូម ​បាញ់​លាង​សំអាត​ផ្លូវ​មាន​លក្ខណៈ​ទំនើប​ ត្រូវ​បាន​បញ្ជា​ទិញ និង​​​មកដល់​ភ្នំពេញ​ហើយ

រថយន្ត​បោស​ បូម ​បាញ់​លាង​សំអាត​ផ្លូវ​មាន​លក្ខណៈ​ទំនើប​ ត្រូវ​បាន​បញ្ជា​ទិញ និង​​​មកដល់​ភ្នំពេញ​ហើយ