រថយន្ត​ដឹក​ឈើ​ក្រញូង​ចំនួន​២​គ្រឿង​ត្រូវ បាន​កម្លាំង​ចម្រុះ បង្ក្រាប

រថយន្ត​ដឹក​ឈើ​ក្រញូង​ចំនួន​២​គ្រឿង​ត្រូវ បាន​កម្លាំង​ចម្រុះ បង្ក្រាប



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ក្រញូង​ចំនួន​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប ដែល​ជនសង្ស័យ​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​ដឹក​បទល្មើស​ឈើ​ក្រញូង មកដល់​ចំណុច​មុខ​សាលា​វិទ្យាល័យ​ហ៊ុន សែន ត្រពាំង​ប្រាសាទ ស្ថិតនៅ​ក្នុង​ភូមិ​ទួល​តាសេក ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​បង្ក្រាប កម្លាំង​ចម្រុះ រួមមាន​កងរាជអាវុធហត្ថ​ស្រុក សមត្ថកិច្ច​ប៉ូលិស​ស្រុក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក បាន​ធ្វើ​ការ​ឆែកឆេរ​ក្នុង​រថយន្ត លុច​ស៊ី​ស ឃើញ​មាន​ឈើ​ប្រភេទ​ក្រញូង​ចំនួន​៥១​ដុំ ស្មើ​នឹង​៥០១​គីឡូក្រាម​។

សមត្ថកិច្ច អាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​អាវុធហត្ថ បាន​តាមដាន​និង​ឈាន​ដល់​កំណត់​មុខសញ្ញា ដោយ​ចេញពី​ផ្លូវ​យុទ្ធសាស្ត្រ ជាប់​បន្ទាត់​ព្រំដែន​នៃ​ស្រុក​ត្រពាំង​ប្រាសាទ ទើប​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​តែម្តង ប៉ុន្តែ​មិនទាន់​ចាប់​បាន​ភ្លាមៗ​ទេ ដោយ​រថយន្ត​ហាយ​ព្រិត​ជា​អ្នកបើកបរ បើកផ្លូវ​និង​បិទផ្លូវ​មិន​អោយ​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច អាវុធហត្ថ ស្ទាក់​បានឡើយ។

លុះដល់​ចំណុច​ខាងលើ​រថយន្ត​ហាយ​ព្រី​ត​ក៏ បាន​បុក​រថយន្ត​សមត្ថកិច្ច​ពីក្រោយ នៅ​ពេល​នោះ ទៅមុខ​លែង​រួច​ទើប​ចាប់​បាន​តែ​ម្តង ទើប​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​-១​ឈ្មោះ​ម៉ៅ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​-​ទី​២​ឈ្មោះ​ផាន ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​និង​ឃុំ​អូ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។

បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​និង​អ្នកបើកបរ ព្រមទាំង​វត្ថុ​តាង​ឈើ​ក្រញូង​កំពុង​ធ្វើ កំណត់ហេតុ​ក្នុង​ទីស្នាក់ការ​អាវុធហត្ថ ស្រុក​ត្រពាំង​ប្រាសាទ​នឹង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់៕

 រថយន្ត​ដឹក​ឈើ​ក្រញូង​ចំនួន​២​គ្រឿង​ត្រូវ បាន​កម្លាំង​ចម្រុះ បង្ក្រាប រថយន្ត​ដឹក​ឈើ​ក្រញូង​ចំនួន​២​គ្រឿង​ត្រូវ បាន​កម្លាំង​ចម្រុះ បង្ក្រាប