ភ្លេង​ពិណពាទ្យ​ខ្មែរ​មាន​ប្រភព​ដើម​តាំងពី​សម័យ​ហ្វូណន​ម្ល៉េះ​!​ ​

ភ្លេង​ពិណពាទ្យ​ខ្មែរ​មាន​ប្រភព​ដើម​តាំងពី​សម័យ​ហ្វូណន​ម្ល៉េះ​!​ ​



ភ្នំពេញ ​៖​ ភ្លេងពិណពាទ្យ​ខ្មែរ​ត្រូវបាន​គេ​ដឹងថា​មាន​ប្រភព​ដើម​តាំងពី​ក្នុង​អំឡុង​សម័យ​ហ្វូណន​មកម្ល៉េះ​។ វង់​តន្ត្រី​ពិណពាទ្យ​នេះដែរ​នៅពេល​គេ​ប្រគំ​ម្តងៗ​មាន​ឮសូរ​សៀង​ពីរោះ​រណ្ដំ​ខ្លាំងណាស់ ដោយ​លក្ខណៈ​នៃ​បទ​ភ្លេង​នីមួយៗ​បាន​បញ្ជាក់​នូវ​ភាព​ស្វាហាប់​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ជាពិសេស​ភ្លេងពិណពាទ្យ​វា​មាន​តួនាទី​សំខាន់​ប្រគំ​កំដរ​នៅក្នុង​ពិធី​ជាច្រើន​ថែមទៀត​ផង។

ឯកសារ​របស់លោក​ឈឹម កា​សេម​បាន​សរសេរ​រៀបរាប់ថា ភ្លេងពិណពាទ្យ​ខ្មែរ​ត្រូវបាន​គេ​ប្រគំ​ឡើង​នៅក្នុង​ពិធី​អបអរសាទរ​ទទួល​ក្បួនទ័ព​(​សម័យបុរាណ​)​ប្រគំ​កំដរ​ពិធីបុណ្យ​ប្រពៃណីជាតិ​ទ្វារ​ទស​មាស ព្រះរាជ​ពិធីបួងសួង ព្រះ​រាជពិធី​តាំងតុ ព្រះរាជ​ពិធីបុណ្យ​អុំទូក ព្រះរាជ​ពិធី​ចុះ​ផែ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល របាំ​ជូនពរ របាំ​ទេព​មនោ​រម្យ របាំង​អប្សរា របាំ​មនី​មេខលា របាំ​សុវណ្ណ​មច្ឆា ល្ខោនខោល ល្ខោន​ស្រមោល​ស្បែក​ធំ តូច អាយ៉ង ល្ខោន​ពាក់​មុខ ល្ខោន​បុរាណ​រឿង​រាមកេរ្តិ៍ ប្រគំ​កំដរ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​កឋិនទាន បុណ្យផ្កា បុណ្យ​បញ្ចុះ​ខន្ធ​សីមា និង​ប្រគំ​កំដរ​ក្នុង​ពិធីបុណ្យ​ខ្មោច​ជាដើម និយាយ​រួម​ភ្លេងពិណពាទ្យ​ខ្មែរ​អាច​ប្រគំ​លេង​នៅក្នុង​ពិធី​ជាច្រើន​ទៀត។

ភ្លេងពិណពាទ្យ​ខ្មែរ​ត្រូវបាន​គេ​កំណត់​ និង​ចែកចេញជា​ពីរ​ប្រភេទ​ពោល​គឺ​វង់​តូច​និង​វង់​ធំ​។ តន្ត្រី​ពិណពាទ្យ​វង់​តូច​គេ​ប្រគំ​ដោយមាន​មនុស្ស​ចំនួន​ប្រាំ​នាក់​ជាមួយនឹង​ឧបករណ៍​តន្ត្រី​រួមមាន​ស្គរធំ​ពីរ សំភោរ ស្រឡៃ រនាតឯក និង​គង​វង់​ធំ​ដែល​មាន​ផ្លែ​ចំនួន​ពី​១៦​ទៅ​១៧​។ ចំណែកឯ​តន្ត្រី​ពិណពាទ្យ​វង់​ធំ​វិញ​មាន​មនុស្ស​ប្រគំ​ចំនួន​១១​នាក់ ហើយ​ឧបករណ៍​ ដែល​ត្រូវ​យក​មក​ប្រគំ​លេង​មានដូចជា ស្គរធំ​ពីរ សំភោរ រនាតឯក រនាតធុង រនាតដែក រនាត​ថោង​ធុង គង​វង់​ធំ គង​វង់​តូច ស្រឡៃ​ធំ ស្រឡៃ​តូច និង​ស​វឹង។

តន្ត្រី​ពិណពាទ្យ​មាន​ដើមកំណើត​មកពី​ឥណ្ឌា​តាំងពី​សម័យកាល​មួយ​ដ៏​យូរលង់ លុះ​ក្រោយមកទៀត​បុព្វបុរស​ខ្មែរ​យើង​ក៏បាន​ប្រែ​ផ្លាស់ប្ដូរ​បន្ថែម ​និង​បន្ថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយទៅជា​ភ្លេងពិណពាទ្យ​ខ្មែរ​ដែល​មាន​សូរសៀង​ពីរោះ​ឆ្លុះបញ្ចាំង​ពី​អំណាច​នៅក្នុង​សម័យអង្គរ ​និង​បាន​រៀបចំ​ក្លាយទៅជា​វង់​(​ក្រុម​)​វង់​តូច​-​វង់​ធំ ហើយ​សព្វថ្ងៃនេះ​នៅក្នុង​ព្រះបរមរាជវាំង​យើង​ឃើញ​មាននូវ​គ្រឿង​ភ្លេង​យ៉ាង​ពិសេស​មួយ​បែប​ដែល​ហៅថា​«​ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ​»​ដែល​មាន​ឧបករណ៍​ភ្លេង​ចម្រុះ​រហូត​ទៅដល់​១៦​មុខ​ឯណោះ៕
​ ​ ​ ​ ​ ​

​ ​

​ ​
​ ​