អ្នក​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន

អ្នក​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន



សៀមរាប ​៖​ នៅ​យប់​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ​ចុះ​ធ្វើ​​ការ​​បង្ក្រាប​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ត្រាង​ ក្នុង​ឃុំ​កណ្តែង និង​ឃុំ​មមាញ ​ក្នុង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប ហើយ​បាន​ឈាន​ដល់​ធ្វើ​ការ​ឃាត់ខ្លួន​​​ជនសង្ស័យ​ចំនួន​៦​នាក់​ ​ករណី​ប្រើប្រាស់​គ្រឿងញៀន។ ក្រោយ​ឃាត់​ខ្លួន​ក៏​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើ​តេស្ដ​ទឹកនោម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​​​ថា​ជន​សង្ស័យ​ទាំង​៦​នាក់​នោះ​ ទី​១. ឈ្មោះ​ឈួន​ ម៉ា​នី​ន ហៅ​ខ្មោច ភេទ​ប្រុស ​កើត​​​ឆ្នាំ​១៩៩៥​ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តា​ប្រាក់​ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ទី​២. ឈ្មោះ ហ៊ត់​ចំណាន ភេទ ប្រុស កើត​​​ឆ្នាំ​១៩៨៧ មុខរបរ​គ្មាន​ រស់នៅ​ភូមិ ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ទី​៣. ឈ្មោះ ម៉ាន់​សុផល ហៅ​ក្បាល​ធំ ភេទ ប្រុស​ កើត​​​ឆ្នាំ ១៩៩២ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ តា​ប្រាក់ ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ទី​៤.​ឈ្មោះ​កង​សីហា ភេទ ប្រុស កើត​​​ឆ្នាំ ១៩៩៣ មុខរបរ​ជាង​ដេរ រស់នៅ​​ភូមិ តា​ប្រាក់ ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ទី​៥. ឈ្មោះ គង់​សុខុម ភេទ​ប្រុស កើត​​​ឆ្នាំ​១៩៧២ មុខរបរ​ចុងភៅ​ រស់នៅ​​ភូមិ​មមាញ ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ទី​៦.​ឈ្មោះ សៅ សោម ភេទ ប្រុស កើត​​​ឆ្នាំ​១៩៩១ មុខ​របរ​កម្មករ​សំណង់ រស់នៅ​ភូមិ ដូនទាវ ឃុំ រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ៕