ប៉ូលិស​ចុះបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​មួយកន្លែង​ខណៈ​ខាង​ជលផល​រា​រ៉ែ​ក​

ប៉ូលិស​ចុះបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​មួយកន្លែង​ខណៈ​ខាង​ជលផល​រា​រ៉ែ​ក​



​ ​សៀមរាប ៖ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុសច្បាប់​មួយកន្លែង​កំពុង​រង់ចាំ​ចំណាត់ការ​ពី​ស្ថាប័ន​តុលាការ​ជាថ្មី​បន្ទាប់ពី​ជំនាញ​ជលផល​រា​រ៉ែ​ក​មិន​ចង់​បង្ក្រាប​។​

​ ​ហេតុការណ៍​ដ៏​ចម្រូងចម្រាស​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​ត្រង់ចំណុច​វាលស្រែ​ក្រោយ​វត្ត​អារញ្ញ​ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អ​ម៉ា​រ៉ា ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុសច្បាប់​ខាងលើ មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​៣​ធំៗ​ដែលមាន​ម្ចាស់​ឈ្មោះ ថា​ង​ង្វៀ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម​។​

​ ​លោក​បន្តថា កម្លាំង​នគរបាល​កំពុង​យាម​ទីតាំង​ស្រះ​នេះ​រហូតដល់​ខាង​ជលផល​មក​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​ហើយ​ករណី​ស្រះ​នេះ​លោក​ទុកពេល​ឲ្យ​ម្ចាស់​ស្រះ​រយៈពេល​៥​ថ្ងៃ​ឲ្យ​ចាប់​ឲ្យ​អស់​បើ​មិន​អស់​យើង​នឹងមាន​វិធាន​ការបន្ត​តាមច្បាប់​ទៅ​តុលាការ​។​

​ ​លោក​បន្ថែមថា ការចុះ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​នោះ លោក​ព្រះរាជអាជ្ញារង សំរិទ្ធ សុខុន​ជា​អ្នកដឹកនាំ​សម្របសម្រួល​នីតិវិធី។​

​ ​លោក​បន្ថែមថា បទល្មើស​ឃើញជាក់ស្តែង​តែ​ជំនាញ​មិន​សហការ​ហើយ​បញ្ជាក់ថា ធ្លាប់​ពិន័យ​និង​ធ្វើ​កិច្ចសន្យា​ពីមុនមក​។ តាមពិត​កិច្ចសន្យា​ដែល​ធ្លាប់ធ្វើ​នោះ គឺ​ឲ្យ​បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោរ​នោះ​ទៀត ហើយ​កិច្ចសន្យា​មាន​រយៈពេល​៣០​ថ្ងៃ​ប៉ុណ្ណោះ តែ​នេះ​គឺ​ធ្វើ​ពីរដង​រួចមកហើយ ហើយ​ក៏មាន​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​ដែរ​។​

​ ​ចឹ​ង​ទេ​បើ​ត្រឹម​ធ្វើ​កិច្ចសន្យា​និង​ឲ្យ​ពិន័យ ហើយ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​បន្ត​នោះ អ្នកណា​ក៏​ហ៊ាន​ឲ្យ​ពិន័យ​ដែរ​ត្រឹម​៧​ទៅ​៨​លាន​រៀល​នោះ​បើ​ស្រះ​១​ចិញ្ចឹម​ត្រី​បាន​រាប់ម៉ឺន​ដុល្លារ​។​

​ ​លោកនាយ​ការិយាល័យ​បន្ថែមថា ករណី​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​ខេត្តសៀមរាប​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​រហូត​ជិត​៤០០​កន្លែង​។​

​ ​នៅក្នុង​ហេតុការណ៍​គេ​ឃើញ​ជំនាញ​ជលផល​ចុះទៅ​កាន់​ទីតាំង​នោះដែរ ប៉ុន្តែ​នាយផ្នែក​ជលផល​ចុង​ឃ្នៀ​ស​លោកស្រី​កែវ សុភ​ក្រ័ បាន​លើកឡើងថា ខាង​លោក​មិនអាច​សហការ​បង្ក្រាប​ឬ​ចាប់​ផាកពិន័យ​ការចិញ្ចឹម​ត្រី​ឆ្តោរ​នោះទេ ពីព្រោះ​ធ្លាប់បាន​ផាក​និង​ធ្វើ​កិច្ចសន្យា​ពីមុន​រួចហើយ​រួច​ក៏​នាំគ្នា​ឡើង​ឡាន​ទៅវិញ​អស់​បន្សល់​ឲ្យ​ប៉ូលិស​បន្ត​យាម​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​នោះ​អត់បាយ​ក្រហាយ​ទឹក​រង់ចាំ​ចំណាត់ការ​ពី​តុលាការ​។​

​ ​សូមបញ្ជាក់ថា ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ខាងលើនេះ​សមត្ថកិច្ច​ធ្លាប់​ចុះបង្ក្រាប​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ ដោយ​ចាប់​កូន​ត្រី​ឆ្តោ​ជាង​១​ម៉ឺន​ក្បាល​យកទៅ​ប្រលែង​ក្នុង​បឹង​ទន្លេសាប​។ សល់​ពី​នោះ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​៨​លាន​រៀល​ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចិញ្ចឹម​។​

​ ​ប៉ុន្តែ​មកទល់ពេលនេះ​ទីតាំង​នោះ​នៅតែ​បន្ត​ចិញ្ចឹម​ហើយ​ជំនាញ​ជលផល​មិន​សហការ​បង្ក្រាប​មិនដឹងថា មាន​អ្វី​ជា​អាថ៌កំបាំង​នោះឡើយ​៕

ប៉ូលិស​ចុះបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​មួយកន្លែង​ខណៈ​ខាង​ជលផល​រា​រ៉ែ​ក​ ប៉ូលិស​ចុះបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​មួយកន្លែង​ខណៈ​ខាង​ជលផល​រា​រ៉ែ​ក​