លោកគ្រូ អ្នកគ្រូ ត្រូវ​ពង្រឹង​វិស័យ​អប់រំ ប្រកបដោយ​ការ​យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់

លោកគ្រូ អ្នកគ្រូ ត្រូវ​ពង្រឹង​វិស័យ​អប់រំ ប្រកបដោយ​ការ​យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់



ប៉ៃលិន​ ៖​ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​រដ្ឋបាល​ថ្មី ១​ខ្នង ២​ជាន់ ស្មើនឹង ២៤​បន្ទប់​នៃ​មន្ទីរអប់រំ យុវជន ​និង​កីឡា​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា លោកគ្រូ អ្នកគ្រូ ត្រូវ​តែ​ពង្រឹង​វិស័យ​អប់រំ ប្រកបដោយ​ការ​យកចិត្តទុកដាក់​បំផុត ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ដែល​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ ជា​គណៈអធិបតី​លោក​ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក​ កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រម​ទាំង​មានការ​ចូលរួម​ពី​ប្រតិភូ​អម​គណៈអធិបតី លោក​ប្រធាន អនុប្រធាន​មន្ទីរជំនាញ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុម​កាយា​រិ​ទ្ធ​កម្ពុជា យ៉ាងច្រើន​កុះករ។

លោក​តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ ​យុវជន និង​កីឡា​ ខេត្ត​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថាៈ បន្ទាប់ពី​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៦ ក្រោម​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ទីរអប់រំ​ត្រូវបាន​បង្កើតឡើង កាលនោះ​ស្ថិតនៅ​អតីត​សាលា​ចិន ជា​អគារ​មាន​កម្ពស់​២​ជាន់ ដោយនៅ​ខាងក្រោម​ជា​សាលាបឋមសិក្សា រីឯ​ជាន់​ទី​២ ជា​កន្លែងធ្វើការ​របស់​បុគ្គលិក​មន្ទីរ។ ក្រោយ​មក​ ដោយ​មើល​ឃើញ​មន្ទីរ​មាន​សភាព​ប្រេះស្រាំ ធ្លុះធ្លាយ ដំបូល​បាក់​ធ្លាក់ មាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង ទើប​លោក អ៊ី ឈាន ដែល​ជា​អភិបាលខេត្ត​ចាស់​ចូលនិវត្តន៍ និង​លោក​ កើត សុធា អភិបាលខេត្ត​ថ្មី​នេះ បានសម្រេច​ផ្តល់​ទីតាំង​ថ្មី​នៅ​ចំពោះ​មុខ ដោយ​កសាង​អាគារ រដ្ឋបាល​ថ្មី​មួយ​ជាន់​នៅ​ឆ្នាំ​២០០៤ និង​ចុងក្រោយ​គឺមាន​ការ​កសាង​អាគារ​ធំ​កម្ពស់​២​ជាន់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេល​នេះ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​៖​ អាគារ​រដ្ឋបាល​ថ្មី​ ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ បាន​សាងសង់​តាំងពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៣ និង​បញ្ចប់​ក្នុង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ប្រើ​រយៈពេល​២​ឆ្នាំ ០៥​ខែ ចំណាយ​ថវិកា​សរុប​ពីរ​ពាន់​ប្រាំបី​រយ​សាមសិប​ពាន់​លាន ដប​ប្រាំមួយ​ម៉ឺន​ពីរពាន់​រៀល​(២៨៣៤ ១៦២០០០​រៀល ) ដែល​ជា​ឥណទាន​ប្រចាំឆ្នាំ​របស់​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត។ ចំណែក​អាគារ​ទីតាំង​មន្ទីរ​ចាស់ ត្រួវបាន​ធ្វើជា​ទីតាំង​ផ្ទះសំណាក់​គ្រូបង្រៀន ដែល​បាន​បញ្ចុះ​បឋមសិលា​កសាង ក្រោម​អធិបតីភាព​ឯកឧត្ដម យស់ អ៊ាង ប្រធាន​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ។
លោក​ កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ក្រោម​នយោបាយ​ឈ្នះឈ្នះ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខេត្ត​ប៉ៃលិន​មានការ​អភិវឌ្ឍ​​​លើ​គ្រប់​វិស័យ ហើយ​នៅពេលនេះ​យើង​ទទួល​បាន​នូវ​សមិទ្ធផល​ថ្មី​មួយ​ទៀតហើយ​គឺ​អាគារ​រដ្ឋបាល​ថ្មី ១​ខ្នង ២​ជាន់ ស្មើនឹង​២៤​បន្ទប់ ដែលជា​ឥណទាន​របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត។ លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច សង្គមកិច្ច សេវា​អប់រំ លើក​កម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​ក៏​ដូច​ខេត្ត​ប៉ៃលិន បង្កើតបាន​នូវ​សមិទ្ធផល​សង្គមជាតិ​យ៉ាងច្រើន​ដូច​សព្វថ្ងៃនេះ។

បន្ទាប់មក​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​លើកឡើងថា ​៖ ខេត្ត​ប៉ៃលិន​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ក្រោយពី​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​នយោបាយ​ឈ្នះឈ្នះ ធ្វើ​ឲ្យ​ទឹកដី​ពី​សង្គ្រាម ហែកហួរ ឥត​ឈប់ឈរ មកកាន់​សន្តិភាព សុខដុមរមនា និង​ការ​អភិវឌ្ឍ​​ប្រកបដោយ​មោទនភាព។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ៖ ជាក់ស្ដែង​វិស័យ​អប់រំ ខេត្ត​ប៉ៃលិន ចាប់ផ្ដើម​ពី​គ្រូបង្រៀន​តែ​១៦​នាក់ និង​សិស្ស​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ ដោយ​សិក្សា​តាម​វត្តអារាម និង​ជ្រក​ក្រោម​បន្ទាយ​ចាស់ៗ តែ​បច្ចុប្បន្ន​យើង​មាន​សាលារៀន​គ្រប់​កម្រិត តាំងពី​មត្តេយ្យ​សិក្សា ការអប់រំ​តាម​ផ្ទះ បឋមសិក្សា មធ្យមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ។ អាគារ​សិក្សា​ថ្មី ត្រូវបាន​សាងសង់​នៅ​គ្រប់​ទីកន្លែង គ្រប់​ច្រកល្ហក​តាំងពី​ជនបទ​ដាច់ស្រយាល ដល់​​​ទីប្រជុំជន ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ សហគមន៍​ មាតាបិតា​សិស្ស និង​ដៃគូ​អភិវឌ្ឍន៍។ ជាងនេះទៅ​ទៀត​លោក រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា លោកគ្រូ អ្នកគ្រូ ត្រូវ​តែ​ពង្រឹង​វិស័យ​អប់រំ ប្រកបដោយ​ការយកចិត្តទុកដាក់​បំផុត ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ដែលជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្ដាំផ្ញើ​ដល់​មាតាបិតា​ទាំងអស់​សូម​ឲ្យ​មាតាបិតា​ឬ​អាណាព្យាបាល​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ដាស់តឿន​កូនចៅ​ឲ្យ​ខិត​ខំរៀន​សូត្រ​ដើម្បី​អនាគត​របស់​ពួកគេ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត។ សូម​ឲ្យ​យើង​ទាំង​អស់គ្នា​ចេះ​គោរព​នូវ​ច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។ ម្យ៉ាងទៀត ត្រូវ​ចូលរួម​ថែរក្សា​អគារ​រដ្ឋបាល​ថ្មី​នេះ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង សម្រាប់​លោកគ្រូ អ្នកគ្រូ​ជំនាន់​ក្រោយ​បានធ្វើ​ការសូត្រ​បន្តទៀត។ បន្ទាប់មក​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​កាត់​ខ្សែបូ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី ១ ខ្នង ២ ជាន់ ស្មើនឹង​២៤ បន្ទប់ ជូន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ផងដែរ៕

លោកគ្រូ អ្នកគ្រូ ត្រូវ​ពង្រឹង​វិស័យ​អប់រំ ប្រកបដោយ​ការ​យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់