លោក​ម៉ែន វិបុល ​ ចាត់​ទុក​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ​គឺ​ជា​ការ​ពញ្ញាក់​អារម្មណ៍​ឲ្យ​មន្ត្រីរាជការ​​​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​ផ្នត់គំនិត

លោក​ម៉ែន វិបុល ​ ចាត់​ទុក​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ​គឺ​ជា​ការ​ពញ្ញាក់​អារម្មណ៍​ឲ្យ​មន្ត្រីរាជការ​​​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​ផ្នត់គំនិត



ស្វាយរៀង ​៖ ​លោក​ម៉ែន ​វិបុល​ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​លើក​ឡើង​ថា​ ដើម្បី​អនុវត្តន៍​គោលនយោបាយ​កម្មវិធី​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ឲ្យ​បាន​ជោគជ័យ ​មន្ត្រីរាជការ​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​ផ្នត់គំនិត​ពី​អ្នកត្រួតត្រា​ទៅ​ជា​អ្នក​ផ្តល់​សេវា​ប្រកបដោយ​ភក្ដីភាព។

ការ​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ ដែល​លោក​ម៉ែន ​វិបុល ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​២៦​អនក្រ​.​បក​ចុះ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​ស្ដីពី​ការគ្រប់គ្រង​ និង​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​ និង​ឯកសារ​ពាក់ព័ន្ធ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​មីនា ឆ្នាំ​២០១៦។ ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជុក​មុន្នី ​អនុរដ្ឋលេខាធិការ​មុខងារ​សាធារណៈ ​និង​មន្ត្រីរាជការ​ ព្រម​ទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​២០០​នាក់​នៅ​សាល​ប្រជុំ​ឆ្នេរ​ទន្លេ​ក្រុង​ស្វាយរៀង។

លោក​ម៉ែន ​វិបុល ​បាន​បន្ត​ទៀត​ថា ​ក្នុង​អាណត្តិ​ទី​៥​រាជរដ្ឋាភិបាល​បាន​បន្ត​ធ្វើ​កំណែទម្រង់​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ឥត​រាថយ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ រដ្ឋបាល​សាធារណៈ ​និង​កងកម្លាំងប្រដាប់អាវុធ។

លោក​ម៉ែន ​វិបុល​ បាន​បញ្ជាក់​ថា ​ការចូលរួម​របស់​មន្ត្រី​រាជការ​នៅ​ក្នុង​កម្មវិធី​កំណែទម្រង់​ទាំង​៤​ខាងលើ ​ពិតជា​មាន​សារៈសំខាន់ ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ ​ហើយ​ជា​ឱកាស​មួយ​សម្រាប់​មន្ត្រីរាជការ​ទាំង​អស់​ក្នុង​ការ​ចូលរួម​កសាង​នូវ​រដ្ឋ​សាធារណៈ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ដូច្នេះ​មន្ត្រីរាជការ​ត្រូវ​មាន​ឆន្ទៈ​ម្ចាស់ការ​ ភក្ដីភាព ​មនសិការ ​វិជ្ជាជីវៈ​ និង​វប្បធម៌​សាធារណៈ ​ស្មោះត្រង់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សំដៅ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទាំង​សេវា​តម្រូវការ​ និង​សេវា​សំណូមពរ។

បើតាម​លោក​ម៉ែន ​វិបុល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​មន្ត្រីរាជការ​សីវិល​ទូទាំង​ខេត្ត​ស្វាយរៀង​មាន​ចំនួន​៦.៤១២​នាក់​ ស្រី​២.០១៦​នាក់ ​ក្នុង​នោះ​មន្ត្រី​រាជការ​គ្រូបង្រៀន​ចំនួន​៤.៧៥០​នាក់​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៤៧៥​នាក់៕