កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ប្រារព្ធ​ពិធី​បើកការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន កម្ពស់​៣​ជាន់

កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ប្រារព្ធ​ពិធី​បើកការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន កម្ពស់​៣​ជាន់



ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​ នៅ​ខេត្ត​ស្វាយរៀង បាន​​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​នាយ​ឧត្ដមសេនីយ៍​សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ជៀង អំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ប្រធាន​ក្រុមប្រឹក្សា ​ខេត្ត​ស្វាយរៀង ព្រមទាំង​មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ នាយ​អាវុធហត្ថ​ជា​ច្រើន​រូប​ទៀត។

លោក​ឧត្ដមសេនីយ៍ត្រី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ឡើង​អាន​របាយការណ៍ អំពី​ទីតាំង​ថ្មី ដែល​ត្រូវ​បាន​ស្ថាបនា​ឡើងលើ​ផ្ទៃដី​ចំនួន ២៨៧២៦ ម៉ែត្រក្រឡា ហើយ​ទីតាំង​ទាំងមូល​ត្រូវ​ផ្តើម សាងសង់​អគារ​មួយ​ខ្នង កម្ពស់​បី​ជាន់​ដែលមាន​ទទឹង​ង​១១​ម៉ែត្រ និង​បណ្តោយ​៥៦​ម៉ែត្រ ហើយ​ការ​សាងសង់​ត្រូវ​ប្រើ​រយៈពេល​១២​ខែ និង​ចំណាយ​ថវិកា​ ប្រមាណ ៤២៥០០០ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ថវិកា​ទាំងនោះ​បាន​មកពី​ការ​ជួយឧបត្ថម្ភ​ពី​លោក​លោកស្រី លោក​ឧកញ៉ា សប្បុរសជន ជាតិ និង​អន្តរជាតិ។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថាៈ រយៈពេល​កន្លងមក កងរាជអាវុធហត្ថ​ទាំងមូល​សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន សម្រេចបាន​ស្នាដៃ​ធំៗ​ជាច្រើន​ក្នុង​បុព្វហេតុ​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ រក្សា សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​ និង​សង្គមជាតិ ដោយ​ចូលរួម​​បង្ការ​ ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​រាល់​បទល្មើស ដូចជា​អំពើ​ប្លន់ ប្រដាប់អាវុធ ឃាតកម្ម ការជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ការជួញដូរ​មនុស្ស ការ​ចាប់ បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ អំពើ​លួច រំលោភ​សេពសន្ថវៈ និង​អំពើ​ហិង្សា ។​ល​។ ជាពិសេស​បាន​ចូលរួម​អនុវត្ត​ច្បាប់ ​និង​បទបញ្ជា​ផ្សេងៗ​ដូច​ជាៈ សហការ​ជាមួយ​នគរបាល​ជាតិ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក អង្គការ​អភិរក្ស​សត្វ​ព្រៃ​ និង​ដែល​ជីវចម្រុះ ទប់ស្កាត់ ​និង​បង្ក្រាប​ការ​កាប់​ព្រៃឈើ និង​បទល្មើស​ព្រៃឈើ​នានា ការពារ​ធនធាន​ធម្មជាតិ និង​បង្ក្រាប​បទល្មើស​គេច​ពន្ធ​ដើម្បី​ជួយ​ប្រមូល​ចំណូល​ថវិកា​​ជូន​ជាតិ​ផង​ដែរ។

បន្ទាប់មក ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ សៅ សុខា បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​លើកទឹកចិត្ត​ដល់ មេបញ្ជាការ មេបញ្ជាការ​រង នាយ​ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ទាំងអស់ និង​សូម​បន្ត​យកចិត្តទុកដាក់ បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើការ​ជា​សមូហភាព សាមគ្គីភាព​ផ្ទៃក្នុង ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ហើយ​ត្រូវ​អប់រំ​ខ្លួន​ឲ្យ​ក្លាយ​ជា​អាវុធហត្ថ​គំរូ​ និង​ឆ្នើម ដែល​ធានា​បាន​នូវ​លក្ខណៈ សម្បត្តិ​ប្រាំ​យ៉ាង​គឺ ស្មោះត្រង់ ស្អាតស្អំ សុភាពរាបសារ ឆ្លាត​វៃ ឆន្ទៈ​ក្លាហាន ​និង អំណត់​ព្យាយាម។ ទន្ទឹម​នឹង​នេះដែរ ឯកឧត្តម សូម​ឲ្យ​អស់លោក មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ផ្សេងៗ ទៀត​រៀនសូត្រ​តាម លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ផងដែរ​។ ជា​ចុងក្រោយ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់ លោក​លោកស្រី លោក​ឧកញ៉ា​សប្បុរសជន ជាតិ និង​អន្តរជាតិ ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ក្នុងការ​សាងសង់​អគារ​ថ្មី និង​ជូនពរ​លោក​គណៈអធិបតី ភ្ញៀវកិត្តិយស និង​អង្គពិធី​ទាំងមូល សូម​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ ក្នុង​ឱកាល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ។ ក្នុង​ឱកាស​នោះ​ដែរ លោក​ជៀង អំ អភិបាលខេត្ត​ស្វាយរៀង បាន​ឧបត្ថម្ភ​ថវិកា ១០.០០០​ដុល្លារ​ផង​ដែរ៕