រថយន្ត​រ៉េវ​២​គ្រឿង​ដឹក​ឈើ​មូល​៨​ដើម​ និង​រណា​យន្ត ​ត្រូវ​សហគមន៍​ឃាត់ទុក​អស់​រយៈពេល​៤​ថ្ងៃ

រថយន្ត​រ៉េវ​២​គ្រឿង​ដឹក​ឈើ​មូល​៨​ដើម​ និង​រណា​យន្ត ​ត្រូវ​សហគមន៍​ឃាត់ទុក​អស់​រយៈពេល​៤​ថ្ងៃ



ព្រះវិហារ​ ៖ ​លោក​អៀ ​សុខា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ​ខែ​មីនា ​ឆ្នាំ​២០១៦​ថា​ លោក​កំពុង​ធ្វើការ​ជាមួយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ ក្នុង​ការ​​នាំ​យក​រថយន្ត​រ៉េវ​ចំនួន​០២​គ្រឿង​ ដែល​ដឹក​ឈើ​មូល​សរុប​ចំនួន​៨​ដើម​នោះ​មក​រក្សាទុក​វិញ។ រថយន្ត​រ៉េវ​២​គ្រឿង​ ដែល​ដឹកជញ្ជូន​ឈើ​មូល​០៨​ដើម​នោះ ​ត្រូវ​បាន​ប្រជា​សហគមន៍​ឃាត់ទុក​កាលពី​ថ្ងៃ​ទី​១៨​ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍រ​វៀង​ ឃុំ​គូលែន​ជើង ស្រុក​គូលែន។

លោក​អៀ ​សុខា​ បាន​បន្ត​ថា​ ក្រុម​ពលរដ្ឋ​ទាំងនោះ​ធ្វើការ​ឃាត់ទុក​បទល្មើស​ព្រៃឈើ​ដោយ​ខ្លួនឯង​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ ដោយ​ពួកគាត់​មិន​បាន​រាយការណ៍​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ដឹង​នោះ​ទេ។ ប្រជា​សហគមន៍​នោះ​មិនទាន់​ប្រកាស​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។

លោក​អៀ ​សុខា​ ថ្លែង​ដូច្នេះ​ថា​ រថយន្ត​រ៉េវ​២​គ្រឿង ​និង​ឈើ​មូល​ចំនួន​០៨​ដើម​ជា​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​ ដែល​មាន​អាជ្ញាប័ណ្ណ​ប្រមូល​កាកសំណល់​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ប៊្លូ​ហ៊ី​វ​វិ​ន​ មាន​មូលដ្ឋាន​ក្នុងស្រុក​គូលែន ​ហើយ​ខាង​នាយក​ដែន​ជម្រក​ព្រៃឈើ​គូលែន​ព្រហ្ម​ទេព​ទើប​ដឹង​ច្បាស់​អំពី​ទំហំ​ផ្ទៃដី​វិនិយោគ។

អាជ្ញាធរ​ស្រុក​គូលែន​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ពិតជា​មាន​ករណី​ប្រជា​សហគមន៍​ឃាត់ទុក​រថយន្ត​រ៉េវ​ចំនួន​២​គ្រឿង​ដឹកឈើ​មូល​ប្រាកដ​មែន​ កាលពី​ថ្ងៃទី​១៨​ ខែមីនា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​ពោធិ៍រ​វៀង​ឃុំ​គូលែន​ជើង ស្រុក​គូលែន​ ប៉ុន្តែ​ពួកគាត់​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ទេ។ ពួកគាត់​មិន​ព្រម​ប្រគល់​រថយន្ត​ និង​ឈើមូល​ទាំងនោះ​មក​ឲ្យ​សាលាស្រុក​រក្សាទុក​នោះ​ទេ ​រហូតមកដល់​ថ្ងៃ​ទី​២២​ខែ​មីនា​នេះ។

អាជ្ញាធរ​ស្រុក​ថ្លែង​ដូច្នេះ​ថា ​ក្រុមហ៊ុន​កូ​ម៉ូ​លី​បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាលស្រុក​គូលែន​ជួយ​ចុះ​សម្របសម្រួល​ដើម្បី​សុំ​រថយន្ត​រ៉េវ​ទាំង​​២​គ្រឿង​នោះ​មក​វិញ​ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ឆ្លើយ​ថា​ វា​ជា​ការងារ​របស់​ជំនាញ​បរិស្ថាន​ ខាង​អាជ្ញាធរ​ស្រុក​បាន​ត្រឹមតែ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ឲ្យ​ទៅ​ការពារ​ និង​ឃ្លាំមើល​គ្រឿងចក្រ​ប៉ុណ្ណោះ។

រីឯ​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានឲ្យដឹងថា ​ប្រជា​សហគមន៍​បាន​ចុះ​ល្បាត​ការពារ​សហគមន៍​ព្រៃឈើ​កាលពី​ថ្ងៃទី​១៨ ​ខែមីនា ឆ្នាំ​២០១៦​ ហើយ​បាន​ប្រទះឃើញ​រថយន្ត​រ៉េវ​ចំនួន​០២​គ្រឿង​កំពុង​ដឹក​ឈើ​មូល​សរុប​ចំនួន​០៨​ដើម ​រួមទាំង​មាន​រណា​យន្ត​១​គ្រឿង​ថែមទៀត​ ក៏​នាំគ្នា​ឃាត់ទុក​តែ​ម្តង​ ​​នៅ​ចំណុច​ភូមិ​ពោធិ៍​រវៀង​ ឃុំ​គូលែន​ជើង ស្រុក​គូលែន។ ឈាន​ចូល​ថ្ងៃ​ទី​២០​ខែ​មីនា ឆ្នាំ​២០១៦​ខាង​ជំនាញ​បរិស្ថាន​ដែន​គូលែន​ព្រហ្ម​ទេព​បាន​ចុះ​ទៅ​សុំ​យក​វត្ថុ​តាង​រថយន្ត ​និង​ឈើ​មូល​ទាំងនោះ​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​វិញ ​ប៉ុន្តែ​ត្រូវ​បាន​ប្រជា​សហគមន៍​ព្រៃឈើ​បដិសេធ​មិន​ព្រម​ប្រគល់​ឲ្យ​នោះ​ទេ។

ប្រភព​ព័ត៌មាន​ដដែល​លើក​ទ្បើង​ថា ​ខាង​សហគមន៍​ព្រៃឈើ​មាន​មូលហេតុ​របស់​ខ្លួន​វិញ​ថា​ការដែល​មិន​ព្រម​ប្រគល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​រក្សាទុក​នោះ​ ដោយសារ​លើក​មុនៗ​បាន​ឃាត់ទុក ​និង​បាន​ដោះស្រាយ​គ្នា​ប្រគល់​ឲ្យ​ក្រុមហ៊ុន​កូ​ម៉ូ​លី​វិញ​ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ឈប់​ធ្វើ​សកម្មភាព​ទេ។

ប្រភពព័ត៌មាន​បាន​ដកស្រង់​រឿងរ៉ាវ​នោះ​ឲ្យ​ដឹង​ថា ​ភាគី​សហគមន៍​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ខាង​ក្រុមហ៊ុន​នៅតែ​រំលោភ​ចូល​ទៅ​កាប់​ឈើ​មូល​ដដែលៗ​ក្នុង​ដែន​សហគមន៍​ព្រៃឈើ​សរុប​អស់​ប្រមាណ​៥៣​ដើម​រួច​មកហើយ​នាពេល​កន្លងមក។ លើក​នេះ​តំណាង​សហគមន៍​នឹង​យក​រថយន្ត​និង​ឈើ​ទាំងនោះ​រួម​ទាំង​រណា​យន្ត​០១​គ្រឿង​ទៅ​ប្រគល់ជូន​តុលាការ​ខេត្ត​ព្រះវិហារ​ផ្ទាល់ដៃ​តែ​ម្តង​។​

អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​ក្រុមហ៊ុន​កូ​ម៉ូ​លី​បានទេ​នៅថ្ងៃនេះ​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​ខាងលើ​ ហើយ​ចង់​ដឹង​ថា​តើ​ខាង​ក្រុមហ៊ុន​ពិតជា​បាន​រំលោភ​ចូល​កាប់​ឈើ​របស់​ប្រជា​សហគមន៍​អស់​ចំនួន​៥៣​ដើម​ប្រាកដ​មែន​ ឬមួយ​យ៉ាងណា​?​ អ្នកសារព័ត៌មាន​រង់ចាំ​ទទួល​នូវ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ប្រមូល​កាកសំណល់​ព្រៃឈើ​ឈ្មោះ​កូ​ម៉ូ​លី​ជានិច្ច។

គួរ​បញ្ជាក់​ថា សន្ទស្សន៍​ហាងឆេង​ទីផ្សារ​ទិញ​លក់​គ្រឿង​ឈើ​លេខ​២​ប្រភេទ​ឈើ​ផ្តៀក​ក្នុងស្រុក​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​តម្លៃ​ប្រមាណ​៤០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប ​និង​ឈើ​លេខ​១​ប្រភេទ​គគីរ​មាន​តម្លៃ​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​ឯណោះ។ កត្តា​នេះ​បាន​ធ្វើឲ្យ​កើតមាន​ក្រុមហ៊ុន​ដឹកឈើ​អារ​លេខ​១​និង​លេខ​២​ច្រើន​ផង​ដែរ​ ទៅតាម​មហិច្ឆតា​លោភ​ចង់​កើប​លុយ​របស់​មនុស្ស​ ព្រោះ​វា​អាច​ចំណេញ​លុយ​យ៉ាង​ច្រើន​ឆាប់​ក្លាយទៅជា​អ្នកមាន​ថែមទៀត៕