សិក្ខាសាលា​ស្ដីពី​ការ​ស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ ដោយ​ធុង​ចម្រោះ​AQUA Septic TanK

សិក្ខាសាលា​ស្ដីពី​ការ​ស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ ដោយ​ធុង​ចម្រោះ​AQUA Septic TanK



ព្រះសីហនុ​ ៖​ សាលាខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ក្រុម​ ហេង អេ​ស៊ា ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្ដីពី​ការ​ស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ ដោយ​ធុង​ចម្រោះ AQUA Septic TanK។

ពិធី​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​តំណាង​តាម​បណ្តា​រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង ផ្ទះសំណាក់ អាជីវករ​ប្រកប​អាជីវកម្ម​ជាច្រើន​ទូទាំង​ខេត្ត​ព្រះសីហនុ ផង​ដែរ។

លោក​សាមុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ថា ​ការរៀបចំ​សិក្ខាសាលា​នេះ​មាន គោលបំណង​ឲ្យ​អង្គ​សិក្ខាសាលា​មានការ​ស្វែងយល់​ពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ ដោយ​ធុង​ចម្រោះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ​រួមចំណែក​ទប់ស្កាត់​ការ​បំពុល​សំណល់​រាវ ទឹក​ស្អុយ ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​នេះ​ជា​បុព្វហេតុ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស ជីវចម្រុះ និង​ការ​រស់នៅ​ដោយ​ចីរភាព។ សិក្ខាសាលា​នេះ​ក៏​ជា​ការ​ចែករំលែក​ដ៏​សំខាន់​ និង​ការ​ផ្ដល់​បទពិសោធន៍​​ ​និង​ការ​ផ្សព្វផ្សាយ​ស្ដីពី​​បទដ្ឋាន​ច្បាប់​កិច្ច​ការពារ​បរិស្ថាន​ ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ក៏​ដូចជា​អនុក្រឹត្យ​ស្ដីពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​រួម​នឹង​បទបញ្ញត្តិ​នានា​ផង​ដែរ។

លោក​យន្ត មីន ​​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នា​ឧកាស​នោះ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា បច្ចុប្បន្ន ​ខេត្ត​ព្រះសីហនុ បាន​កាត់បន្ថយ​ច្រើន​ចំពោះ​ការ​បំពុល​បរិស្ថាន និង​ការ​បង្ហូរទឹក​សម្អុយ​ចូល​សមុទ្រ ដែល​កន្លងមក​ខេត្ត​ព្រះសីហនុ នៅ​ពុំ​ទាន់​មាន​ការ​រៀបចំ។

ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​ម្ចាស់​ផ្ទះ សំណាក់ អូតែល ភោជនីយដ្ឋាន រួម​នឹង​ប្រជាពលរដ្ឋ​ទូទៅ​សូម​ឲ្យ​មានការ​យល់ដឹង និង កុំ​បង្ហូរ ទឹក​សម្អុយ​ចូល​ក្នុង​សមុទ្រ ត្រូវ​បង្ហូរ​ចូល​ក្នុង​អាង​ចម្រុះ ដែល​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លងមក ដើម្បី​រក្សា​ការពារ​បរិស្ថាន​ទាំង​អស់​គ្នា ​ពីព្រោះ​បរិស្ថាន​ល្អ ​ទី​ក្រង​ស្អាត​គឺ​ផ្ដើម​ពីរ​យើង ទាំងអស់គ្នា។ បច្ចុប្បន្ន ខាង​មន្ទីរជំនាញ​បរិស្ថាន​បាន កំពុង ខិតខំ​ប្រឹងប្រែង​រៀបចំ​ប្រព័ន្ធ​ចម្រុះ​សំណល់​រាវ ទឹក​សម្អុយ នៅក្នុង​ខេត្ត និង តាម​កោះ​ដែល​មាន​ទីប្រជុំ ដូចជា​នៅ​កោះរុង កំពុង​រៀបចំ​អាង​ចម្រុះ​មួយកន្លែង និង ខេត្ត​ព្រះសីហនុ ផ្លូវ ៥០២ មួយកន្លែង​ ចុង​អូរ​ឈើទាល​មួយកន្លែង និង​អាង​ប្រព្រឹត្តិកម្ម​របស់​ខេត្ត ដែល​មន្ទីរ​សាធារណការ​ជា​អ្នកគ្រប់គ្រង៕

សិក្ខាសាលា​ស្ដីពី​ការ​ស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ ដោយ​ធុង​ចម្រោះ​AQUA Septic TanK