រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា ​អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​អាវុធ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា ​អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​អាវុធ

រដ្ឋមន្រ្តី​ក្រសួងការពារជាតិអ៊ុយក្រែន​លោក​​ឧត្ដមសេនីយ៍​ Stepan Poltorak ថ្មីៗ​នេះ​បាន​ពិភាក្សា​ជា​មួយ​ VOA កាលពីថ្ងៃទី០៣ ខែ​មិនា ឆ្នាំ២០១៦ អំពី​ បញ្ហា​ប្រឈម​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន​ជួប​ប្រទះ។រយៈ​ពេល​ពីរ​ឆ្នាំ​ធ្លាក់​ក្នុង​សង្គ្រាម​ដែល​ត្រូវ​បាន​គេ​ស្ទើរ​តែ​បំភ្លេច​បាត់​ទៅ​ហើយ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ថ្លែង​ថា​ អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​ជំនួយ​ផ្នែក​យោធា​ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ថែមទៀត ខណៈ​ដែល​យោធា​អ៊ុយក្រែន​បន្ត​ធ្វើ​ទំនើបកម្ម។​
កៀវ—

រយៈ​ពេល​ពីរ​ឆ្នាំ​ធ្លាក់​ក្នុង​សង្គ្រាម​ដែល​ត្រូវ​បាន​គេ​ស្ទើរ​តែ​បំភ្លេច​បាត់​ទៅ​ហើយ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ថ្លែង​ថា​ អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​ជំនួយ​ផ្នែក​យោធា​ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ថែមទៀត ខណៈ​ដែល​យោធា​អ៊ុយក្រែន​បន្ត​ធ្វើ​ទំនើបកម្ម។​ លោក​ឧត្ដមសេនីយ៍​ Stepan Poltorak ថ្មីៗ​នេះ​បាន​ពិភាក្សា​ជា​មួយ​ VOA អំពី​ បញ្ហា​ប្រឈម​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន​ជួប​ប្រទះ។​

លោក​ថ្លែង​ថា​ យោធា​របស់​លោក​មិន​ពុករលួយ​ដូច​មុន​ពេល​ដែល​លោក​ទើប​តែ​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៅ​ឆ្នាំ​ ២០១៤​នោះ​ទេ។​ ប៉ុន្តែ​លោក​ថ្លែង​ថា​ អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​ជំនួយ​ច្រើន​បន្ថែម​ទៀត​ ដោយ​សារ​តែ​រុស្ស៊ី​មិន​បាន​បង្ហាញ​សញ្ញា​ថា​នឹង​ឈប់​លុកលុយ​ភាគ​ខាង​កើត​នៃ​ប្រទេស​របស់​លោកនោះ​ទេ។​

សង្គ្រាម​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ស្មារតី​ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍​ Stepan Poltorak បាន​ប្រាប់​ VOA ថា​ ការ​គំរាមកំហែង​នៅ​តែ​ធំ​ ហើយ​កង​កម្លាំង​របស់​លោក ​កំពុង​ប្រុងប្រៀប​ខ្លួន​ការ​ពារ​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​គ្រប់​ពេល​វេលា។​

លោក​ឧត្ដមសេនីយ៍​ Stepan Poltorak ថ្លែង​ថា៖«សហព័ន្ធ​រុស្ស៊ី​ បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​យោធា​ជា​ច្រើន​ដល់​តំបន់​ Donetsk និង​តំបន់​ Luhansk។​ គ្រាន់​តែ​ស្រមៃ​គិត​ថា​ ពួក​គេ​មាន​កាំភ្លើង​ធំ​ ១០០០គ្រឿង​ ហើយ​ពួក​គេ​មាន​រថក្រោះ​ចម្បាំង​ ៦០០គ្រឿង​ ខ្ញុំ​គិត​ថា​ចំនួន​នោះ​គឺ​គ្រប់​គ្រាន់​សម្រាប់​បំពាក់​កង​ទ័ព​នៃ​ប្រទេស​តូច​មួយ​របស់​សហភាព​អឺរ៉ុប​ហើយ»។​

នៅ​ពេល​ដែល​សង្គ្រាម​ទើប​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ វា​មាន​ភាព​ងាយស្រួល​សម្រាប់​កង​កម្លាំង​រុស្ស៊ី​ ក្នុង​ការ​លុកលុយ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​កើត​របស់​អ៊ុយក្រែន។​

លោក​ឧត្ដមសេនីយ៍​ Stepan Poltorak ថ្លែង​បន្ថែម​ថា៖«តាម​ពិត​ទៅ​ តាំង​ពី​ចាប់​ផ្ដើម​ជម្លោះ​នេះ​មក​ម្លេះ​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន​ ហាក់​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។​ កង​កម្លាំង​របស់​យើង​ដែល​អាច​ប្រយុទ្ធ​បាន​ពិត​ប្រាកដ​នោះ​មាន​ត្រឹម​ ៥​ទៅ៥០០០​ក្រុម​ប៉ុណ្ណោះ។ ស្ថាន​ភាព​នៅ​ពេល​នោះ​គឺ​ដោយ​សារ​តែ​ការ​ដឹកនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នា​ពេល​នោះ ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​បំផ្លិច​បំផ្លាញ​ក្រសួង​ការពារ​ប្រទេស​នេះ។​ ប៉ុន្តែ​ពួក​យើង ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ច្រើន​ហើយ។​ ពួក​យើង​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្រើន​ហើយ ដោយ​មានជំនួយ​ដែល​យើង​បាន​ទទួល​នោះ»។​

លោក​ Poltorak ថ្លែង​ថា​ អ៊ុយក្រែន​ដឹង​គុណ​ជា​និច្ច​ចំពោះ​ជំនួយ​ដែល​មិន​បង្ក​គ្រោះថ្នាក់​របស់​អាមេរិក​ដែល​មាន​តម្លៃ​២៦៥លាន​ដុល្លារ ភាគ​ច្រើន​គឺ​ជំនួយ​ដែល​ផ្ដោត​លើការ​ហ្វឹកហ្វឺន។​ លោក​ថ្លែង​ថា​ ជំនួយ​នេះ​បាន​ជួយ​ឲ្យ​យោធា​អ៊ុយក្រែន​ទប់​ស្កាត់​ពួក​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ក្នុង​ការ​យក​ទឹក​ដី​អ៊ុយក្រែន​បន្ថែម​ទៀត។​ ការ​ធ្វើ​កំណែ​ទម្រង់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ នៅ​តែ​បន្ត​ផង​ដែរ។​

ប៉ុន្តែ​លោក​ថ្លែង​ថា​ អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការ​អាវុធ​សម្រាប់​បាញ់​រថក្រោះ​និង​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស​ ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី​ ក្នុង​អំឡុង​ពេល​ដែល​កង​កម្លាំង​យោធា​របស់​អ៊ុយក្រែន​ ធ្វើ​ទំនើបកម្ម។​

«ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អំពី​ការពិត​ថា​ ពួក​យើង​សុំ​ជំនួយ​ផ្នែក​យោធា​មិន​មែន​មាន​ន័យ​ថា​ពួក​យើង​ចង់​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​វាយលុក​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ការពារ​បូរណភាពទឹកដី​និង​អធិបតេយ្យភាព និង​រក្សា​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ប៉ុណ្ណោះ»។​

សហរដ្ឋអាមេរិក​ មិន​មាន​បំណង​ផ្ដល់​ជំនួយ​ណា​មួយ​ដែល​អាច​ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​ដល់​អ៊ុយក្រែន​នោះ​ទេ​ មួយ​ផ្នែក​គឺ​ដោយ​សារ​តែ​អាមេរិក​ចង់​ជៀសវាង​ការ​ប្រឈម​មុខ​ជា​មួយ​នឹង​រុស្ស៊ី។​ ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ជម្លោះ​នេះ​គឺ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​តាំង​ពី​ដំបូង​រួម​មក​ហើយ​ថា​ មិន​ផ្ដល់​ជំនួយ​យោធា​នោះ​ទេ។

គោលដៅ​រយៈពេល​វែង​របស់​ប្រទេស​លោក​ខាង​លិច​គឺ​ផ្ដល់​ជំនួយ​ផ្នែក​ហ្វឹកហ្វឺន​ដើម្បី​ធ្វើ​ឲ្យ​កង​កម្លាំង​អ៊ុយក្រែន ​អាច​សហការ​ជាមួយ​អង្គការ​ អូតង់​បាន។​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ថ្លែង​ថា​ ផ្លូវ​ដែល​ប្រទេស​នេះ​កំពុង​ដើរនោះ​គឺ​ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ៕​

ប្រែសម្រួល​ដោយ ស្រេង​ លក្ខិណា​