លោក​អូបាម៉ា​​លើក​ឡើង​ពី​ទំនាក់​ទំនង​​ពី​មុន​និង​ពេល​អនាគត​​ក្នុងសុន្ទរកថា​ទៅ​កាន់​ប្រជាជន​គុយបា

លោក​អូបាម៉ា​​លើក​ឡើង​ពី​ទំនាក់​ទំនង​​ពី​មុន​និង​ពេល​អនាគត​​ក្នុងសុន្ទរកថា​ទៅ​កាន់​ប្រជាជន​គុយបា

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​ការ​ទទួល​រាក់​ទាក់ពី​ទស្សនិកជន​ នៅ​មុន​ពេល​​លោក​ថ្លែង​សុន្ទរកថា​មួយ​នៅ El Gran Teatro de Havana កាល​ពីថ្ងៃទី២២ ខែ មីនា​ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​បានថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​គុយបា​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ផ្តោត​ទៅ​លើ​ប្រវត្តិសាស្រ្ត​ដ៏​ស្មុគស្មាញ​រវាង​ប្រទេស​ដែល​ជា​អតីតសត្រូវ​នៅ​ក្នុង​សង្គ្រាម​ត្រជាក់​ទាំង​២ ដែល​នេះ​គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​ឲ្យ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​២​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ ហើយ​វា​ទស្សនវិស័យ​របស់​លោក​ចំពោះ​ទំនាក់ទំនង​នា​ពេល​អនាគត។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា សុន្ទរកថា​របស់​លោក អូបាម៉ា​ នៅ El Gran Teatro de Havana ដែលជា​សារ​សំខាន់​បំផុតនៃដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​គុយបា​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក។ លោក​ប្រធានាធិបតី អូបាម៉ា ក៏​នឹង​ចូលរួម​ទស្សនា​ការប្រកួត​បាល់​បោះ​ រវាង​ក្រុម​ Tampa Bay Rays ​របស់​ក្របខ័ណ្ឌ ​Major League Baseball​ របស់​អាមេរិក​ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​គុយបា​ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក ​អូបាម៉ា ​ក៏​បាន​លើក​ឡើង​អំពី​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​គុយបា​ដែរ​ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​អំពី​ភាពខុស​គ្នា​ខ្លាំង​រវាង​ប្រទេស​ទាំង​២​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។

បន្ទាប់​ពី​កិច្ចប្រជុំ​ដែល​មាន​លក្ខណៈ​ស្មោះត្រង់​និង​ឥត​លាក់លៀម​នៅ​ក្នុង​រដ្ឋធានី ឡាហាវ៉ាន ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ លោក អូបាម៉ា និង​លោកប្រធានាធិបតី​គុយបា Raul Castro បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ។​

លោក​ អូបាម៉ា​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «នេះ​គឺ​ជា​ពេលវេលា​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​ប្រទេស​គុយបា»។

លោក​ប្រធានាធិបតី​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​លើកឡើង​យ៉ាង​ច្បាស់​លាស់​ទៅ​កាន់​លោក​ Castro ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស «ប៉ុន្តែ​អនាគត​របស់​ប្រទេស​គុយបា​គឺ​មិន​មែន​សហរដ្ឋអាមេរិក​ឬ​ប្រទេស​ដទៃទៀត​ជា​អ្នកសម្រេច​នោះទេ។ អនាគត​របស់​គុយបា​នឹង​ត្រូវ​សម្រេច​ដោយ​ប្រជាជន​គុយបា​ខ្លួន​ឯង»៕