​យុវជន​ខ្មែរ​ម្នាក់​រកស៊ី​នៅ​សិង្ហបុរី​បរាជ័យ​​វ័យក្នុង​១៨​ឆ្នាំ ​ឥឡូវ​មាន​ក្រុមហ៊ុន​៥​ក្នុង​ដៃ​

សហគ្រិន៖ “គ្មាន​បរាជ័យ​ទេ​​នៅ​ក្នុង​ជីវិត ប៉ុន្តែ​យើង​បរាជ័យ​លុះតែ​​បោះ​បង់​ចោល​” ​ នេះ​ជា​​សម្ដី​​សហគ្រិន​វ័យក្មេង​រូប​សង្ហា​ម្នាក់​​ ដែល​​រៀន​ផង​ ​រកស៊ី​ផង​​ ខណៈ​ពេល​​​បរាជ័យ​ក្នុង​វ័យ​១៨​ឆ្នាំ​នៅ​ប្រទេស​​សិង្ហបុរី តែ​ដោយ​សារ​​ពាក្យ​មួយ​ឃ្លា​នេះ​ តែង​​ក្រើនរំលឹក​​និង​​លើក​ទឹកចិត្ត​​ ​ក្នុង​ការ​ពង្រឹង​ឆន្ទៈ​របស់​លោក​ រហូត​​ធ្វើ​​ឲ្យ​បាន​ធ្វើឲ្យ​លោក​មាន​ក្រុមហ៊ុន​៥​នៅ​ក្នុង​ដៃ។​

តើ​បុរស​​ម្នាក់​នេះ​ជា​នរណា​ មាន​ប្រវត្តិ​ដូចម្ដេច ​និង​រកស៊ី​អ្វីខ្លះ​ ទើប​ធ្វើឲ្យ​លោក​ជោគជ័យ​​បែប​នេះ​? ដូច្នេះ​ដើម្បី​ជា្រប​ច្បាស់ ​សូម​ប្រិយ​មិត្ត មិត្ត​អ្នក​អាន​ មើល​អត្ថបទ​ខាង​ក្រោម​នេះ ដែល​គេហទំព័រ​ ខេឃ្យូប​បាន​ជួប​សម្ភាសន៍​ជា​សហគ្រិន​វ័យក្មេង​រូប​នេះ​​​​។​

លោក​ លួន អាន​ចំណេះ​ បាន​កើត​​​នៅ​លើ​​ទឹកដី​អង្គរ ​​ក្នុង​ខេត្ត​សៀមរាប​ ដែល​មាន​ក្រុម​គ្រួសារ​ សុទ្ធ​សឹង​ជា​មន្ត្រីរាជការ​ រីឯ​ការសិក្សា​វិញ​ លោក​ជា​អតីត​និស្សិត​ដែល​​​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​ប្រទេស​សិង្ហបុរី នៅ​អំឡុង​ឆ្នាំ​២០១១​។

ខណៈ​ពេល​កំពុង​សិក្សា​នៅ​ក្នុង​​ឆ្នាំ​២០០៩​ លោក​បាន​ចូល​បម្រើ​ការងារ​​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ​ជា​​ មន្ត្រី​ផ្នែក​ទី​ផ្សារ​​​​​​ ​អម​ជាមួយ​នឹង​ការ​ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​ដែល​បាន​មក​ព្យាបាល​​ផង​ដែរ​ ដោយ​ពេល​​នោះ​​ លោក​ទទួល​បាន​ប្រាក់​បៀវត្ស​ប្រហែលជា​១៥០០​ដុល្លារ​សិង្ហបុរី។
​យុវជន​ខ្មែរ​ម្នាក់​រកស៊ី​នៅ​សិង្ហបុរី​បរាជ័យ​​វ័យក្នុង​១៨​ឆ្នាំ ​ឥឡូវ​មាន​ក្រុមហ៊ុន​៥​ក្នុង​ដៃ​
ផ្តើម​ចេញពី​​បញ្ហា​ជួប​ប្រទះ​មក​រៀន​នៅ​សិង្ហបុរី​ ទើប​​បើក​អាជីវកម្ម

កើត​ចេញពី​​បញ្ហា​ជួប​ប្រទះ​អំឡុង​ពេល​រៀន​និង​ស្នាក់​នៅ​ប្រទេស​អភិវឌ្ឍន៍​ក្នុង​​តំបន់​​អាស៊ាន​​មួយ​នេះ លោក​ក៏​បាន​ពិភាក្សា​គ្នា​មិត្ត​ភក្តិ​មក​ពី​ស្រុក​ខ្មែរ​ ដោយ​សួរ​​ថា​ ហេតុ​អ្វី​មិន​ធ្វើ​អាជីវកម្ម​មួយ​រួម​គ្នា​ទៅ​?​ ក្នុង​ការ​ផ្ដល់​សេវាកម្ម ​​នាំ​និស្សិត​ខ្មែរ​មក​រៀន​នៅ​​សិង្ហបុរី​ ដោយ​​ផ្ដល់​ទាំង​​សេវាកម្ម ​ស្នាក់​នៅ​ផង​ដែរ។

មិន​យូរ​ប៉ុន្មាន​ដោយ​សារ​តែ​​ការ​ធ្វើ​​ជំនួញ​បែបសហការ (Business Partnership)​ ជា​លើក​ដំបូង​និង​​​មិន​សូវ​យល់​ពី​ការ​រកស៊ី​លើ​​អាជីវកម្ម​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​លោក​​មិនបាន​ជោគជ័យ​ឡើយ​ ហើយ​ឈាន​ដល់​ការ​​ខាតបង់​រហូត​ដល់​​​ម្នាក់​​ជិត​ ១ ម៉ឺន​​ដុល្លារ​ ដែល​ដំបូង​ឡើយ​​បាន​ចាប់​ផ្ដើម​ដោយ​​​ប្រើ​ដើមទុន​ជាមួយ​មិត្តភ័ក្ដិ​៣​នាក់​ ​ក្នុង​ម្នាក់ៗ ១២០០ ទៅ​ ១៣០០​ ដុល្លារ​ប៉ុណ្ណោះ​​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ការ​បរាជ័យ​មិនមែន​​​ជា​ឧបសគ្គ​​ឡើយ​​សម្រាប់​លោក​ ក៏​ព្រោះ​តែ​លោក​បាន​​​លើក​ឡើង​ថា “គ្មាន​បរាជ័យ​ទេ​​នៅ​ក្នុង​ជីវិត ប៉ុន្តែ​យើង​បរាជ័យ​លុះតែ​​បោះ​បង់​ចោល​” ​ ដែល​ឃ្លា​មួយ​នេះ​​ តែងតែ​ក្រើនរំលឹក​​និង​​លើក​ទឹកចិត្ត​​ ​ក្នុង​ការ​ពង្រឹង​ឆន្ទៈ​របស់​លោក​ រហូត​​ធ្វើ​​ឲ្យ​គោល​បំណង​​ក្លាយ​ជា​ការពិត។

បន្ទាប់​​ពី​​ត្រឡប់​មក​ស្រុកខ្មែរ​វិញ លោក​ក៏​បាន​បន្ត​ការ​រក​ស៊ី​បែប Business Partnership​ នេះ​ ​ជាមួយ​មិត្តភ័ក្ដិ​​រាប់​អាន​គ្នា​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​ ដែល​មាន​ជំនាញ​​ផ្នែក​​​ចុងភៅ​។​​​​​​​​​ ការ​ចាប់​​បើក​ម្ដង​​ទៀត​នេះ​​​ លោក​បាន​រកស៊ី​លើ​​ផ្នែក​ម្ហូបអាហារ​​ ដោយ​ប្រើប្រាស់​ដើមទុន​រួមគ្នា​​និង​ខ្ចី​ក្រុម​គ្រួសារ​ខ្លះ​នោះ​​ សរុប​ប្រហែល​ជា​ជិត​ ៣ ម៉ឺន​​ ដុល្លារ​អាមេរិក។

​ទន្ទឹម​​​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​អាជីវកម្ម ជាមួយ​នឹង​​ទឹក​ចិត្ត​មិន​ចេះ​រាថយ​​ ព្រមទាំង​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ពី​ការ​បរាជ័យ​នៃ​រកស៊ី​លើក​ដំបូង​នៅ​សិង្ហបុរី​​​​នោះ​ បាន​ធ្វើ​ឲ្យ​លោក​ជោគជ័យ​បន្តិច​ម្តង​ៗ​ រហូត​មក​ដល់​ពេល​នេះ​​​​ លោក​មាន​ក្រុមហ៊ុន​ ៥​ហើយ ដែល​ក្រុមហ៊ុន​ទាំង​៥​នេះ​ លោក​មាន​ដើម​ទុន​លើស​ពី​​៥០​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ។​​​​​​​​​​​​​​
​យុវជន​ខ្មែរ​ម្នាក់​រកស៊ី​នៅ​សិង្ហបុរី​បរាជ័យ​​វ័យក្នុង​១៨​ឆ្នាំ ​ឥឡូវ​មាន​ក្រុមហ៊ុន​៥​ក្នុង​ដៃ​
ការ​ក្រើនរំលឹក​ ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម

ទាក់ទិន​និង​ចំណុច​នេះ​លោក​មាន​​ប្រសាសន៍​ប្រាប់​ ខេឃ្យូប​ឲ្យ​ដឹង​ថា​ ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​​ តាម​បទពិសោធន៍​របស់​លោក​ អ្នក​រកស៊ី​គឺ​​ត្រូវ​មាន​បី​កត្តា​​​​សំខាន់​ៗ​ ដែល​រួម​មាន ទី​មួយ​សំដៅ​លើ​កត្តា​ដើមទុន ទី​២​ ពេលវេលា​ និង​​ទី​៣ បទ​ពិសោធន៍​។

ជាក់ស្ដែង​ នៅ​ពេល​បើក​ភោជនីយដ្ឋាន​ដំបូង​ លោក​បាន​ដឹង​ខ្លួន​ឯង​ច្បាស់​ថា​ មិន​ចេះ​លើក​ផ្នែក​ចម្អិន​អាហារ​ទេ​ តែ​លោក​មាន​ដើមទុន​​ខ្លះ​ និង​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រកស៊ី​ ដូច្នេះ​លោក​បាន​ទៅ​រក​មិត្តភ័ក្ដិ​ដែល​​មាន​ជំនាញ​ព្រមទាំង​មាន​បទពិសោធន៍​ផ្នែក​ចុងភៅ​​​​​ ដើម្បី​បើក​មុខរបរ​រក​ស៊ី​នេះ​​រួម​គ្នា។

​​លោក​បន្ត​ទៀត​ថា​ បើ​​ខ្លួន​ឯង​មាន​តែ​ដើម​ទុន​នោះ​​ ត្រូវ​រត់​ទៅ​រក​អ្នក​មាន​​ជំនាញ​ឬ​បទ​ពិសោធន៍​ ​ និង​អ្នកមាន​ពេលវេលា​ តែ​បើ​​មាន​ពេលវេលា​និង​មាន​បទពិសោធន៍​ ​ខ្វះ​ដើម​ទុន​ ត្រូវ​រត់​ទៅ​​រក​អ្នក​មាន​ហិរញ្ញវត្ថុ​ដូចគ្នា​ដែរ ហើយ​អ្នក​រក​ស៊ី​ខ្លះ​មាន​មុខ​របប​ច្រើន​ ពួក​គេ​អត់​មាន​ពេល​វេលា​ទេ​ ដូច្នេះ​ពួកគេ​តែង​តែ​មក​រក យុវជន​ក្មេង​ៗ​ដែល​មាន​ពេល ​មាន​បទពិសោធន៍​ខ្លះ​​ និង​មាន​ឆន្ទៈ​ក្នុង​ការ​រៀន​ឲ្យ​មក​ធ្វើការ​ជាមួយ​ ដើម្បី​ជួយ​គ្រប់គ្រង។​​​​​​​
​​​​
បច្ចុប្បន្នភាព​​​​

សព្វថ្ងៃ​នេះ​លោក​ លួន​ អាន​ចំណេះ​ មាន វ័យ​២៨​ឆ្នាំ មាន​តួនាទី​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ​ និង​ជា​អគ្គលេខាធិការ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​​​ ព្រម​ទាំង​មាន​មុខរបរ​រកស៊ី​ ចំនួន​៥​ ក្រុម​ហ៊ុន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ក្រុមហ៊ុន​ទាំង​នោះ​ ​រួមមាន​ ទី​មួយ៖ តារា ប៊ីប៊ីឃ្យូ​ (Dara BBQ) ទីពីរ៖ ភោជនីយដ្ឋាន The Palmboo Restaurant ទីបី៖ The Landing Point Villa Hotel ទី​៤ LA SIEVPOV Bookshop ​និង​ទី​៥​​ The Landing Gold Villa Hotel ។

ការ​ផ្ដាំ​ផ្ញើ​​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​រូប​នេះ​ លើកឡើង​ថា​ នៅ​ពេល​​ណា​ចង់​រកស៊ី លក្ខណៈ Business Partnershipនេះ​ ​ អ្នក​​​គួរ​​តែ​ទៅ​រក​មនុស្ស​ទាំង​បី​ប្រភេទ​ខាង​លើ​នេះ ហើយ​សព្វ​ថ្ងៃ​ក៏​មាន​មនុស្ស​ទាំង​បី​ប្រភេទ​នេះ​ច្រើន​ណាស់​ដែរ ដែល​កំពុង​រង់ចាំ​​ចាប់​ដៃ​គូ​ជាមួយ​អ្នក​​ ពីព្រោះ​ថា​ពួក​គេ​មាន​លុយ ​ប៉ុន្តែ​មិន​ដឹង​ថា​គួរ​ទៅ​ចាប់​ផ្ដើម​​រក​ស៊ី​អ្វី​។

ដើម្បី​អាច​ទៅ​ជួប​មនុស្ស​ទាំងអស់​នោះ​បាន ​​​​អ្នក​​​គួរ​ចំណាយ​ពេល​ចេញ​មក​ក្រៅ​​ខ្លះ ឲ្យ​ស្គាល់​គេ​ឯង​ខ្លះ​ ជាពិសេស​ការ​​ប្រឡូក​នៅ​ក្នុង​សកម្មភាព​សង្គម​​​ ទោះបីជា​ដឹង​ថា​​​ពេលវេលា​ជួប​ក្រុម​គ្រួសារ​ នា​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​បុណ្យទាន ជា​ឧបសគ្គ​សម្រាប់​អ្នក​ធ្វើការ​ឲ្យ​គេ​ក៏​ដោយ​។​​​​
​​​​​
ម្យ៉ាង​ទៀត​ ​លោក​បាន​​សង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំនួន​តែង​ជួប​បញ្ហា​ហើយ​រត់​គេច​​មិន​​ព្យាយាម​ដោះ​ស្រាយ​ទេ​​ ដូច្នេះ​​ធ្វើឲ្យ​ពួកគេ​ជួប​បញ្ហា​នោះ​មិន​ចេះ​ចប់​​ ជាមួយ​​នឹង​ឧបសគ្គ​ផ្សេងៗ​​ទៀត។ ចំពោះ​លោក​បាន​ឲ្យ​ដឹង​ថា​ ឧបសគ្គ​នោះ​​ គ្រាន់តែ​ជា​បញ្ហា​​សាកល្បង​ខ្លួន​លោក​​ប៉ុណ្ណោះ។ ជាឧទាហរណ៍​​ប្រសិន​ជា​លោក​ជួប​​បញ្ហា​នឹង​លុយ​ ១០០​ដុល្លារ ​ហើយ​អាច​​ដោះស្រាយ​វា​​បាន​ នោះ​ បញ្ហា​លុយ​ ២០០ ឬ​ ១០០០​ដុល្លារ ​​​លោក​ក៏​អាច​ដោះស្រាយ​បាន​ដែរ​៕

ប្រភព៖ kqube

  • ​យុវជន​ខ្មែរ​ម្នាក់​រកស៊ី​នៅ​សិង្ហបុរី​បរាជ័យ​​វ័យក្នុង​១៨​ឆ្នាំ ​ឥឡូវ​មាន​ក្រុមហ៊ុន​៥​ក្នុង​ដៃ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ជីវិតនិងសង្គម
Tags: