អាការៈប្រតិកម្មជាមួយថ្នាំ

តាម​ការ​សន្និដ្ឋាន ដោយ​ផ្អែកលើ​គោលការណ៍​វេជ្ជសាស្ត្រ មនុស្សគ្រប់​រូប​អាច​មាន​ឱកាស​ប្រតិកម្ម​ថ្នាំ​បាន​គ្រប់​គ្នា គ្រាន់​តែ​មាន​ឱកាស​តិច ឬ​កើន​ឡើង​ញឹកញាប់​ប៉ុណ្ណោះ។ ឧបមា​ថា​នៅ​ពេល​អ្នក​កើត​អាការៈ​ប្រតិកម្ម​ថ្នាំ​ តើ​អ្នក​អាច​ដឹង​បាន​យ៉ាង​ដូចម្តេច​? ខាងក្រោម​ជា​ចម្លើយ​​ខ្លះ​ៗ​សម្រាប់​លោក​អ្នក៖

កត្តា​ប្រឈម​ដែល​អាច​បង្ក​ឲ្យ​កើត​អាការ​ប្រតិកម្ម​ថ្នាំ៖

ប្រភេទ​របស់​ថ្នាំ : ក្រុម​ថ្នាំ​ដែល​បង្ក​ឲ្យ​កើត​អាការ​ប្រតិកម្ម​ញឹកញាប់ គឺ​ថ្នាំ​អង់​ទីប៊ីយ៉ូទិក ថ្នាំ​សម្លាប់ មេរោគ ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​បំបាត់​រលាក និង​ថ្នាំ​ការពារ​កន្ត្រាក់​សាច់ដុំ។

ខ្លួន​អ្នក​ជំងឺ​ផ្ទាល់ : មនុស្ស​មួយ​ចំនួន​មាន​អាការ​ប្រតិកម្ម​ថ្នាំ​ខ្លាំង​ក្លា ប្រតិកម្ម​តិច ឬ​មិន​ប្រតិកម្ម​សោះ ឡើយ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​ប្រចាំ​កាយ ឬ​អាយុ​ដែល​កាន់​តែ​ច្រើន​ផង​ដែរ​។

បាន​ទទួល​ថ្នាំ បរិមាណ​ច្រើន និង​រយៈ​ពេល​យូរ : អាច​កើត​ឡើង​ក្នុង​ករណី​ខ្លះ​ ប៉ុន្តែ​តិច​បំផុត​ព្រោះ ភាគ​ច្រើន ការ​បាន​ទទួល​ថ្នាំ​លើក​ដំបូង ក៏​បង្ក​ឲ្យ​កើត​អាការ​ប្រតិកម្ម​បាន។

លក្ខណៈ​ផ្នែក​តំណពូជ : បច្ចេកវិទ្យា​បច្ចុប្បន្ន​អាច​ត្រួត​ពិនិត្យ​លក្ខណៈ​ផ្នែក​តំណពូជ​បាន​ថា​ មាន​ការ ប្រតិកម្ម​ថ្នាំ ឬ​អត់? ប៉ុន្តែ​អាច​ប្រើ​បាន​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន​ប៉ុណ្ណោះ។

អាការ​នៃ​ការ​ប្រតិកម្ម​ថ្នាំ ដែល​កើត​ឡើង ៖

ស្បែក: កន្ទួល​ក្រហម អាការ​ហើម​តាម​ត្របក​ភ្នែក បបូរ​មាត់ ដៃ និង​ជើង​ជាដើម។

ប្រព័ន្ធ​ផ្លូវ​ដង្ហើម : ដូចជា ជំងឺ​ហឺត ដក​ដង្ហើម​ស្ទះ ណែន​ដើមទ្រូង ក្អក​ដាច់​ៗ​ជាដើម។

ប្រព័ន្ធ​បេះដូង និង​សរសៃ​ឈាម : ដូចជា សម្ពាធ​ឈាម​ទាប បេះដូង​លោត​ញាប់​ជាដើម។

ប្រព័ន្ធ​ផ្លូវ​អាហារ : ដូចជា រមួល​ពោះ ចង់​ក្អួត រាក​រួស​ជាដើម។

ផ្សេងៗ : ដូចជា ល្ហិតល្ហៃ ក្រពេញ​ទឹក​រងៃ​រីក​ធំ ហើម​តាម​រាងកាយ ជាដើម។

ក្រៅ​ពី​នេះ សេចក្ដី​ណែនាំ​គឺ​ថា រាល់​ពេល​ដែល​អ្នក​លេប​ថ្នាំ​ត្រូវ​សង្កេត​ខ្លួន​ឯង​ផង​ថា​ ក្រោយ​លេប​ថ្នាំ​រួច​មាន​អាការ​ខុស​ប្រក្រតី​អ្វី​កើត​ឡើង​​ឬ​អត់​? បើ​មាន​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង​កត់ត្រា​ឈ្មោះ​ថ្នាំ​ទាំង​នោះ​ទុក​ផង ដើម្បី​ការពារ ប្រតិកម្ម ឬ​អាល់លែហ្ស៊ី​ថ្នាំ​ នៅ​ពេល​ក្រោយៗ​ទៀត​៕

ដោយ៖ NEA
ប្រភព៖ doctissimo.fr

  • អាការៈប្រតិកម្មជាមួយថ្នាំ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ចំនេះដឹង
Tags: