​សិស្ស​រាប់រយ​នាក់​​ឈរ​​ព័ទ្ធ​​ជុំ​វិញ​រថយន្ត​ ​ខឹង​​បុក​ម៉ូតូ​​មិន​ព្រម​ដោះស្រាយ​ យក​ឈ្មោះ​ថ្នាក់​ដឹក​នាំ​មក​គំរាម​ (មានវីដេអូ)

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​​សិស្សានុសិស្សរាប់រយ​នាក់​បាន​នាំ​គ្នា​​ឈ​ព័ទ្ធ​​ជុំ​វិញ​រថយន្ត​ម៉ែរសឺ​ដេ​ស​ ពណ៌ខ្មៅ​ មួយ​គ្រឿង ​​បើកបរ​ដោយ​​ស្ត្រី​វ័យ​ចំណាស់​ ម្នាក់​​​បុក​ម៉ូតូ​ម៉ាក​ស្គូពី​​របស់​យុវសិស្ស​​ម្នាក់ ហើយ​មិន​​ព្រម​​ចុះ​​​​ដោះស្រាយ​​ ​​​បែរ​ជា​យក​ឈ្មោះ​​ថ្នាក់​ដឹក​នាំ​មក​គំរាម​បង្ក​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ ម៉ោង១​​រសៀល​​ថ្ងៃ​ទី២២ ​មីនា ​នៅ​ច្រក​ទ្វារ​ខាងត្បូង​នៃ​សាលា​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ស្ថិតផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ​ ។

យុវ​សិស្ស​រង​គ្រោះ​​ឈ្មោះ គៀត សុភៈ​ធា​រិ​ទ្ធ អាយុ១៧​ឆ្នាំ រៀន​ថ្នាក់​ទី១១ «​J» នៃ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថិ​ ​​រង​របួសស្រាល​ រលាត់​ដៃជើង ​ខណៈ​ពេល​​​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១DC-០៦៩១ មួយ​គ្រឿង ​។

​តាម​សាក្សី​នៅ​​កន្លែង​កើតហេតុ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​យុវ​សិស្ស​រង​គ្រោះ​ជិះ​ម៉ូតូ​​​ពី​លិចទៅ​កើត​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ​​បើក​ឆ្លងផ្លូវ​សំដៅ​ចូល​ ទៅ​សាលា​ជិត​ផុត​ទៅ​ហើយ ​ស្រាប់​តែ​​មាន​រថយន្ត​ ម៉ាក​ម៉ែរ​​សឺ​ដេ​សS320 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F-៤១៨៩ មួយ​គ្រឿង​ ​បើកបរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ពី​លិច ទៅ​កើត​ស្រប​ទិស​គ្នា​​បុក​​ម៉ូតូ​​​​ដួល​តែ​ម្តង ​។

​​

ឧបត្ថម្ភដោយ៖ GATSBY
ក្រោយ​កើតហេតុ យុវ​សិស្ស​រង​គ្រោះ​​​ងើប​ដើរ​សំដៅទៅ​​រថយន្ត​បង្ក​ នោះ​​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​គ្នា ​ប៉ុន្តែ​​ស្ត្រី​​រូប​នោះ​​ មិន​ព្រម​ចុះ​ដោះ​ស្រាយ​បែរ​ជា​​ អង្គុយ​នៅ​​ក្នុង​រថយន្ត​ ​។​​​ឃើញ​ដូច្នេះ​ ក្រុម​សិស្សានុសិស្ស​​រាប់រយ​នាក់​បាន​នាំ​គ្នា​មក​ចោម រោមព័ទ្ធជុំ​វិញ​​រថយន្ត ដើម្បី​សុំ​ឱ្យ​​ស្ត្រី​រូប​នោះ​​ ចុះ​​មក​​ដោះស្រាយ​គ្នា ។​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ ​​បង្កឱ្យ​​​មានការ​ភ្ញាក់​ផ្អើល​ កាន់​តែ​​​ខ្លាំង​ឡើងៗ​ ដោយសារ​តែ​ស្ត្រី​​​​រូប​​នោះ​មិន​ព្រម​ចុះ​​ដោះស្រាយ​ ជាមួយ​​នឹង​ជន​រង​គ្រោះ ​​​​ព្រម​ទាំង​​និយាយ​យក​តែ​ឈ្មោះ​ ថ្នាក់ដឹកនាំ​ប្រទេស និង​មន្ត្រី​ធំ​ៗ​មួយ​ចំនួ​ន​មក​គំរាម ​ធ្វើ​ឱ្យ​​ក្រុម​សិស្សានុសិស្ស​ទាំងអស់​នោះ មាន​កំហឹង​យ៉ាង​ខ្លាំង​​ ។ ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​​​​ចរាចរណ៍​ខណ្ឌដូនពេញ​​ ​​​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ស្ត្រី​វ័យ​ចំណាស់​រូប​នោះ​នៅ​ តែ​មិន​ចុះ​ពីលើ​រថយន្ត​មក​ និយាយ​ជាមួយ​​សមត្ថកិច្ច​ទៀត ដោយ​គ្រាន់តែ​បើក​កញ្ចក់​និយាយ​​​ថា ​​សុខ​ចិត្ត​យក​ម៉ូតូ​របស់​យុវ​សិស្ស​រង​គ្រោះ​ ទៅ​​​ជួសជុល​ឱ្យ​​​ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​ កន្លែង​កើតហេតុ ទើប​ធ្វើ​ឱ្យ​​ក្រុម​​សិស្ស​​រាប់​រយ​នាក់​​រំសាយ​​ចិត្ត និង​ព្រម​ចូល​រៀន​វិញ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត