លោក​សុះ ម៉ាច ទទួល​បាន​កាដូ​រថយន្តមួយ​គ្រឿង​ពី​កូនស្រី និង​អតីត​ភរិយា

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​តារាចម្រៀង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច នៅ​តែ​ទាក់ទង​ជា​ធម្មតា​ជាមួយ​អតីត​ភរិយា និង​កូនស្រី​ច្បង​របស់​លោក ។ ដោយឡែក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក លោក​សុះ ម៉ា​ច បាន​ទទួល​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​អ្នក​ទាំង​ពីរ ។

ចំណង​ស្នេហ៍​រវាង​លោក​សុះ ម៉ាច ជាមួយ​អតីត​ភរិយា ជា​កូនស្រី​របស់​ថ្នាក់ដឹកនាំ​កំពូល​រូប​នោះ​បាន​ឈាន​ដល់​ផ្លូវបំបែក ដោយ​មានកូន​ស្រី​ម្នាក់​ដែល​រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ចម្រើន​វ័យ​ប្រមាណ​១៣​ឆ្នាំ​ហើយ ។

បើ​ទោះបីជា​អ្នក​ទាំង​ពីរ​សម្រេច​ផ្តាច់និស្ស័យ​ស្នេហ៍​ហើយ​ក៏​ដោយ ប៉ុន្តែ​ការ​រាប់អាន​គ្នា​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ហើយ​លោក​សុះ ម៉ាច តែងតែ​ទទួល​បានការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ពី​អតីត​ភរិយា​របស់​លោក តាម​រយៈ​កូនស្រី​ច្បង​ដែល​កំពុង​ទទួល​ការ​បីបាច់​មើលថែ​ពី​ម្តាយ ។

លោក​សុះ ម៉ាច ទទួល​បាន​កាដូ​រថយន្តមួយ​គ្រឿង​ពី​កូនស្រី និង​អតីត​ភរិយា

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សុះ ម៉ាច បាន​បង្ហាញ​ជា​សាធារណៈ​ពី​ការ​ទទួល​បាន​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​អតីត​ភរិយា និង​កូនស្រី​របស់​លោក សម្រាប់​ទុក​ដឹក​កូនស្រី​ប្រុស​ទាំង​ពីរ​ជាមួយ​ភរិយា​ក្រោយ​របស់​លោក​ទៅ​សាលារៀន ។

លោក​សុះ ម៉ាច បាន​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អំពី​ការ​ទទួល​បាន​កាដូ​ថ្មី​នេះ ព្រមទាំង​បាន​រំលេច​សារ​សម្តែង​ក្តី​ត្រេកអរ និង​ដឹងគុណ​អតីត​ភរិយា និង​កូនស្រី នូវ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​ក្នុង​នាម​ជា​ឈាមជ័រ​តែ​មួយ ។

តាម​រយៈ​សារ​ជាមួយ​រូបថត​ពីរ​សន្លឹក​លោក សុះ ម៉ាច សរសេរ​ថា «​អរគុណ​ចំពោះ​កូនស្រី​ច្បង​របស់ខ្ញុំ និង​អ្នក​ម្តាយ​របស់​នាង​ដែល​បាន​ជូន​កាដូ​នូវ​រថយន្ត Great Wall ឆ្នាំ​២០១០ មួយ​គ្រឿង​ដល់​កូន​ទាំង​ពីរ​របស់ខ្ញុំ​ទុក​សម្រាប់​ជូន​ពួក​គេ​ទៅ​សាលារៀន ។ សន្តាន​ចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ពិតជា​បាន​បញ្ជាក់​នូវ​ទឹកចិត្ត​ស្រលាញ់​រាប់អាន​បងប្អូន​ក្នុង​នាម​ឈាមជ័រ​តែ​មួយ បើ​ទោះជា​ពួក​គាត់​ប្រសូត​ចេញពី​ផ្ទៃ​ម្តាយ​ផ្សេង​គ្នា​ក៏​ដោយ ក៏​ពួក​គេ​ទាំង​បី​នាក់​ស្រលាញ់​គ្នា​ណាស់ ។

ប៉ា​នៅ​តែ​ស្រលាញ់​កូន​ទុក​ដូច​កែវ​ជា​ភ្នែក រាប់អាន​ម្តាយកូន​ទុក​ដូច​មិត្តភក្តិ​ដ៏​ល្អជា​និច្ច សូម​ឱ្យ​អ្នក​ទាំង​ពីរ​ជួប​តែ​សេចក្តីសុខ និង​សំណាង​ល្អជា​រៀងដរាប​នៅ​ក្នុង​ឆាកជីវិត ព្រះ​នឹង​ប្រទាន​ពរ​ទាំង​បួន​ប្រការ​ដល់​អ្នក​ទាំង​ពីរ​» ។

ក្រោយ​ពី​បាន​បង្ហោះ​សារ និង​រូបភាព​នេះ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ និង​រំភើប​ជំនួស​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​កូនស្រី និង​អតីត​ភរិយា ដែល​នៅ​តែ​គិតគូរ​ពី​សុខទុក្ខ​ក្រុម​គ្រួសារ​ថ្មី​របស់​លោក​សុះ ម៉ាច ។

ប្រិ​យ​មិត្ត​មួយ​ចំនួន​លើក​ឡើង​ថា «​សូម​សរសើរ​សន្តាន​ចិត្ត​ម្តាយ និង​កូន​អ្នក​ទាំង​ពីរ ជា​ពិសេស​បង និង​អតីត​ភរិយា ដែល​ចែកផ្លូវ​គ្នា​ហើយ​អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា​បាន​ទៀត​ពិតជា​គំរូ​ដ៏​ល្អ​មែន នេះ​ហើយ​មក​ពី​ការ​បែក​គ្នា​ហើយ​មិន​និយាយ​ហែកហួរ​គ្នា​រក​ត្រូវ​រៀងខ្លួន ។ បង​ពិតជា​លោក​ប្តី​ដ៏​ល្អ​ខ្លាំង​ណាស់ ហើយ​ក៏​ជា​លោកប៉ា​ដ៏​ល្អ​បំផុត​ផង​ដែរ​» ៕