កិច្ចប្រជុំ​គណៈកម្មការ​ រៀបចំ​សោភណភាព​ក្រុង​ ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦

កិច្ចប្រជុំ​គណៈកម្មការ​ រៀបចំ​សោភណភាព​ក្រុង​ ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦



សៀមរាប ៖ ​ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ឲ្យ​កាន់​តែ​មាន​សោភណភាព​កាន់តែ​ស្រស់​ត្រកា​ល ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ។ នេះ​ក៏​ជា​លើក​ទី​៤​ហើយ ក្នុង​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​បាន​ប្រព្រឹត្តទៅ​ចំនួន​៣​លើក​មក​ហើយ ​ធ្វើ​ឲ្យ​មាន​កិត្តិសព្ទ​ប្រពៃណី​ជាតិ​បាន​ល្បីល្បាញ​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួល​បាន​ជោគជ័យ​លើ​វិញ្ញាសា​សំខាន់ៗ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦​ គណៈកម្មការ​រៀបចំ​សោភណភាព​ក្រុង​សៀមរាប​.​អង្គរ បាន​បើ​ក​កិច្ចប្រជុំ​របស់​ខ្លួន នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​កិច្ច​ដឹកនាំ​របស់​លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ដើម្បី​ទទួល​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​នា​ពេល​ខាងមុខនេះ ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រតិភូ​ថ្នាក់ដឹកនាំ​កំពូ​លៗ​ជាតិ អន្តរជាតិ ខេត្ត​ត្រូវធ្វើ​ការរៀបចំ​កែលំអ​នូវ​សោភណភាព​ក្រុង នៅ​តាម​បណ្ដា​ដងផ្លូវ​សាធារ​ណៈ ទីប្រជុំជន ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​នៃ​ក្រុង​ប្រវត្តិសាស្ត្រ ។ ក្នុង​នោះ​ដែរ ​ឯកឧត្តម​បណ្ឌិត ក៏​បាន​លើក​នូវ​ផែនការ​មួយចំនួន ដល់​ផ្នែក​ជំនាញ និ​ង​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុង​ការ​រៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដែល​ជាទី​តាំង​ដ៏​មាន​សារៈសំ​ខាន់​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ខាងមុខ ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ចូល​ធ្វើ​ពិធី​បូជា​ផ្កា​ភ្ញី ទៀន​ធូប ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ។

លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​គូស​បញ្ជាក់​ថា ដើម្បី​ឲ្យ​ក្រុង​យើង​មាន​សោភណភាព​ប្រកប​ទៅ​ដោយ​សម្រស់​បៃតង មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ​បំផុស ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ក្នុង​ការ​ធ្វើ​បរិស្ថាន អនាម័យ និង​តុបតែង​នៅ​តាម​មុខ​លំនៅ​ដ្ឋាន ក្នុង​ការ​ទទួល​នូវ​សិរី​សួស្តី​ឆ្នាំ​ដល់​គ្រប់​ក្រុម​គ្រួសារ ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ។ ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត​ក៏បាន​សង្កត់ធ្ងន់​ចំពោះ​ផ្នែក​ជំនាញ​បច្ចេកទេស ក្នុង​ការ​រៀបចំ​តុបតែង​នូវ​ភ្លើង​លម្អ ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ និង​ទីប្រជុំជន​សាធារណៈ ព្រមទាំង​សូម​ឲ្យ​មន្ទីរ​បរិស្ថាន ធ្វើការ​រៀបចំ​ដាក់​នូវ​ធុងសំរាម​នៅ​តាម​ទីប្រជុំជន​សំខាន់ៗ ក្នុង​ការ​រៀបចំ​ពិធី ដាក់​នូវ​បង្គន់​អនាម័យ​ចល័ត និង​ការ​ផ្គត់ផ្គង់​ទឹក​ទៀត​ផង។

ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត​ បាន​ដាក់​នូវ​ផែនការ​មួយចំនួន ដល់​លោក​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សា​លា​ខេត្ត ត្រូវធ្វើ​ការរៀបចំ តុបតែង​លំអ​នៅ​តាម​ក្លោងទ្វារ និង​រៀបចំ​ដាំ​ផ្កា​បន្ថែម​នៅ​តាម​សួនច្បារ​ទ្រូ​ង​ផ្លូវ​ក្នុង​ក្រុង និង​រៀបចំ​ភ្លើង​នៅ​តាម​ដើមឈើ​ឲ្យ​មាន​សម្រស់​នៅ​ក្នុង​ពេល​រាត្រី​ទៀត​ផង។

លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ដោ​យ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភរិយា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​ផ្សេ​ង​ៗ​ផង​ដែរ។ សូម​បញ្ជាក់​ផង​ដែរ​ថា កម្ម​វិធី​អង្គរ​សង្ក្រាន្ត នៅ​លើ​ទឹកដី​អង្គរ​នៃ​យើង ឆ្នាំ​២០១៦​នេះ ប្រ​ព្រឹត្ត​បើក​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕