អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥



សៀមរាប ៖ ប័ណ្ណ​ប្រៃសណីយ៍​ដែល​សរសេរ​ខុស និង​ប័ណ្ណ​ប្រៃសណីយ៍​ដែល​មិនបាន​ប្រើ ត្រូវ​បាន​ប្រមូល​យក​មក​ដូរ​ជា​សាច់ប្រាក់ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​អនុវត្ត​គម្រោង​មជ្ឈមណ្ឌល​សិ​ក្សា​សហគមន៍​អង្គរ ដែល​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ មជ្ឈមណ្ឌល​សិក្សា​សហគម​ន៍ បង្កើត​បាន​ចំនួន​១៥​កន្លែង​ហើយ​ នៅក្នុង​ខេត្តសៀមរាប។

លោក ម៉ាសា​ហារី ម៉ា​សេ ក្រុមប្រឹក្សាភិបាល និង​ជា​តំណាង​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូ​ណេ​ស្កូ​ជប៉ុន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ដោយ​បញ្ជាក់​ថា អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគមន៍​យូណេស្កូ​ជប៉ុន​( NFUAJ )​បាន​ចាប់​ផ្តើម​ជាដំបូង​គឺ​កម្មវិធី​អក្ខរកម្ម​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩៩៤ គឺ​កាលពី​២២​ឆ្នាំមុន។ លោក​បាន​បន្ត​ថា មកដល់​ឆ្នាំ​២០០៦ NFUAJ បាន​ចាប់​ផ្តើម​មាន​គម្រោង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​អង្គរ ហើយ​ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ស្រែ​ខ្វាវ​នេះ គឺជា​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥​ហើយ ដែល NFUAJ បាន​បង្កើត​ឡើង​នៅក្នុង​ខេត្តសៀមរាប។​

ពិធី​បើក​សម្ពោធ​នេះ គឺ​ស្ថិត​ក្រោម​វត្តមាន​របស់​ លោក ណុះ​ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុ​វ​ជ​ន ​និង​កីឡា និង​មាន​វត្តមាន​ផង​ដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប។​

លោក ម៉ាសា​ហារី ម៉ា​សេ បាន​បង្ហាញ​ប្រាប់​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា ថវិកា​សម្រាប់​ប្រតិបត្តិការ​គម្រោង​នេះ គឺ​បាន​មក​ពី​ការ​រួម​ចំណែក​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ជប៉ុន ជាច្រើន​នាក់។ លោក​បន្ត​ថា ការ​បរិច្ចាគ​ទាំងនោះ​មាន​ទម្ងន់​ផ្សេងៗ​គ្នា ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​អំពី​ទម្រង់​នៃ​ការ​ប្រមូល​មូលនិធិ​មួយ ដែល​វា​មាន​លក្ខណៈ​ពិសេស​ជាងគេ គឺ​ការ​ប្រមូល​មូលនិធិ​តាមរយៈ​នៃ​ការប្រើប្រាស់​ប័ណ្ណ​ប្រៃសណីយ៍​ដែល​សរសេរ​ខុស និង​ប័ណ្ណ​ប្រៃសណីយ៍​ដែល​មិនបាន​ប្រើ។ លោក​បាន​ពន្យល់​ថា នៅ​ប្រទេស​ជប៉ុន ប័ណ្ណ​ប្រៃសណីយ៍​ដែល​បាន​សរសេរ​ខុស ឬ​មិនបាន​ប្រើ​អាច​ដូរ​យក​ប្រាក់​វិញ​បាន ដែល​មាន​តម្លៃ​ជា​សាច់ប្រាក់ ០,៤៥ដុល្លារ ក្នុង​មួយ​ប័ណ្ណ។​

លោក​បន្ត​ប្រសាសន៍​ថា បើ​ទោះជា​ការ​បរិច្ចាគ​របស់​មនុស្ស​ម្នាក់ៗ​មាន​ចំនួន​តិចតួច ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បូក​បញ្ចូល​គ្នា វា​បាន​ក្លាយជា​មូលនិធិ​មួយ​ដ៏​ធំ ដែល​អាច​យក​មក​ប្រើ​ប្រាស់ សម្រាប់​ប្រតិបត្តិ​ការ​របស់​គម្រោង​នេះ​បាន។ គម្រោង​នេះ​មានមុខ​ងារ​ធំៗ​ចំនួន​៣ គឺ​ទី​១ បើក​ថ្នាក់​អក្ខរកម្ម​ទី​២ បើក​ថ្នាក់​សមមូល​ផ្តល់​ឱកាស​អប់រំ​មូលដ្ឋាន​ដល់​កុមារ​បោះបង់​ការសិក្សា​ដោយ​កត្តា​ផ្សេងៗ និង​ទី​៣ ប​ណ្តុះ​បណ្ដាល​ដល់​ជន​ពេញវ័យ​លើ​ជំនាញ​សិប្បកម្ម ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ។ ហើយ​គម្រោង​នេះ​មិន​ត្រឹមតែ​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន និង​នេប៉ាល់ ផង​ដែរ ដោយ​ស្ថិត​ក្នុង​ជំនឿ​ថា សន្តិភាព​លើ​ពិភពលោក អាច​គួរតែ​សម្រេច​បាន តាមរយៈ​នៃ​ការ​លើក​កម្ពស់​ការអប់រំ ដែល​មាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស ឆ្ពោះ​ទៅ​រក​វិថី​ជីវិត ដែល​មាន​ភាព​ប្រសើរ និង​រឹងប៉ឹង។​

លោក​បាន​លើក​បង្ហាញថា ធម្មនុញ្ញ​អង្គការ​យូណេស្កូ​បាន​ចែង​ថា ដោយហេតុថា សង្គ្រាម​វា​កើត​ចេ​ញ​ពី​ចិត្ត​មនុស្ស ហេតុនេះ​គឺ​ពី​ក្នុង​ចិត្ត​មនុស្ស​នេះ​ហើយ ដែល​យើង​ត្រូវ​បង្កើត​គំនិត​ការពារ​សន្តិភាព ហើយ​ការអប់រំ ពិតជា​ប្រព័ន្ធ​ការពារ​ដ៏​មាន​អានុភាព សម្រាប់​ប្រឆាំង​ទៅ​នឹង​សង្គ្រាម ដែល​មិន​មែន​ជា​អាវុធ​យុទ្ធភណ្ឌ​នោះ​ទេ៕​

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥

អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទី​១៥