ស្ថាបនិក​ Khmer Unicode ​បង្កើត​បច្ចេកវិទ្យា​បំពេញ​ការ​រស់នៅ ជាជាង​​បង្កើត​ថ្មី​ហួស​ការ​ចង់​បាន

លោក​ ​ដាញ់ ហុង ដែល​ជា​បុគ្គល​បច្ចេកវិទ្យា​លេចធ្លោ​និង​ជា​ស្ថាបនិក​បង្កើត Khmer Unicode ចង់​ឱ្យ​ក្រុម​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ស្រុក​ទាំង​អស់ រិះ​រក​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​​​ដែល​អាច​​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន។

 

ស្ថាបនិក​ Khmer Unicode ​បង្កើត​បច្ចេកវិទ្យា​បំពេញ​ការ​រស់នៅ ជាជាង​​បង្កើត​ថ្មី​ហួស​ការ​ចង់​បាន

លោក ដាញ់ ហុង ស្ថាបនិក​ Khmer Unicode  

 

ស្ថាបនិក Khmer Unicode រូប​នេះ​ឱ្យ​ដឹង​ថា លោក​ចង់​ឱ្យ​អ្នក​ជំនាញ​ទាំង​អស់​បែរ​មក​គិត​អំពី​បច្ចេកវិទ្យា​ណា​ដែល​អាច​ច្នៃ​បង្កើត​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ជាជាង​បង្កើត​របស់​ថ្មីៗ​ដែល​ហួស​ពី​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​អ្នក​នៅ​តំបន់​ជន​បទ។

 

លោក ដាញ់ ហុង ថា​ ជាក់ស្ដែង​ដូចជា​បច្ចេកវិទ្យា​កែ​ច្នៃ​ដំឡូងមី និង​បច្ចេកទេស​បង្កាត់​ពូជ​បែប​សិប្បនិម្មិត (Artificial Insemination) ដែល​សុទ្ធ​តែ​ជា​បច្ចេកវិទ្យា​ទំនើប ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​ផ្នែក។

 

ដើម្បី​ជោគជ័យ​ទៅ​លើ​ការ​បង្កើត​បច្ចេកវិទ្យា​ដែល​អាច​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​បាន យុវជន​ទាំងអស់​ត្រូវ​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ឱ្យ​បាន​ច្រើន ពោល​ពួកគេ​ត្រូវ​ធ្វើ​ការងារ​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​គម្រោង​នោះ ​ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​មនុស្ស​ពិត​ជា​ត្រូវ​ការ​ខ្លាំង​សម្រាប់​ជីវិត​រស់​នៅ។

 

ស្ថាបនិក​ Khmer Unicode ​បង្កើត​បច្ចេកវិទ្យា​បំពេញ​ការ​រស់នៅ ជាជាង​​បង្កើត​ថ្មី​ហួស​ការ​ចង់​បាន

 

ពេល​ដើរ​ទស្សនា ការ​តាំង​បង្ហាញ​ឧបករណ៍​បច្ចេកវិទ្យា​នា​ពិព័រណ៍ Inno Tech លោក​ត្រេកអរ​ដែល​ឃើញ​កូន​ខ្មែរ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា ហើយ​លោក​ក៏​សង្ឃឹម​ថា​ពួកគេ​នឹង​ប្រឹង​ប្រែង​រក​គំនិត​ថ្មីៗ​បន្ត​ទៀត ក្នុង​ការ​បង្កើត​​បច្ចេកវិទ្យា​ទំនើប មក​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ​ជាពិសេស​ប្រជាជន​រស់​នៅ​តាម​ស្រុក​ស្រែ​ចម្ការ៕

 

អាន៖ ដាញ់ ហុង បុរស​ខ្មែរ​​កម្ពុជា​​ក្រោម​​​​​​​នាំ​​ពិភពលោក​​ស្គាល់​អក្សរសាស្រ្ត​ខ្មែរ​កាន់​តែ​ច្បាស់​

 

អត្ថបទ៖ ប៉ែត ផាន់និត