ការវាយប្រហារ​នៅ​ព្រលានយន្តហោះ​ប្រ៊ុ​ច​សែ​ល​និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣៤​នាក់​

​ប្រ៊ុ​ច​សែ​ល​៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រស់​រដ្ឋ VRT បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ព្រលានយន្តហោះ​និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​កបាន​កើនឡើង​ដល់​៣៤​នាក់​ហើយ ដោយ​បង្ក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​យ៉ាងខ្លាំង​ទូទាំង​ទ្វីបអឺរ៉ុប និង​មានការ​ផ្អាក​ចរាច​រឆ្ល​ង​កាត់​ព្រំដែន​មួយចំនួន​។ 

 

​សាក្សី​ម្នាក់​បាន​ឲ្យ​ដឹងថា លោក​បានឮ​សំលេង​ស្រែក​ជា​ភាសា​អារ៉ាប់ និង​ស្នូរ​កាំភ្លើង​បន្តិច​មុនពេល​គ្រាប់បែក​ពីរ​គ្រាប់​បាន​ផ្ទុះឡើង​នៅ​កន្លែង​រង់ចាំ​ចេញដំណើរ​ក្នុង​ព្រលានយន្តហោះ​ដែលមាន​មនុស្ស​ជាច្រើន​នៅ​អាកាសយានដ្ឋាន​ប្រ៊ុ​ច​សែ​ល​។ ព្រះរាជអាជ្ញា​សហព័ន្ធ​បាន​និយាយថា គ្រាប់បែក​មួយ​គ្រាប់​ទំនង​ជា​ត្រូវបាន​បង្កឡើង​ដោយ​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។  

 

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​ត្រឹម​រយះពេល​បួន​ថ្ងៃ​បន្ទាប់ពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ពាក់ព័ន្ធ​និង​ការចូលរួម​វាយប្រហារ​ពី​ជន​សកម្មប្រយុទ្ធ​នៅ​ខែ​វិច្ចិកា​ក្នុង​ទីក្រុង​ប៉ារីស​កន្លងទៅនេះ ដោយបាន​សម្លាប់​មនុស្ស​១៣០​នាក់​។  ប៉ូលីស​និង​កងកម្លាំង​ប្រយុទ្ធប្រឆាំង​ប៊ែ​ល​ហ្ស៊ិ​កបាន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការការពារ​ការវាយប្រហា​រណា​មួយ​នៅតាម​ដងផ្លូវ​នានា ប៉ុន្តែ​ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់​មនុស្ស​ច្រើន ជា​កន្លែង​ដែល​មនុស្ស​និង​កាបូបស្ពាយ​នានា​មិន​ត្រូវបាន​ត្រួតពិនិត្យ​។  

 

​បណ្តាញ​ព័ត៌មាន VRT បាន​ឲ្យ​ដឹងថា ប៉ូលីស​បាន​រកឃើញ​កាំភ្លើង​ពិឃាត Kalashnikov នៅ​ជិត​ខ្លួន​សាកសព​ជន​វាយប្រហារ​នៅ​ព្រលានយន្តហោះ​។  អាវុធ​ប្រភេទ​នេះ ជាទូទៅ​ត្រូវបាន​ប្រើ​សំរាប់​ការវាយប្រហារ​រ​បស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទ្វីបអឺរ៉ុប ជាក់់ស្តែង​ដូចជា​ការវាយប្រហារ​ក្នុងប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​បារាំង​ជាដើម រួមទាំង​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​១៣​ខែ​វិច្ចិកា​កន្លងទៅនេះ​។  

 

​ប៉ូលីស​កំពុង​បន្ត​ស្វែងរក​គ្រាប់បែក​ផ្សេងទៀត​ដែល​អាច​បង្កប់​នៅក្នុង​ព្រលានយន្តហោះ និង​ស្រាវជ្រាវ​វែកមុខ​ជនបង្ក​ពាក់ព័ន្ធ​ទៅ​និង​ការវាយប្រហារ​ភេរវកម្ម​នេះ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS