ពិធី​មង្គលការ​បាន​បញ្ចប់​ទៅ​ដោយ​ទឹក​ភ្នែក ​បន្ទាប់ពី​កាត់​នំ​ចប់​ កូន​ក្រមុំ​រត់ចោល​រោងការ

កំពង់ធំ ៖​ ឪពុកម្ដាយ​មិន​អាច​រារាំង​មនោ​សញ្ចេតនា​ និង​បំបែកបំបាក់​ស្នេហា​កូនប្រុស​ស្រី​បាន​ទេ ​នា​សម័យ​អាយ​ធី​នេះ​ ​ពោល​គឺ​អាច​រារាំង​កូន​​បាន​តែ​រាងកាយ​​ តែ​មិន​អាច​រារាំង​ចិត្ត​បានទេ។ វា​ខុស​ពី​សម័យ​មុន ដែល​ពាក្យចាស់​លោក​ថា នំ​មិនដែល​ធំ​ជា​នាល​ ដូចជា​ពិធី​មង្គលការ​កំលោះ ក្រមុំ​មួយ​គូ​​នេះ​ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ទឹកភ្នែក​ និង​ការ​អៀនខ្មាស​អស់​ញាតិសន្ដាន ​ដោយសារតែ​កូនក្រមុំ​បាន​រត់ចោល​កូនកំលោះ​ ក្រោយពី​ពិធី​កាត់​នំ​ជា​កិច្ច​បង្ហើយ​នៃ​ពិធី​មង្គលការ។

អ្នកភូមិ រួមទាំង​ភ្ញៀវ​ចូលរួម​ស្ទើរតែ​គាំង​ស្មារតី ខណៈ​ពេល​ដែល​កូនក្រមុំ​ចិត្ត​ត្រជាក់​ដូច​ទឹកកក ព្រម​ផ្ទឹម​ ព្រម​ទទួល​ភ្ញៀវ​ហាក់បីដូចជា​ពុំ​មាន​អ្វី​កើតឡើង។ លុះ​ដល់ពេល​ភ្ញៀវ​ប្រុស​ស្រី មកពី​ទី​ជិត​ទី​ឆ្ងាយ​ពិសា​​អាហារ​ចំណី​រួច​ កូនក្រមុំ​បន្សល់​កេរ្តិ៍ឈ្មោះ​អសោច​ទុក​ឲ្យ​អ្នកមានគុណ​ទាំង​ពីរ ​ដោយ​លួច​រត់ចោល​កូនកំលោះ​តាម​បុរស ជំពាក់​ស្នេហ៍ នៅ​ក្នុង​រាត្រី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​ពិធី​មង្គលការ​បាន​ប្រគំ​តន្ត្រី​ប្រកូកប្រកាស ឲ្យ​ញាតិ​ជិតខាង​ដឹង​ពី​ពិធី​រៀបការ​កូនប្រុស​ស្រី​ក្នុង​ទឹកដី​ភូមិ ​​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ។

ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពិធី​មង្គលការ​មួយ​​នោះ បាន​បញ្ចប់​សព្វគ្រប់​រហូត​ដល់​ពេលយប់​ក៏​មាន​ពិធី​កាត់​នំ​ខេក ​និង​ពិធី​រាំវង់​កម្សាន្ត ​ស្រាប់​តែ​ពេល​កំពុងតែ​រាំវង់​សប្បាយ​ កូនក្រមុំ​ក៏​បាន​ឆ្លៀត​ឱកាស​រត់ចោល​កូនកំលោះ​បាត់​ស្រមោល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​កូនក្រមុំ​បាន​លួច​ជួប​គ្នា​ជាមួយ​បុរស​ម្នាក់ទៀត​ ដែល​ជា​កូនប្រុស ​ប្រជា​ការពារ​ភូមិ ឃុំ​កន្លែង​កើតហេតុ។ ក្រោយពី​បាត់​កូនក្រមុំ​ភ្លាម ភ្ញៀវ​ទាំងអស់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រហូតដល់​ប្រកាស​ចែកផ្លូវ​គ្នា​រត់​រក​ទាំង​យប់។ តែ​ពុំ​អាច​រក​ឃើញ​នោះ​ទេ​ ព្រោះ​ពួកគេ​នាំគ្នា​ទៅ​ឆ្ងាយ​បាត់​ទៅ​ហើយ។

បុរស​ពោះម៉ាយ​ខាន់ស្លា ជា​កូនកំលោះ​ឈ្មោះ សេន មំ អាយុ ៣៧​ឆ្នាំ។ ចំណែក​ កូនក្រមុំ ឈ្មោះ លុយ ស្រី អួន ហៅ​នុប អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​ថា នាង​មាន​គូស្នេហ៍​រួច​ហើយ ឈ្មោះ ហ៊ី​ត ហួរ អាយុ​២៣​ឆ្នាំ​ និង​រស់នៅ​ឃុំ​ជាមួយគ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ត្រូវ​បាន ឪពុក​ម្ដាយ មិនបាន​ផ្សំផ្គុំ​ឲ្យ​នោះ​ទេ ទើប​ធ្វើ​មាន​ហេតុ​ការណ៍​បែប​នេះ​កើតឡើង។

ចំណែក​កូនកំលោះ​រាង​ចំណាស់ ចង់​ឆី​ស្មៅ​ខ្ចី កើត​ទុក្ខ​មិន​សុខចិត្ត ដែល​ធ្វើ​ឲ្យ​ខក​បំណង បាន​អះអាង​ថា ​បើ​មិន​ព្រម​ម៉េច​នាង​មិន​ប្រាប់ បើ​មិន​ស្រឡាញ់​មក​ការ​ធ្វើ​អី។ ភាព​ក្ដៅក្រហាយ​នេះ បាន​ជំរុញ​ឲ្យ​នាយ​មក​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ដើម្បី​ទាមទារ​សំណង់ ​​ថ្លៃ​បណ្ដាការ​វិញ​៤០០០​ដុល្លារ ​ថ្លៃទឹកដោះ, លុយ​ខ្មែរ​៩០​ម៉ឺន ​និង​មាស​១​ជី៕

​ប្រភព៖ កម្ពុជាថ្មី

  • ពិធី​មង្គលការ​បាន​បញ្ចប់​ទៅ​ដោយ​ទឹក​ភ្នែក ​បន្ទាប់ពី​កាត់​នំ​ចប់​ កូន​ក្រមុំ​រត់ចោល​រោងការ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ជីវិតនិងសង្គម
Tags: