នគរបាល​ចាប់ខ្លួន​​ជន​ជាតិ​បែល​ហ្ស៊ិក​ពីបទ​លួច​ប្រាក់​ជិត​​៥០.០០០​ដុល្លារ​ពីធនាគារ

មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នគរ​​​បាល​​​អន្តោប្រវេសន៍​​​បាន​​​ចាប់​​​ខ្លួន​​​​​​បុរសជន​​​ជាតិ​​​បែលហ្ស៊ិក​​​​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ លិខិត​​​ឆ្លង​​​ដែន​​​ក្លែង​​​ក្លាយ​​​​ដើម្បី​​​ដក​​​ប្រាក់​​​ជិត​​​៥០.០០០ដុល្លារ​​​ពី​​​ធនាគារ​​​កាណាឌីយ៉ា ។

Kanzi Francis Olivier អាយុ​​​៣៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​បាន​​​ព្យាយាម​​​​​​ដក​​​ប្រាក់​​​ពី​​​សាខា​​​ធនាគារ​​​កាណាឌីយ៉ា​​​​​​​​​​​​ នៅ​​​​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នា​​​វេលា​​​ម៉ោង​​​ប្រហែល​​​​​​១១​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ នេះ​​​បើ​​​យោង​​​តាម​​​​​​លោក ​​​លួ រ៉ាបូ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​ដែល​​​ទទួល​បន្ទុក​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​។

យោង​​​តាម​​​របាយការណ៍​​​នគរ​​​បាល​​​ដែល​​​ផ្តល់​​​ដោយ​​​លោក​​​ លួ រ៉ា​​​បូ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​លោក Olivier បាន​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មីនា ហើយ​​​បាន​​​ប្រើ​​​ប្រាស់​​​លិខិត​​​ឆ្លង​​​ដែន​​​ដើម្បី​​​ដក​​​ប្រាក់​​​ពី​​​ទី​​​ស្នាក់​​​​​​ការ​​​កណ្តាល​​​របស់​​​ធនាគារ​​​កាណា​​​ឌីយ៉ា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

របាយការណ៍​​​នេះមាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ធនាគារ​​​បាន​​​ប្តឹង​​​ថា ជន​​​នេះ​​​បាន​​​ប្រើ​​​ប្រាស់​​​លិខិត​​​ឆ្លង​​​ដែន​​​បែលហ្ស៊ិក​​​​​​ក្លែង​​​ក្លាយ​​​ដើម្បី​​​ដក​​​ប្រាក់​​​នៅ​ធនាគារ​​​។ ជន​នេះ​បាន​ដក​ប្រាក់​​ចំនួន​៤៨.០០០ដុល្លារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​ ឆ្នាំ​២០១៦​។ នៅ​ថ្ងៃ​ទី​២១​ ខែ​មីនា ជន​នេះ​បាន​ព្យាយាម​ដក​ប្រាក់​មួយ​ចំនួន​ទៀត​ ប៉ុន្តែ បុគ្គលិក​ធនាគារ​បាន​សហការ​ជាមួយ​នគរ​បាល​ដើម្បី​ឃាត់​​ខ្លួន​ជន​នេះ​”។

លោក​ Tommy Bourkhis អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា​​​បាន​​​លើក​​​ឡើង​​​ថា ធនាគារ​​​របស់​​​លោក​​​បាន​​​ទាក់​​​ទង​​​ជា​​​មួយ​​​អាជ្ញាធរ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ជូន​​​ដំណឹង​​​ឲ្យ​​​បុគ្គលិក​​​ “ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ការ​​​ដែល​​​អាច​​​មាន​​​ការ​​​បញ្ជូន​​​ទូរ​លេខ​​​​​​​ក្លែង​​​ក្លាយ​​​ចូល​​​មក​​​ក្នុង​​​ធនាគារ​​​ដោយ​​​ធនាគារ​​​​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ហុង​​​កុង​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​ពិភាក្សា​​​បន្ថែម​​​អំពី​​​ករណី​​​នេះ​​​ឡើយ​​​។

លោក លួ រ៉ាបូ បាន​​​​​​លើក​​​ឡើង​​​ថា ​​​លោក​​​ Olivier បាន​​​សារភាព​​​ថា ពិត​​​ជា​​​បាន​​​ប្រព្រឹត្ត​​​បែប​​​នេះ​​​មែន​​​ពេល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​កាល​​​ពី​​​រសៀល​​​​​​ថ្ងៃ​​​ច័ន្ទ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ជន​​​នេះ​​​បាន​​​សារភាព​​​ថា ខ្លួន​​​បាន​​​ប្រើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ ហើយ​​​យើង​​​បាន​​​សម្រេច​​​បញ្ជូន​​​​​​គាត់​​​ទៅ​​​តុលាការ​​​”។

លោក​​​ ប្រាក់​​​ វណ្ណា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា លោក Olivier​​​ ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

លោក​​​​​​ថ្លែង​​​ថា “តុលាការ​​​មិន​​​ទាន់​​​បញ្ចប់​​​​​​ការ​​​សាក​​​សួរ​​​ជន​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ហើយ​​​បាន​​​បញ្ជូន​​​គាត់​​​ត្រឡប់​​​ទៅ​​​កន្លែង​​​ឃុំ​​​ខ្លួន​​​របស់​​នគរបាល​​​​វិញ​​​។នៅ​​​ថ្ងៃ​​​ស្អែក​​​យើង​​​នឹង​​​បញ្ជូន​​​ជន​​​នេះ​​​ត្រឡប់​​​ទៅ​​​ [តុលាការ] ​​​ម្តង​​​ទៀត​​​”។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បានចុះផ្សាយ​អំពី​ធនាគារ​​​​​​កាណាឌីយ៉ា​​​យ៉ាង​​​ព្រោង​​​ព្រាត​​​​​​នៅក្នុង​​​ឆ្នាំ​​​២០១៤ ពេល​​​អតីត​​​អ្នក​​​គ្រប់​​​គ្រង​​​ម្នាក់​​​ត្រូវ​​​បាន​​​កាត់​ឲ្យជាប់​ទោស​ពី​បទ​ក្លែង​បន្លំ​ និង​រំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់​ពី​សារភាព​ថា ​បាន​កិប​កេង​ប្រាក់​ចំនួន​២,៣​លាន​ដុល្លារ​ពី​ធនាគារ​នេះ​ចន្លោះខែ​មីនា ដល់​ខែ​តុលា​ ឆ្នាំ​២០១៣​ ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ក្លែង​បន្លំ​ធំ​បំផុត​មិន​ធ្លាប់​មាន​​នៅ​ក្នុង​វិស័យ​ធនាគារ​ក្នុង​ស្រុក​៕ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Ben Paviour)​​​​​

The post នគរបាល​ចាប់ខ្លួន​​ជន​ជាតិ​បែល​ហ្ស៊ិក​ពីបទ​លួច​ប្រាក់​ជិត​​៥០.០០០​ដុល្លារ​ពីធនាគារ appeared first on ខេមបូឌា ដេលី.