ISIS ប្រកាស​ទទួល​ខុស​ត្រូវ ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ ភេរវកម្មពីរកន្លែង នៅរាជធានីប្រ៊ុយសែល ដែលបាន​កើត​ឡើង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ភេរវកម្មបំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះអន្តរជាតិ និងនៅក្នុងស្ថានីយ​រថភ្លើង​ក្រោម​ដី បាន​បណ្ដាល​ឲ្យ យ៉ាង​ហោច​មនុស្ស ៣៤នាក់ស្លាប់ និង​ច្រើន​រយ​នាក់​រង​របួស។
ISIS ប្រកាស​ទទួល​ខុស​ត្រូវ ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

នៅព្រលានយន្ដហោះ ជនសង្ស័យពីរនាក់ ទំនងជាបានលាក់គន្លឹះគ្រាប់បែក នៅនឹងស្រោមដៃ។ (ប្រភពដំណឹង និង​រូបថត ពី​អ្នក​ស៊ើប​អង្កេត​ប៊ែលហ្សិក)

តុល្យភាពបណ្ដោះអាសន្ន នៅតែបន្តកើនឡើង ពីភេរវកម្មពីរកន្លែង នៅរាជធានី ប្រ៊ុយសែល (Bruxelles - ប្រទេស​ប៊ែលហ្សិក) នាព្រឹកថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០១៦។ ការបំផ្ទុះគ្រាប់បែកលើកទីមួយ នៅនឹង​បញ្ជរ​ចុះឈ្មោះ​ត្រួតពិនិត្យ នៃព្រលានយន្ដហោះអន្តរជាតិ បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោច ១៤នាក់ ខណៈ​ការ​បំផ្ទុះគ្រាប់បែកទីពីរ នៅនឹងស្ថានីយរថភ្លើងក្រោមដី បានសម្លាប់មនុស្សយ៉ាងហោច ២០នាក់។ តើ​ក្រុម​ណា​ជា​អ្នកនៅពីក្រោយ និងជាអ្នកបង្កភេរវកម្មទាំងនេះ នៅកណ្ដាលបេះដូងរបស់អ៊ឺរ៉ុបដូច្នេះ?

ក្រុមអ្នកទទួលខុសត្រូវ ទៅលើភេរវកម្មខាងលើ មិនបាននៅ​បង្អង់យូរឡើយ។ នៅវេលាម៉ោង ១៦និង២០នាទី ម៉ោង​ក្នុងស្រុក ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) បានចេញមុខមកប្រកាស តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ របស់ក្រុមចលនាភេរវកម្មនេះថា គឺសមាជិក​របស់​ក្រុម​រដ្ឋអ៊ីស្លាម ដែលបានបំពាក់​ខ្សែក្រវាត់មានគ្រាប់បែក ចូលទៅបំផ្ទុះនៅតាមទីកន្លែងទាំងពីរ ក្នុងរាជធានី របស់​ប្រទេស​​ប៊ែលហ្សិក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ បានសរសេរជាអាថ៌ថា៖ «ក្រុម​យុទ្ធជន របស់រដ្ឋអ៊ីស្លាម បានបង្កបង្កើត ឲ្យមានការបំផ្ទុះមួយឈុត ជាមួយនឹងខ្សែក្រវាត់ ដែលបំពាក់​ដោយ​គ្រាប់បែក»។ អត្ថបទដដែលនេះ បានចោទចង្អុល​រាជាណាចក្រប៊ែលហ្សិក ថាបានចូលរួម ក្នុងសម្ព័ន្ធ​មិត្ត​អន្តរជាតិ ដើម្បីធ្វើការវាយប្រហារ ទៅលើរដ្ឋអ៊ីស្លាម។

ក្រុមរដ្ឋអ៊ីស្លាម បានសរសេរបញ្ជាក់ទៀតថា៖ «ក្រុមយុទ្ធជន (របស់ក្រុមរដ្ឋអ៊ីស្លាម) បានបើកការបាញ់ប្រហារ នៅផ្នែកខាងក្នុងនៃព្រលានយន្ដហោះ "Zaventem" មុននឹងយុទ្ធជនមួយចំនួន បានទាញគន្លឺះខ្សែក្រវាត់ ដើម្បី​បំផ្ទុះគ្រាប់បែកឡើង»។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមភេរវនិយម បានបន្ថែមថា ដោយឡែក យុទ្ធជន​អត្តឃាត​មួយរូប បានបំផ្ទុះខ្លួន ជាមួយនឹងគ្រាប់បែក នៅក្នុងស្ថានីយរថភ្លើងក្រោមដី ដែលមានឈ្មោះថា «Maelbeek»។

ការវាយប្រហារនេះ បានកើតឡើងនៅបួនថ្ងៃ ក្រោយការចាប់ខ្លួន សាលាហ៍ អាបដេស្លាម (Salah Abdeslam) ដែលជាជនសង្ស័យ​ចុងក្រោយបំផុត ពីក្នុងភេរវកម្ម​ថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ភេរវកម្ម​នៅ​ប៉ារីស កាលពីខែវិច្ឆិកានេះ ក៏​ត្រូវ​បាន​ប្រកាសទទួល​ស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាមដែរ។

សាក្សីជាច្រើននាក់ នៅនឹងព្រលានយន្ដហោះ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក សម្លេង​ផ្ទុះគ្រាប់​បែក​ជា​ច្រើន បានលាន់ឮឡើង នៅនឹងចំណុចចុះឈ្មោះ និងត្រួតពិនិត្យ (Check-in) សម្រាប់អ្នកដំណើរចាកចេញ។ ជន​ម្នាក់ទំនងជាបានស្រែកឡើង ជាភាសាអារ៉ាប់ នៅមុនការវាយប្រហារនេះ។ គ្រាប់បែកបីគ្រាប់ ត្រូវ​បាន​ប្រើ​ប្រាស់ ពីរគ្រាប់ដំបូងផ្ទុះ ក្នុងពេលតែមួយ ខណៈគ្រាប់បែកមួយទៀត មិនបានផ្ទុះឡើងទេ តែត្រូវបានរកឃើញ នៅពេលក្រោយមក។ កញ្ចក់របស់អាគារ បានបែកធ្លាក់ខ្ចាត់ខ្ចាយ ដោយសារកម្លាំងបំផ្ទុះ របស់គ្រាប់បែក។ បណ្ដា​ជន​ច្រើនសិបនាក់ នៅនឹងព្រលានយន្ដហោះ ត្រូវបានជម្លៀសចេញ ហើយអាកាសយានដ្ឋានទាំងមូល បាន​បិទ​ទ្វារ។

ក្រុមអ្នកស៊ើបអង្កេតប៊ែលហ្សិក បានអះអាងថា ការវាយប្រហារខាងលើ (នៅនឹងព្រលានយន្ដហោះ) ជា​ភេរវកម្ម​អត្តឃាត ហើយបានធ្វើឲ្យមនុស្ស ១៤នាក់ស្លាប់ និងយ៉ាងតិច ៩២នាក់រងរបួស។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន «Belga» បានស្រង់ប្រភពច្បាស់ការណ៍មួយ មកអះអាងថា មានអាវុធជាច្រើន ត្រូវបានរកឃើញ នៅ​ក្រោយ​ហេតុការណ៍។

ISIS ប្រកាស​ទទួល​ខុស​ត្រូវ ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

ជនសង្ស័យ​ទាំងបីនាក់ខាងលើ ដែលត្រូវបានប្រព័ន្ធ​​ផ្សព្វផ្សាយក្នុងស្រុក បញ្ចេញ​ឲ្យ​ដឹង​នោះ ជារូបភាព​ដែល​ផ្ដិតចេញ ពីវីដេអូសុវត្ថភាព និងត្រូវបានប្រកាស «អាចយកជាការបាន» ដោយ​នគរបាល និងក្រុម​អ្នក​ស៊ើប​អង្កេត​​ប៊ែលហ្សិក។ ជនម្នាក់ដែលនៅខាងស្ដាំបំផុត នៃរូបថត កំពុងត្រូវបាន​អាជ្ញាធរ​ប៊ែលហ្សិក ស្វែង​រក​ចាប់​ខ្លួន។ ស្បោងពណ៌ខ្មៅ ដែលជននេះ​ដាក់នៅមុខរទេះរុញ មានផ្ទុកដោយគ្រាប់បែក ដែលអាជ្ញាធរបានរកឃើញ «មិន​ផ្ទុះ» នៅពេលក្រោយមក។

ISIS ប្រកាស​ទទួល​ខុស​ត្រូវ ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

» ចំពោះហេតុការណ៍លំអិត ជុំវិញភេរវកម្មមួយកន្លែងទៀត នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី នារាជធានី​ប្រ៊ុយសែល​ដដែល ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូន នៅក្នុងអត្ថបទលើកក្រោយ៕