ដើម្បី​ប្រដៅ​កូន​ស្រី​អាយុ​២ឆ្នាំ ស្រោច​ទឹកក្ដៅ​លើ​គ្នា​រហូត​ស្លាប់

ឪពុកជាតិអូទ្រីស អាយុ២៨ឆ្នាំមួយរូប ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន៤ឆ្នាំកន្លះ ពីបទ​បាន​ស្រោច​ទឹក​ក្ដៅ ទៅ​លើ​កូន​ស្រី​តូច បណ្ដាលឲ្យស្លាប់ នៅប៉ុន្មានថ្ងៃក្រោយមក។ បុរស​ម្នាក់​នេះ បាន​ជ្រើសរើស​យក​វិធី​នេះ ដើម្បី​ធ្វើការ​ពិន័យ ទៅ​លើ​កូន​ខ្លួនឯង ដែលទើបមានអាយុ ២ឆ្នាំ។
ដើម្បី​ប្រដៅ​កូន​ស្រី​អាយុ​២ឆ្នាំ ស្រោច​ទឹកក្ដៅ​លើ​គ្នា​រហូត​ស្លាប់

រូបថតជំនួស៖ ងូតទឹក លាយជាមួយទឹកក្ដៅអ៊ុនៗ នឹងជួយដល់សុខភាព។ (រូបថតឯកសារ)

ជាហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងដែលបានធ្វើឲ្យរញ្ជួល នៅទូទាំងប្រទេសអូទ្រីស។ ប៉ុន្តែទើបតែមកដល់ថ្ងៃសុក្រ កាលពីសប្ដាហ៍មុន ប៉ុណ្ណោះ ដែលតុលាការ​បាន​ចេញ​សាលក្រមសម្រេច កាត់ទោសជនជាប់ចោទ អាយុ២៨ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំកន្លះ ពីបទ​ធ្វើ​ទារុណកម្ម និង​ភាព​ខ្ជីខ្ជា ក្នុងការចិញ្ចឹមកូន។

ក្រោយមូលហេតុថា បុរសជនជាប់ចោទ ចង់ធ្វើការ«ពិន័យ» និងប្រៀនប្រដៅ​កូនស្រីខ្លួនឯង កុមារី ឡេអូនី (Léonie ) ដែលមានអាយុទើបតែបាន ២ឆ្នាំនោះ បុរសជាឪពុកចិត្តអាក្រក់ បានយកកុមារីម្នាក់នេះ ទៅចូល​បន្ទប់​ទឹក ដោយ​ស្រោច​ទឹកក្ដៅ ដែលមានកំដៅជាង៦០អង្សាសេ ទៅលើនាងតូច។

បុរសបានទុកកូន ឲ្យរងភាពខ្លោចផ្សារ ក្រហក់ក្រហាយ រហូតលុះត្រាស្អែកឡើង (រយៈពេល២៨ម៉ោងក្រោយ) ទើបសម្រេចចិត្តនាំកូន ទៅកាន់មន្ទីរពេទ្យ។ តែការខ្វាយខ្វល់ ពីកូនស្រីដ៏តូចរបស់ខ្លួននេះ វាបានកើតឡើង​​ហួស​ពេលទៅហើយ ព្រោះនាងតូចបានស្លាប់ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ បានបន្តិច។

តែងតែដាក់​ពិន័យកូនតូចរបស់ខ្លួនដូច្នេះ....

នៅក្នុងសវនាការ ជនជាប់ចោទ បានពន្យល់ថា ខ្លួនតែងបានធ្វើការ«ពិន័យ»កូនខ្លួនឯង ដោយយក​នាង​ទៅ​ងូត​ទឹក ដោយបាញ់ទឹកត្រជាក់ដាក់ (Editor's Note៖ ជាទូទៅ នៅក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់ប្រទេសនានា ក្នុង​ទ្វីប​អ៊ឺរ៉ុប គេប្រើទឹកមានកម្ដៅអ៊ុនៗ ដើម្បីយកមកងូតទឹក។ នៅក្នុងលំនៅដ្ឋាននីមួយៗ ចាំបាច់ត្រូវមានទឹកក្ដៅ ដោយ​ម៉ាស៊ីនកម្ដៅ ឬដាំទឹកងូត។ ការងូតទឹកត្រជាក់ អាចនឹងធ្វើឲ្យឈឺ។)។ ជនជាប់ចោទដដែល បាននិយាយ​ទៀត​ថា តែនៅថ្ងៃកើតហេតុ ខ្លួនបានប្រហែស ដោយបើកទឹកក្ដៅជាជំនួសវិញ។

ចំណែកឯស្ត្រីជាភរិយា ដែលជាម្ដាយរបស់នាងតូចរងគ្រោះ ក៏ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន១ឆ្នាំដែឬ (ព្យួរទោស៨ខែ) ពីបទឃុបឃិត និងមិនយកអាសារ ជនរងគ្រោះ នៅក្នុងខណៈមានអាសន្ន (Editor's Note៖ នៅប្រទេសជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុប ការមើលឃើញ ឬដឹងថាមានជនរងគ្រោះ កំពុងត្រូវ​ការ​ជំនួយ ហើយ​បែរ​ជា​ធ្វើ​មិនដឹង និងមិនយកអាសារនោះ នឹងត្រូវមានទោស)៕