បែ មករា ​បក​ស្រាយ​ជុំ​វិញ​កីឡាករ​បឹង​កេត​៤​នាក់​​គ្មាន​វត្តមានជា​​មួួយ​​ជម្រើស​ជាតិ​ប៉ះ​ស៊ីរី

​​លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បឹង​កេត​អង្គរ​​បាន​បក​ស្រាយ​ជុំ​វិញ​​កីឡាករ​បឹង​កេត​អង្គរ​ចំនួន ៤​នាក់ ​ទូច បញ្ចរ៉ុង, ​ស៊ូ យ៉ាទី, ​រស់ សំអឿន និង​​ ចាន់ វឌ្ឍនាកា​ ដែល​​មិន​បាន​ចូល​រួម​ដំណើរ​ជា​មួយ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ដើម្បី​ប្រកួត​ជា​មួយ​ក្រុម​ស៊ីរី នៃ​យុទ្ធនាការ​ជម្រុះ​ World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។

 បែ មករា ​បក​ស្រាយ​ជុំ​វិញ​កីឡាករ​បឹង​កេត​៤​នាក់​​គ្មាន​វត្តមានជា​​មួួយ​​ជម្រើស​ជាតិ​ប៉ះ​ស៊ីរី​​​លោក បែ មករា

 

​​​លោក បែ មករា បាន​ឲ្យ​ដឹង​តាម​ទូរសព្ទ​ថា ​​​កីឡាករ​របស់​បឹង​កេត​អង្គរ​​ចំនួន ៣​នាក់​រួម​មាន​​ រស់ សំអឿន, ​ទូច បញ្ចរ៉ុង និង​​ស៊ូ យ៉ាទី ត្រូវ​បាន​លោក​ Lee Tae Hoon ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាត់​ឈ្មោះ​ចេញ​​ពី​បញ្ជី​ឈ្មោះ​​​​កីឡាករ​​២៣​នាក់​ចុង​ក្រោយ។ ​ចំណែក​កីឡាករ​ ចាន់ វឌ្ឍនាកា វិញ​​​​លោក​បាន​ទទួល​ទូរសព្ទ​ពី​កីឡាករ​រូប​នេះ​​ផ្ទាល់​ថា រូប​គេ​មាន​របួស​ចង្កេះ​​ហេតុ​នេះ​សុំ​​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ។

 

​លោក​បន្ត​ថា ជុំ​វិញ​បញ្ហា​ពាក់ព័ន្ធ​ នឹង​​​​​ ចាន់ វឌ្ឍនាកា ​​លោក​បាន​​ទាក់​ទ​ង​ទៅ​លោក ឆាំង​ ពិសិដ្ឋ​​ អ្នក​ចាត់​ការ​​ក្រុម​ជម្រើស​ជាតិ​​តាំង​ពី​មុន​ពេល​ក្រុម​​ជម្រើស​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​មក​ម្លេះ​​ ដើម្បី​សុំ​​ឲ្យ​កីឡាករ​រូប​នេះ​​​ដក​ខ្លួន។ ជា​មួយ​គ្នា​នោះ​​​លោក ឆាំង​ ពិសិដ្ឋ សុំ​ជួប​​​ ចាន់​ វឌ្ឍនាកា ​​ដើម្បី​ចង់​បាន​មូល​ហេតុ​​ផ្ទាល់ខ្លួន​​។​ ទី​បំផុត​​​​កីឡាករ​ឆ្នើម​របស់​ក្រុម​បឹង​កេត​អង្គរ​រូប​នេះ​បាន​ទំនាក់​ទំនង​មក​លោក បែ មករា វិញ​ថា ​​លោក​ ឆាំង​​ ពិសិដ្ឋ បាន​​អនុញ្ញាត​រួច​ហើយ​ ព្រម​ទាំង​បាន​​និយាយ​ប្រាប់​អ្នក​ចាត់​ការ​​របស់​ខ្លួន​​ថា «មិន​អី​ទេ​បង»។

 

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ទៅ​​ប្រទេស​អូម៉ង់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៦ ​ដោយ​អវត្តមាន​កីឡាករ​​កីឡា​សំខាន់​ៗ មួយ​ចំនួន​ ប៉ុន្តែ​លោក Lee Tae Hoon ​បាន​អះអាង​ថា ​អវត្តមាន​​កីឡាករ​សំខាន់​ទាំង​​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ក្រុម​របស់​លោក​ឡើយ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​