ចូល​ពន្លត់​ភ្លើងព្រៃ​ឆេះ​ចម្ការ​ម្នាក់ឯង ជួប​គ្រោះ​អកុសល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់

ចូល​ពន្លត់​ភ្លើងព្រៃ​ឆេះ​ចម្ការ​ម្នាក់ឯង ជួប​គ្រោះ​អកុសល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់



ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ស្ទើរ​មើល​មិន​យល់ នៅ​ក្នុង​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់​ខ្លួន ដែល​នៅ​ចម្ងាយ​ពី​ភូមិ​ប្រហែល​៤​ទៅ​៥​គីឡូម៉ែត្រ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេ​សង្ស័យ​ថា គាត់រ​ត់ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​រាល​មក​ឆេះ​ចម្ការ​របស់​ខ្លួន ហើយដោយ​សារ​ទាក់​ដួល​ងើប​មិន​រួច ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​តែ​ម្តង ។

ការ​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​នេះ គឺ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា កន្លង​ទៅ នៅ​ក្បែរ​បន្ទាយ​យោធា​វរ​សេនា​តូច​លេខ​៥០៧ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជ ម៉ា​ញ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​យ៉ា​ខា បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ណឹ​ប លាង អាយុ​៣៥​ឆ្នាំ ជា​ចុងភៅ​នៅ​បន្ទាយ​យោធា​ខាងលើ មាន​ប្តី​ឈ្មោះ ឈឺ ធី អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា ហើយ​ប្តី​ប្រពន្ធ​នេះ​ស្នាក់​នៅ​ក្នុង​បន្ទាយ ។ ប្រភព​ដដែល​បន្ត​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អាកាសធាតុ​ក្តៅ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ក៏​មាន​អ្នក​ដុត​ព្រៃ​ក្បែរ​ចម្ការ​នោះ​ជា​ញឹកញាប់​ដែរ​។ ដោយឡែក​នៅ​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅ ភ្លើងព្រៃ​បន្ត​ឆេះ​លើ​ភ្នំ​ក្បែរ​ចម្ការ​តា​ង៉ែ​ន​របស់​ពួក​គាត់ និង​បាន​នាំ​គ្នា​ទៅ​ពន្លត់​ម្តង​រួច​ហើយ ។

លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា​នោះ ខណៈ​ប្តី​គាត់​ជាប់រវល់​ទៅ​ទិញ​សម្ភារ​នៅ​ឯ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ប្រហែលជា​ស្ត្រី​រង​គ្រោះ​ឃើញ​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​រាលដាល​ចូល​ទៅ​ឆេះ​ចម្ការ​របស់​ខ្លួន ទើបរ​ត់ទៅ​ម្នាក់ឯង​ដើម្បី​ពន្លត់ភ្លើង​នោះ តែ​ជា​អកុសល​ដោយសារ​ទាក់​ជើង​នឹង​វល្លិ​ដួល​សន្លប់​នៅ​នឹង​កន្លែង ទើបត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ ។

ចំណែក​លោក ឈឺ ធី ជា​ប្តី​ស្ត្រី​រង​គ្រោះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​មិន​បានដឹង​ថា ប្រពន្ធ​ទៅ​កន្លែង​ភ្លើង​ឆេះ​ចម្ការ​នោះ​ឡើយ លុះ​ពេល​ត្រឡប់​មកពីផ្សារ​ដល់​បន្ទាយ​វិញ ស្រាប់តែ​បាត់​ប្រពន្ធ  ហើយ​សួរនាំ​មិត្តភក្តិ ជា​យោធា​នៅ​ក្នុង​បន្ទាយ ក៏​គ្មាន​នរណា​ដឹង​ថា​ទៅ​ណា​ឡើយ ។ ប្រពន្ធ​គាត់​បាន​បាត់​ខ្លួន​អស់​១​យប់ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្រពន្ធ​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ធ្វើ​ឱ្យ​គាត់​មានការ​តក់ស្លុត​រន្ធត់​ក្នុង​ចិត្ត ហើយ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះ​អកុសល​នេះ ៕