សំណុំរឿងលោកកឹ​ម សុខា ACU ​នឹង​សម្រេច​ថ្ងៃ​២៤មីនា ខណៈ​សភា​ឱ្យ​ចូល​បំភ្លឺ

សំណុំរឿងលោកកឹ​ម សុខា ACU ​នឹង​សម្រេច​ថ្ងៃ​២៤មីនា ខណៈ​សភា​ឱ្យ​ចូល​បំភ្លឺ



រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​វិភាគ​លើ​បណ្តឹង​របស់​ក្រុម​និស្សិត​ប្តឹង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ផ្ដល់​លុយ​ឲ្យ​ស្រី​ស្នេហ៍​ទិញ​ផ្ទះ និង​ដី ហើយ​អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​រួច​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រកាស​ជំហរ​ថា ទទួល​ឬ​មិន​ទទួល​បណ្តឹង​នេះ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ មីនា​ខាង​មុខ ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ថា អង្គភាព​ប្រឆាំង​នឹង​ប្រកាស ទទួល​ឬ​មិន​ទទួល​នៅ​ថ្ងែ​ទី​២៤ ខែមីនា វេលា​ម៉ោង​៩​ព្រឹក ហើយ​ពេល​នោះ​នឹង​មានការ​ចូលរួម​ពី​ដើមបណ្តឹង​ផង​ដែរ ។

លោក​បញ្ជាក់​ថា «​បើ​ក្នុង​សំណុំរឿង​របស់​លោក កឹ​ម សុខា មាន​ភស្តុ​តាង​ស្របច្បាប់ ហើយ​តាម​ច្បាប់​អាច​ប្រើប្រាស់​នោះ អង្គភាព​នឹង​ធ្វើ​កោសល្យវិច័យ ព្រោះថា អង្គភាព​ត្រូវការ​ភាព​ច្បាស់លាស់ មុន​នឹង​បញ្ជូន​ទៅ​តុលាការ ។ បើ​ភស្តុ​តាង​យើង​មាន​តែ​មួយ យើងខ្ញុំ​មិន​លេង​ចូល​ទេ អាច​មាន​លើស​ពីរ​ឡើង​ទៅ ។ ខ្ញុំ​នឹង​យក​ភស្តុ​តាង​ដំបូង ទី​១-​គឺ​៣​មិន​របស់​គាត់ (​មិន​ឆ្លើយ មិន​ឆ្លង មិន​តប​) ទី​២-​ធ្វើ​កោសល្យវិច័យ​លើ​សំឡេង​ឆ្លង​ឆ្លើយ កាន់តែ​ល្អ​ជាង​នេះ បើ​យើងខ្ញុំ មាន​ភស្តុ​តាង​ផ្សេង​ទៀត​កាន់តែ​ល្អ​សម្រាប់​យើងខ្ញុំ » ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង លើក​ឡើង​ទៀត​ថា លោក កឹ​ម សុខា មាន​សិទ្ធិ​ឆ្លើយ​ថា អត់ ។ ប៉ុន្តែ​បើ​អង្គភាព​រក​ឃើញ​ភស្តុ​តាង​លោក​មិន​អាច​ធ្វើការ​បដិសេធ​បាន​ទេ ។ ដូច​ជា​ក្នុង​ករណី​ដែល​រក​ឃើញ​លេខ​ទូរស័ព្ទ​និយាយ​គ្នា​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃនេះ ។ អង្គភាព​នឹង​ធ្វើ​លិខិត​ទៅ​កាន់​ក្រុមហ៊ុន​ថា លេខ​ទូរស័ព្ទ​នេះ និង​លេខ​ទូរស័ព្ទ​នោះ​ទាក់ទង​គ្នា​ពិតមែន ឬ​អត់ ។

លោក​ទេស​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ការ​រក​ភស្តុ​តាង​អង្គភាព​នឹងរ​កតាម​ពាក្យ​ចចាមអារ៉ាម​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន ពាក្យ​ប្តឹង និង​ប្រើ​ចារកម្ម​ដាក់​កម្លាំង ។ លោក​ថា ទោះបីជា​ភស្តុ​តាង​ក្តី ប៉ុន្តែ​បើ​គ្មាន​តម្រុយ​បន្តិច​ទេ យើង​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ភស្តុ​តាង​ដែល​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ចម្បង​នោះ គឺ​សំឡេង​ឆ្លើយឆ្លង​តាម​ខ្សែអាត់ ។ លោក​បញ្ជាក់​ថា «​អុ​ី​ចឹ​ង​យើង​សង្កត់​រក​ភស្តុ​តាង​បន្ថែម​មុន​ធ្វើការ ស្រាវជ្រាវ ។ ខ្ញុំ​ជម្រាប​ថា ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ មីនា យើងខ្ញុំ​នឹង​ជម្រាប​ជូន​ព័ត៌មាន​ទទួល​ពាក្យបណ្តឹង ឬ​មិន​ទទួល ព្រោះ​នាយកដ្ឋាន​យើងខ្ញុំ​មាន​ពេលវេលា​មួយ​ថ្ងៃ​ទៀត ក្នុង​ការ​ធ្វើ​កោសល្យវិច័យ និង​ក្រុម​ចារកម្ម ។ បើ​យើងខ្ញុំ​ទទួល​ពាក្យបណ្តឹង យើងខ្ញុំ​ទទួល​ធ្វើ​ត្រឹម​ប៉ុណ្ណា​និង​ធ្វើការ​ឆ្លើយ​ទៅ​ម្ចាស់​បណ្តឹង​វិញ ដោយ​បើកចំហ​» ។

យ៉ាងណា​ក្តី​លោក ឱម យ៉ិ​ន​ទៀង លើក​ឡើង​ថា​ក្នុង​ករណី​សំណុំរឿង​មិន​ជាក់ស្តែង អង្គភាព​មិន​អាច​ឃុំខ្លួន មិន​អាច​ចោទប្រកាន់ មិន​អាច​ឃាត់ខ្លួន និង​ចាប់ខ្លួន​បាន​ទេ ។ ប៉ុន្តែ​អង្គភាព​អាច​ពិភាក្សា​គ្នា​ក្នុង​ការ​ហែក​សំបុត្រ​ប្រកាស
ទ្រព្យសម្បត្តិ​របស់​លោក កឹ​ម សុខា  ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ដឹង​ទៀត​ថា អង្គភាព​នឹង​ធ្វើ​លិខិត​ទៅ​កាន់​លោក កឹ​ម សុខា ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​នៃ​ការ​ចោទប្រកាន់​របស់​ក្រុម​និស្សិត ប៉ុន្តែ​អង្គភាព មិន​សួរនាំ​លើ​បញ្ហា​មាន​ស្រី​នោះ​ទេ ។

លោកស្រី ចំរើន តំណាង​ឲ្យ​និស្សិត​លើក​ឡើង​ថា​លោក​និង​និស្សិត​នៅ​តែ​រង់ចាំ​លទ្ធផល​ពី​ការ​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក​និង​និស្សិត​ផ្សេង​ទៀត នឹង​នៅ​តែ​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ធ្វើការ​បំភ្លឺ​រហូត ។

លោក​បញ្ជាក់​ថា «​ដ៏​រាប​ណា​លោក កឹ​ម សុខា មិន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​យើងខ្ញុំ​ទេ ខ្ញុំ​នឹង​ទៅ​តាម​លោក​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​គាត់​បំភ្លឺ​ជុំវិញ​ខ្សែអាត់​សំឡេង​នេះ ហើយ​បើសិន​លោក​មិន​ព្រម​បកស្រាយ​តាម​វេទិកា​ទេ ខ្ញុំ​នឹង​មាន​ចំណាត់ការ​ក្តៅ​មួយទៀត​ក្នុង​ការ​ទាមទារ​ឲ្យ​លោក​បកស្រាយ​រឿង​ពិត​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី ចំរើន បាន​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ឆ្លើយ​តប​នៅ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​វិភាគ​លើ​បណ្តឹង​របស់​ក្រុម​និស្សិត​ប្តឹង​លោក កឹ​ម សុខា មន្ត្រី អ្នក​ច្បាប់​មួយ​ចំនួន​បាន​លើក​ឡើង​ថា ករណី​របស់​លោក កឹ​ម សុខា មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុក​រលួយ​នោះ​ទេ ព្រោះថា ជា​រឿង​បុគ្គល ។ ប៉ុន្តែ​ក៏​មាន​មន្ត្រី​ផ្សេង​ទេ លើក​ឡើង​ថា​ប្រសិនបើ​អង្គភាព​រក​ឃើញ​នោះ​ទាក់ទង​នឹង​ការ​ចំណាយ​ប្រាក់​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​ដែល​លោក​ប្រកាស​នៅ​អង្គភាព​នោះ​អាច​ជាប់​ពាក់ព័ន្ធ ។

សូម​រំឭក​ថា កាលពី​ស​ប្ដា​ហ៍​មុន យុវជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោកស្រី ចំរើន មាន​គ្នា​ប្រមាណ​៣០​នាក់​ដែល​អះអាង​ថា ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ក្រុម​យុវជន​អះអាង​ថា ពួក​គេ​សង្ស័យ​ថា លោក កឹ​ម សុខា ប្រធាន​ស្តី​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​លុយ​ឲ្យ​ស្រី​ស្នេហ៍ ទិញ​ផ្ទះ និង​ដី ហើយ​អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ។

តំណាង​ក្រុម​យុវជន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​លើ​សំឡេង​ខ្សែអាត់ ដែល​ត្រូវ​គេ​អះអាង​ថា ជា​ការ​សាសង​រវាង​លោក កឹ​ម សុខា ជាមួយ​នារី​កំណាន់ចិត្ត​ដោយ​អត្ថន័យ​នៃ​ខ្សែអាត់​នោះ​ក៏​មានការ​លើក​ឡើង​ពី​ការ​ទិញ​ដី និង​ផ្ទះ​ឲ្យ​នារី​នោះ​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៤ ខែមីនា យុវជន​ក្រុម​នេះ​ក៏​បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​កោះហៅ​លោក កឹ​ម សុខា ចេញ​មុខ​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​នោះ​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​២១ មីនា រដ្ឋសភា ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក កឹ​ម សុខា តំណាងរាស្ត្រ​មណ្ឌល កំពង់ចាម​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​ញត្តិ​របស់​តំណាង​យុវជន និង​និស្សិត​ដដែល​នេះ​ចុះ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ ។

យោង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ឯក​ឧត្តម​មេត្តា​ជ្រាប​ថា រដ្ឋសភា​បាន​ទទួល​ញត្តិ​ស្នើ​សុំ​របស់​លោក ស្រី ចំរើន តំណាង​យុវជន និង​និស្សិត​ដែល​មាន​ខ្លឹមសារ​ស្នើ​សុំ​ឲ្យ​ឯកឧត្តម​ឆ្លើយ​បំភ្លឺ ចំពោះ​ខ្សែអាត់​សំឡេង​ស្នេហា​អ​សីលធម៌ ដែល​សង្ស័យ​ថា​ជា​សំឡេង​របស់​ឯកឧត្តម » ។

លិខិត​ដដែល​លើក​ឡើង​ថា តាម​លិខិត​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ​ហើយ​លោក ងួ​ន ញ៉ិល ប្រធាន​ស្តីទី​រដ្ឋសភា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​អគ្គលេខាធិការដ្ឋាន​បញ្ជូន​ញត្តិ​នេះ​ជូន​លោក ។

ទាក់ទិន​នឹង​លិខិត​រដ្ឋសភា​ស្នើ​សុំ​ឲ្យ​លោក​កឹ​ម សុខា បំភ្លឺ​ជំវិញ​ខ្សែអាត់​សំឡេង​នោះ ត្រូវ​បាន​លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​អស់​សំណើ​មួយ​ដែល​សភា​លូកដៃ​ក្នុង​រឿង​ផ្ទៃក្នុង​បុគ្គល ៕