មេការ​សំណង់​គេ​ប្តឹង​ទារ​ជាង​១​ម៉ឺ​ន​ដុល្លារ ចាក់​សាំង​ដុត​ខ្លួនឯង

មេការ​សំណង់​គេ​ប្តឹង​ទារ​ជាង​១​ម៉ឺ​ន​ដុល្លារ ចាក់​សាំង​ដុត​ខ្លួនឯង



ខេត្តកណ្ដាល ៖ មេការ​សំណង់​ជនជាតិ​វៀតណាម​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ ក៏​បាន​គិត​ខ្លី​ធ្វើ​អត្តឃាត ដោយ​ចាក់​សាំង​ស្រោច ហើយ​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ចំណុច​ទួល​ក្រហម​ក មាត់បឹង​ត្នោត​ខាងលិច​ស្ថិត​ក្នុងភូមិ​កំពង់​ព្រីង ឃុំ​សិ​ត្បូ ស្រុក​ស្អាង​។ សាកសព​បាន​ឆេះ​រោល​ខ្មៅ ត្រូវ​បាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២១ មីនា ។

ពេល​ប្រទះ​ឃើញ​សាកសព​ភ្លាម​ៗ​គេ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ហើយ​យក​សាកសព​ទៅ​ដុត ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​បង្ហាញ​ថា ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​សាងសង់​ផ្ទះ​ឱ្យ​គេ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​គេ​ប្ដឹង​ឱ្យ​សង​ជាង​១​ម៉ឺន​ដុល្លារ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​ធ្វើ​អត្តឃាត​ឈ្មោះ ហាង យ៉ាំ​ង​ឃឿ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​វៀតណាម ជា​ជាងសំណង់ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​រាស សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​ថា កន្លង​ទៅ​មេជាង​វៀតណាម​រូប​នេះ បាន​ប៉ង​ធ្វើ​អត្តឃាត​១​លើក​រួច​មក​ហើយ ដោយ​យក​កាំបិត​អារ​ដៃ​ខ្លួនឯង ប៉ុន្តែ​ត្រូវ​គេ​ជួយ​ឃាត់​ទាន់​។ មូលហេតុ​បង្ក​ជា​វិបត្តិ​នេះ ទំនងជា​រក​លុយ​សង​គេ​មិន​បាន ពិបាកចិត្ត​ខ្លាំង​ពេក គិត​មិន​ចេញ​ផឹកស្រា​ជា​ប្រចាំ ស្ទើរ​ក្លាយជា​មនុស្ស​វិកល​ចារឹក​ទៅ​ហើយ ។

ស្ដ្រី​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​ថា នៅ​ថ្ង​ទី​២០ មីនា ប្ដី​គាត់​រូប​នេះ បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​មក​ឃុំ​សិ​ត្បូ ស្រុក​ស្អាង កន្លែង​ធ្វើ​សំណង់ ។ រហូត​ដល់​ម៉ោង​១០​ព្រឹក ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្ដី​មិន​ចូល​សោះ លុះ​ពេល​ល្ងាច​ក៏​មក​តាម​រក​ទៀត ប៉ុន្តែ​រក​មិនឃើញ ។

លុះដល់​ថ្ងៃ​ទី​២១ មីនា វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ក្មេង​ឃ្វាលគោ​បាន​ប្រទះ​ឃើញ​សាកសព​ភ្លើង​ឆេះ​រោល​ខ្មៅ នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ប្រមាណ​២​ពាន់​ម៉ែត្រ នៅ​ចំណុច​ទួល​ក្រហម​ក មាត់បឹង​ត្នោត​ខាងលិច​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ព្រីង​ឃុំ​សិ​ត្បូ ស្រុក​ស្អាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ហើយ​កម្លាំង​ជំនាញ​បច្ចេកទេស​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដុត​ខ្លួនឯង​មែន ។ នៅ​កន្លែង​សាកសព មាន​ម៉ូតូ​របស់​ជន​រង​គ្រោះ មាន​ដប​ស្រា​មួយ​នៅ​លើ​នោះ​និង​ស្បោង​ខ្មៅ​មួយ សង្ស័យ​ជា​ស្បោង​ច្រក​សាំង​មក​ចាក់​ដុត​ខ្លួន ។ នគរបាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កន្លង​ទៅ​កាលពី​ថ្ងៃ​ទី​១១ មីនា វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ឈ្មោះ ហាង យ៉ាំ​ង​ឃឿ​ង បាន​អារ​ដៃ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ម្ដង​រួច​មក​ហើយ​នៅ​ឃ្លាត​ពី​កន្លែង​កើតហេតុ​នេះ ប្រហែល​៥០០​ម៉ែត្រ ។ ប៉ុន្តែ​បាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ក៏​ប្រាប់​បងប្អូន​ឱ្យទៅ​ជួយ​សង្គ្រោះ​នាំ​ទៅ​ពេទ្យ ។

តាម​ការ​អះអាង​របស់​ប្រពន្ធ​សព​ថា ប្ដី​របស់​ខ្លួន​មួយ​រយៈ​នេះ​ពិបាកចិត្ត​ខ្លាំង មាន​អាការ​ប្លែក​ៗ ចេះ​តែ​ភ​យ័​ៗ​ហើយ​រត់ និង​ប្រាប់​ថា មាន​គេ​ដេញ​ចាក់​សម្លាប់ ។

បន្ទាប់​ពិនិត្យ​រួច​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ទទួលស្គាល់​ថា​ជន​រង​គ្រោះ ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ។ បន្ទាប់​មក​នគរបាល​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕